ពាក្យថា MSME ត្រូវបានគេឲ្យជានិយមន័យបែបណានៅកម្ពុជា

យើងគ្រប់គ្នាតែងតែឮគេនិយាយជារឿយៗ ពីសហគ្រាសធនតូចនិងមធ្យម (MSME) តែមានមនុស្សមួយចំនួនទំនងជាមិនដឹងច្បាស់នោះទេ ពីលក្ខខណ្ឌលម្អិតនៃអាជីវកម្មប្រភេទនេះ។

បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា​ និយមន័យរបស់ មីក្រូសហគ្រាស​ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) អាចប្រែប្រួល​ពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើវិស័យដែលពាក់ព័ន្ធនិងមិនមានលក្ខណៈជាសកលនោះទេ។ ប្រទេសខ្លះ បែងចែកតាមចំនួននិយោជិតនិងទ្រព្យរបស់ក្រុមហ៊ុន ហើយខ្លះទៀតផ្អែកទៅលើទំហំនៃផលចំណូលសរុបប្រចាំឆ្នាំ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់​ឆ្នាំ២០០៥ ប្រទេស​កម្ពុជាមិនទាន់មានចំណាត់ថ្នាក់ជាផ្លូវការ​ សម្រាប់ MSMEsនៅឡើយទេ។ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បាន​ចាត់ចំណាត់ថ្នាក់​សហគ្រាសដែល​មានបុគ្គលិក​តិចជាង១០នាក់ជាសហគ្រាសខ្នាតតូច។ ប្រសិនបើ​ស្ថាប័នមាន​និយោជិតពី ១១នាក់ ទៅដល់ ១០០នាក់គេរាប់ថាជាសហគ្រាសមធ្យម។ ស្របពេលជាមួយគ្នានេះ ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពលបានកំណត់សហគ្រាស​ខ្នាតតូចថា ជាស្ថាប័នដែលមាន​បុគ្គលិកតិចជាង ៥០នាក់។

ជាមួយគ្នានេះដែរ ក្រសួងមួយចំនួន​ប្រើនិយមន័យមួយឬទាំងពីរនេះ ខណៈពេលដែលអ្នក​ផ្សេងទៀតប្រើ​និយមន័យផ្សេងគ្នា​ អាស្រ័យលើមូលដ្ឋាននៃតម្លៃទ្រព្យសកម្ម។ នេះធ្វើឱ្យវាមានការលំបាក​ក្នុងការប្រៀបធៀបទិន្នន័យ​ MSMEsពីប្រភពផ្សេងៗគ្នា ហើយនៅពេលដែល​និយមន័យត្រូវបានផ្លាស់ប្តូរ ពីមួយដំណាក់កាលទៅមួយដំណាក់កាលបន្ទាប់ទៀត។ 

នៅខែកក្កដាឆ្នាំ ២០០៥ អនុគណៈកម្មការ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា បានស្នើចាត់ថ្នាក់​ថាសហគ្រាស​មាន​បុគ្គលិកតិចជាង ១០នាក់ ហើយមានទ្រព្យសកម្មមិនរាប់បញ្ចូល​ដី និងគិតជាដុល្លារអាមេរិក ចំនួនតិចជាង ៥០ ០០០ដុល្លារ ជាមីក្រូសហគ្រាស។ ចំណែកឯគ្រឹះស្ថានដែលមាន​បុគ្គលិកពី ១១ដល់ ៥០នាក់ និងមានទ្រព្យសកម្ម​ពី ៥០ ០០០ ដល់២៥០ ០០០ ដុល្លារ ជា​សហគ្រាសធនតូច។

ចំពោះសហគ្រាស​ដែលមាន​បុគ្គលិកពី ៥១ ទៅ ១០០នាក់ មានទ្រព្យសកម្មចាប់ពី ២៥០ ០០០ ដល់ ៥០០ ០០០ដុល្លារ ត្រូវរាប់បញ្ចូលជាសហគ្រាសមធ្យម។ ចុងក្រោយ សហគ្រាសដែលមានបុគ្គលិក​ចាប់ពី ១០០នាក់ឡើងទៅ និងមានទ្រព្យសកម្មចាប់ពី ៥០០០០០ដុល្លារឡើងទៅត្រូវរាប់ថាជាសហគ្រាស​ធុនធំ៕