លោក Bill Gates ដែលត្រូវបានគេស្គាល់ថាជា អតីតមហាសេដ្ឋី Microsoft បើទោះបីជាបច្ចុប្បន្ននេះលោក បានផ្ដោតលើការងារសម្បុរសធម៌ក៏ដោយ ហើយក៏មានមុខជំនួញជាច្រើនកាន់នៅក្នុងដៃរបស់លោកផងដែរនោះ លោកក៏ត្រូវបានមហាជននៅទូទាំងពីភពលោក មើលឃើញថាលោកជាបុគ្គលដែលមានចំណេះ និងឆន្ទៈខ្ពស់ក្នុងការជួយលើកទឹកចិត្តដល់យុវវជន ឱ្យមានស្មារតីខ្ពស់ និងការអភិវឌ្ឍន៍ផ្នែកគំនិតស្មារតី។ ខាងក្រោមនេះគឺជាការសម្រង់សម្ដីមាសទាំង១០ឃ្លារបស់លោក Bill Gates៖
១.ដើម្បីទទួលបានជ័យជំនះធំធេង ពេលខ្លះអ្នកត្រូវតែហ៊ានប្រថុយ៖ គ្មានភាពជោគជ័យណាដែលរត់មក រកមនុស្សដែលមិនបានធ្វើអ្វីសោះ ហើយមិនហ៊ានប្រថុយនោះទេ ដូច្នេះហើយអ្នកត្រូវតែហ៊ានសាកល្បងប្រថុយជាមួយរឿងទាំងនោះ។
២. បើខ្វះដើមទុនរកស៊ីអាចខ្ចីគេបាន ប៉ុន្តែបើខ្វះជំនឿចិត្តខ្ចីមិនបានទេ៖ ជាក់ស្ដែងបើយើងមានការខ្វះខាតដើមទុនរកស៊ីអ្នកអាចខ្ចីគេបានដើម្បីបើករបរ ក៏ប៉ុន្តែប្រសិនបើអ្នកខ្វះជំនឿចិត្តអ្នកមិនអាចខ្ចីអ្នកណាម្នាក់បានឡើយ។
៣.អ្នកនឹងមើលងាយខ្លួនឯងប្រសិនបើអ្នកប្រៀបខ្លួនជាមួយអ្នកដទៃ៖ ការយកខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃបានន័យថាអ្នកកំពុងតែមើលងាយសមត្ថភាពរបស់អ្នក។
៤.ស្ដាប់ពាក្យរិះគន់គឺជាវិធីសាស្រ្តល្អ៖ ចូរអ្នកស្ដាប់ការរិះគន់ដោយមានសតិបញ្ញា ដើម្បីយកការរិះគន់ទាំងនោះមកអភិវឌ្ឍន៍ខ្លួនឯង។
៥.ជារឿងល្អដែលយើងអបអរភាពជោគជ័យខ្លួនឯង៖ ការអបអរភាពជោគជ័យគឺជារឿងល្អមួយ ក៏ប៉ុន្តែសូមកុំភ្លេចគិតពីមេរៀនបរាជ័យផង កុំឱ្យការបរាជ័យបកមកផ្ដួលអ្នកម្ដងទៀត។
៦.ជោគជ័យគឺជាគ្រូដ៏គម្រក់មួយ៖ ក៏ព្រោះតែភាពជោគជ័យ បានធ្វើឱ្យមនុស្សពូកែៗមួយចំនួនបានឈ្លក់វង្វេងនឹងវា ហើយគិតថាពួកគេគ្មានថ្ងៃបរាជ័យនោះទេ។
៧.កុំមើលងាយមនុស្សល្ងង់៖ វាសនាជារឿងដែលមើលមិនឃើញ ដំណើរទៅរកភាពជោគជ័យរបស់មនុស្សក៏មិនដូចគ្នាដែរ ដូច្នេះហើយបច្ចុប្បន្នអ្នកអាចមើលឃើញថាគេជាមនុស្សឆោតល្ងង់ ប៉ុន្តែទៅថ្ងៃខាងមុខអ្នកអាចធ្វើការឱ្យពួកគេផងក៏មិនដឹង។
៨.ជីវិតមិនយុត្តិធម៌រហូតទេ៖ ពេលបច្ចុប្បន្នអ្នកអាចជាមនុស្សដែល កំពុងយល់ថាខ្លួនឯងទទួលបានភាពយុត្តិធម៌បំផុត តែអ្នកត្រូវរៀនស៊ាំជាមួយការប្រែប្រួលឱ្យហើយទៅព្រោះជីវិតមិនយុត្តិធម៌តែរហូតនោះទេ។
៩.ពាក្យរិះគន់របស់អតិថិជនគឺជាមេរៀន៖ ប្រសិនបើអ្នកមានអតិថិជនច្រើន ហើយអ្នកទទួលបានពាក្យរិះគន់ដូចៗគ្នា នោះមានន័យថាចំណុចនោះហើយដែលអ្នកត្រូវយកមកកែតម្រូវ។
១០.កុំអនុញ្ញាតិឱ្យគំនិតអ្នកដទៃទាញអ្នកចុះ៖ គេគិតផ្ទុយពីអ្នកក៏ព្រោះតែគេមិនមែនជាអ្នក ហើយគេមិនជឿលើសមត្ថភាពរបស់អ្នកក៏ព្រោះតែគេមិនទាន់បានឃើញអ្នកធ្វើ ដូច្នេះហើយអ្នកមិនត្រូវឱ្យការគិតរបស់អ្នកដទៃមកទាញអ្នកទម្លាក់ឡើយ។
សរុបមកវិញ យើងខ្ញុំសង្ឃឹមថាទាំង១០ឃ្លាដែលជាសម្ដីមាសរបស់លោក Bill Gates អាចជួយដាស់តឿនស្មារតីរបស់អ្នកទាំងអស់គ្នាឱ្យតស៊ូ និងជំនះបញ្ហានៅចំពោះមុខ ព្យាយាមរៀនសូត្រពីភាពលំបាកឱ្យក្លាយជាស្ពានដ៏រឹងមាំមួយ៕