អតីតថា្នក់ដឹកនាំ CNRP ៧នាក់ ទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឱ្យ លោក យ៉ែម បុញ្ញឫទ្ធិរួមទាំងថ្នាក់ដឹកនាំ ចំនួន៦រូបផ្សេងទៀត  ដែលជាអតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ(CNRP) ។ 

អតីតថ្នាក់ដឹកនាំ នៃអតីត CNRP ដែលទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញនេះ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ ផាន់ណេត

ព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គមទូលថ្វាយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានការស្នើសុំដោយ អតីតថ្នាក់ដឹកនាំ នៃអតីត CNRP ទាំងនោះទៅកាន់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូលផងដែរ៕