ភ្នំពេញ ៖ គិតត្រឹមថ្ងៃចុងសប្ដាហ៍ដើមត្រីមាសទី២ឆ្នាំ២០២១នេះ គម្រោងសាងសង់ផ្សារទំនើបអន្តរជាតិជប៉ុនដ៏ធំប្រចាំនៅប្រទេសកម្ពុជា ដែលស្ថិតនៅបណ្តោលផ្លូវ៦០ម៉ែត្រ កំពុងតែបន្តសកម្មភាពសាងសង់យ៉ាងមមាញឹកជាមួយនឹងការសង់សសរយ៉ាងស្អាកស្កះ បន្ទាប់ពីបញ្ចប់ដំណាក់កាលដាំបង្គោលគ្រឹះរួចរាល់។
ប្រសិនបើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដល់ចំណុចកណ្តាលនៃតំបន់ស្តុបក្រុមហ៊ុនរថយន្ត Mercedes និងស្តុបបំបែកផ្លូវ៥០ម៉ែត្រ នោះនឹងបានឃើញគម្រោងសាងសង់ផ្សារទំនើប AEON3 ដែលកំពុងបន្តសកម្មភាពសាងសង់យ៉ាងសកម្ម ជាមួយនឹងគ្រឿងចក្រជាច្រើនគ្រឿង។
ជាមួយនឹងការពន្លឿនសកម្មភាពសាងសង់នេះ មន្ត្រីជំនាញជាន់ខ្ពស់នៃគម្រោងផ្សារទំនើបAEON3 បានប្រាប់ភ្នាក់ងារសាឱ្យរព័ត៌មាន Krama Post ដោយផ្តាច់មុខថា បើទោះជាបច្ចុប្បន្នកំពុងបញ្ហានៃវិបត្តិជំងឺកូវីដកំពុងរាតត្បាតក្នុងសហគមន៍ ប៉ុន្តែសកម្មភាពសាងសង់ផ្សារទំនើប AEON3 មិនបានផ្អាកនោះទេ ផ្ទុយទៅវិញគឺមានតែការសម្រុកសាងសង់ដើម្បីអាចឈានទៅដល់ការបញ្ចប់ទៅតាមគម្រោងដែលបានគ្រោងទុក។
ប្រភពដដែលបានបង្ហើបទៀតថា ពេលនេះការងារបុកសរសរគ្រឹះត្រូវបានបញ្ចប់រួចរាល់ ហើយកំពុងបន្តបណ្តុះសរសេរនៃតួគម្រោងផ្សារយ៉ាងសកម្មជាច្រើនដើមដោយមិនមានបង្អង់ ឬពន្យាពេលសាងសង់ដូចគម្រោងផ្សារទំនើបដទៃនោះទេ។ អ្វីដែលសំខាន់គឺវត្ថុធាតុដើមនៃគ្រោងសំណង់ដែលចាំបាច់ភាគច្រើនគឺបានដឹកជញ្ជូនមកកាន់កម្ពុជារួចហើយ ដូច្នេះមិនមានអ្វីដែលត្រូវពន្យាពេលសាងសង់នោះទេ។
តាមផែនការ គម្រោងផ្សារទំនើបជប៉ុន AEON3 ធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងត្រូវបណ្ចប់នៅត្រឹមឆ្នាំ២០២៣ ដូច្នេះពេលនេះបើទោះជាមានបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នក៏ដោយ ប៉ុន្តែមិនជះឥទ្ធិពលដល់គម្រោងនោះទេ ពួកគេនៅតែបន្ត និងជំរុញការសាងសង់ លុះនៅពេលចប់វិបត្តិ គម្រោងទាំងមូលក៏ត្រូវបញ្ចប់ ដូច្នេះទីផ្សារដែលអាចទទួលយកបាន គឺមានវិសាលភាពធំទូលាយជាងពេលបច្ចុប្បន្នជាក់ជាមិនខាន៕