ករណីស្លាប់ថ្មី ០៣នាក់ និងវិជ្ជមានថ្មី ១៨១នាក់ ជាសះស្បើយ ៤០នាក់

សូមចុចចូល=>Telegram ក្រមាប៉ុស្ដិ៍ទទួលបានព័ត៌មានឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ មេសានេះ បានបង្ហាញពីករណីវិជ្ជមានកូវីដ១៩ មានចំនួន ១៨១នាក់ និងអ្នកជាសះស្បើយ ៤០នាក់ និងអ្នកករណីស្លាប់៣នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ៣៣នាក់

អ្នកស្លាប់ដោយសារកូវីដ១៩ទាំងបីនាក់ថ្មីនេះ៖

  • ស្រ្តីជនជាតិខ្មែរអាយុ ៧៩ឆ្នាំ ទីលំនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  • ស្រ្ដីជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានស្លាប់មុនបញ្ជូនមកដល់មន្ទីរពេទ្យ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង។

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(១.៥លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត ហើយវ៉ាក់សាំងចំនួនកន្លះលានដូសទៀតនឹងមកដល់ថ្ងៃទី ១៧មេសា។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​ ២៤០៦ នាក់ និងអ្នកដែលបានជាសះស្បើយ ២២៥២នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ  ខេត្តកណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ​និងខេត្តព្រៃវែង។ 

ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំមនុស្ស បានកើតមានគឺនៅផ្សារអូឬស្សី និងរោងចក្រ ឌីន ហាន រោងចក្រ Dilux ។ ដែលចុងក្រោយនេះ បានបន្តដល់ផ្សារមួយចំនួនទៀតដូចជា ផ្សារចាស់ ផ្សារបឹងត្របែក ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ(ចាស់) និងតាមសាខាធនាគារមួយចំនួនក៏មានការកើនឡើងនៃការឆ្លងផងដែរ៕