បច្ចុប្បន្នភាព៖ តម្លៃដីធ្លីនៅតំបន់ជាយក្រុងកំពត ធ្លាក់ចុះស្ទើរ៥០ភាគរយ

កំពត៖ តម្លៃដីធ្លីនៅតាមតំបន់ជាយក្រុងកំពត ខេត្តកំពត ដែលធ្លាប់តែមានភាពពុះកញ្ជ្រោលនោះ ពេលនេះបានផ្លាស់ប្ដូរដោយសារតែសំពាធនៃវិបត្តិជំងឺឆ្លង ដែលធ្វើឱ្យតម្លៃមានការធ្លាក់ចុះស្ទើរ៥០ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃដីកាលពីដើមឆ្នាំ២០២០កន្លងទៅ។ 

លោក កែវ សុជាតិ ប្រធានសាខាក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ KW kampot បានថ្លែងថា កាលពីមុនតម្លៃដីធ្លីក្នុងតំបន់មួយចំនួននៅជាប់ក្រុង ឬជាយក្រុងកំពតមានតម្លៃ ប្រមាណ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្ននេះដោយសារតែបញ្ហានៃជំងឺកូវីដ១៩ បានធ្លាក់ចុះមកនៅត្រឹមតែ ៥០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោក កែវ សុជាតិ បានបន្តថា “បើគេលក់តម្លៃទីផ្សារ និងលើទីផ្សារ គឺមិនមានអ្នកទិញនោះទេ ព្រោះកាលៈទេសៈនេះ  ស្ថិតនៅក្នុងស្ថានភាពប្រឈម និងបាត់បង់ចំណូលដូចគ្នា។ ប៉ុន្តែក៏មានអ្នកមានធនធានគ្រប់គ្រប់គ្រាន់ដែលជាអ្នកវិនិយោគក្នុងវិស័យដីធ្លី បាននាំគ្នាដើរប្រមូលទិញពីម្ចាស់ដីដែលមានបញ្ហាចរន្តសាច់ប្រាក់ និងលក់ក្នុងតម្លៃថោក ដើម្បីទុកលក់ក្រោយពេលវិបត្តិបញ្ចប់ ដែលជាឱកាសទទួលបានផលចំណេញយ៉ាងច្រើន”។ 

លោកថា ៖“ពីមុនគេលក់ក្នុងមួយការ៉េ ១០០ ដុល្លារ ហើយធ្លាក់មក ៤០ ឬ ៥០ ឬ ៦០ដុល្លារ គឺមានអ្នកទិញយក ប៉ុន្តែតម្លៃបែបនេះ គឺនៅតាមតំបន់ជាយក្រុង បើនៅក្នុងទីក្រុងវាមិនធ្លាក់ដល់ ៥០ភាគរយនោះទេ ពោលបើលក់ក្នុងតម្លៃជាង៦០ ឬ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មានគេទិញដែរ”។

លោក កែវ សុជាតិ បន្ថែមឱ្យដឹងទៀតថា បើពិនិត្យពីស្ថានភាពជាក់ស្តែង អ្នកដែលចង់លក់ដីធ្លីមានស្ទើរ៩០ ភាគរយ ប៉ុន្តែតម្រូវការទិញគឺមានចំនួនតិចតួច ដែលជាហេតុធ្វើឱ្យតម្លៃទីផ្សារដីធ្លីនៅក្នុងខេត្តកំពតមានការធ្លាក់ចុះ។ តម្រូវការដីធ្លីភាគច្រើនគឺពួកគេទិញយកទៅប្រើប្រាស់ ដូចជាសម្រាប់សាងសង់ការ៉ាសាំង ឃ្លាំង និងគម្រោងវិនិយោគលើលំនៅឋានជាដើម។

ខេត្តកំពតត្រូវបានអ្នករកស៊ី និងវិនិយោគលើវិស័យអចលនទ្រព្យមើលឃើញថា នៅក្នុងរយៈពេលប្រមាណ២-៣ឆ្នាំចុងក្រោយនេះ គឺមានសន្ទុះនៃការវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យយ៉ាងខ្លាំង ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចជ្រើសយកខេត្តនេះ ធ្វើជាគោលដៅទេសចរណ៍ធម្មជាតិតំបន់ឆ្នេរកម្រិតខ្ពស់ និងមានរៀបចំ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អបំផុត ដូចជាផ្លូវជាតិលេខ៣ ផ្លូវក្រវាត់ក្រុង និងផ្លូវលេខ៣៣ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងទេសចរណ៍នៅទូទាំងខេត្ត៕