​វត្ត​ចំនួន១៤២ ទូទាំង​រាជធានី​ភ្នំពេញ ទទួលបានទេយ្យទាន ពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី

រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ​​បានឲ្យតំណាង នាំយកនូវតេយ្យទាន ​ប្រគេន​ដល់​ព្រះសង្ឃ​ នៅតាម​វត្ត​ចំនួន ១៤២ ទូទាំង​រាជធានី​ភ្នំពេញ ក្នុងស្ថានភាពដែលតំបន់នេះ កំពុងបិទខ្ទប់។

ដើម្បីដោះស្រាយបញ្ហាខ្វះស្បៀងអាហារនៅតាមទីវត្តអារាម ក្នុងដំណាក់កាល​ ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ចូល​ក្នុង​សហគមន៍​ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល នោះ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា ​បាន​ចាត់​ឲ្យ​តំណាង​របស់​លោក ​នាំយក​នូវ​អំណោយ​ទេយ្យទាន​មួយចំនួន​ធំ​ ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​នៅ​គ្រប់​វត្ត​ចំនួន ១៤២ វត្ត​ក្នុង​រាជធានី​ភ្នំពេញ។

តាមការបញ្ជាក់ពីក្រសួងព័ត៌មាន បានលើកឡើងថា៖ «ដោយ​ថ្ងៃ​ដំបូង​នេះ​ បាន​ប្រគេន​ចំនួន ៤១ វត្ត​សិន ហើយ​ក្រុម​ការងារ​នឹង​ជំរុញ​ប្រគេន​ឱ្យបាន​គ្រប់ ១៤២ វត្ត​ក្នុង​រយៈពេល ២ ឬ ៣ ថ្ងៃ​ខាង​មុខ​នេះ»៕ ដោយ​ក្នុង​១​វត្តៗ​ទទួលបាន​

១-​អង្ករ​ចំនួន​១​តោន​មាន​២០​បេ​(​ក្នុង​១​បេ​មាន ៥០​គីឡូ​) ២-​ត្រីខ​ចំនួន​២​កេស​មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង​២៤៨ កេស ៣-​មី​ជាតិ​ចំនួន​២០​កេស​ ៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន​១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​) ៥-​ទឹកដោះគោ​ខាប់​ចំនួន​២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​)  ៦-​កាហ្វេ​ចំនួន​៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)៧១០​កញ្ចប់​ធំ ៧-​តែ​ចំនួន​២​គីឡូក្រាម​២៤៨ គីឡូ ៨-​ស្ករស​ចំនួន​១​បេ​(​មាន ២៥ គីឡូក្រាម​) ៩-​អំបិល​ចំនួន​១​បេ​(​មាន​១០​គីឡូក្រាម​) ១០-​ទឹកត្រី​ចំនួន​៥​យួរ​(​ក្នុង​១​យួរ​មាន​៦ ដប​) ១១-​ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​) ១២-​ប៊ីចេង​ចំនួន​១​បេ​(​មាន​២៥​គីឡូក្រាម​)៕