ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ដោយសារកូវីដ១៩ចំនួន ៥នាក់បន្ថែមទៀត និងករណីរកឃើញអ្នកឆ្លងថ្មីចំនួន ៣០៣នាក់ ក្នុងថ្ងៃនេះផងដែរក៏មានអ្នកជាសះស្បើយ ២៣៩នាក់។
ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈពេលនេះក្រុងភ្នំពេញនិងក្រុងតាខ្មៅ កំពុងស្ថិតក្នុងវិធានការបិទខ្ទប់ដល់ថ្ងៃ២៨មេសា។
សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(២លានដូស) ហើយរដ្ឋាភិបាលបញ្ជាក់ថា នឹងមានមកជាបន្តបន្ទាប់ទៀត។
គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៨៩៣នាក់ និងអ្នកដែលបានជាសះស្បើយ ២៧៩៤នាក់ ហើយទីតាំងដែលត្រូវកំណត់ថា មានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។ ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំផ្សារមួយចំនួន និងបណ្ដុំរោងចក្រ។ ចំណែកខេត្តព្រះសីហនុ ក្នុងពេលចុងក្រោយនេះគឺចំនុចឆ្លងនៅផ្សារលើ ដែលមានអ្នកឆ្លងជាង២០០នាក់។
ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មកត្រឹមថ្ងៃនេះមានចំនួនសរុប ៥៤នាក់៕