ភ្នំពេញ៖ ក្នុងថ្ងៃទី ២៣មេសានេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យដើម្បីដកស័ក្ដ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងលុបឈ្មោះចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោកស៊ុំ ពៅ ត្រូវបានចាប់ខ្លួនពីបទ លួចនាំជនជាតិចិន ២៨នាក់ ឆ្លងកាត់ខេត្តកាលពីថ្ងៃទី ២២មេសា បំពានបម្រាមរបស់នាយករដ្ឋមន្រ្តី។
មន្ដ្រីនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕