ចំណុច២យ៉ាងបញ្ជាក់ថា ការកម្សាន្តជាមួយ​សៀវភៅ ប្រសើរជាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក

បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនរបស់ពិភពលោក បានធ្វើឱ្យ​បច្ចេកវិទ្យាបានចូលកាន់តែជ្រៅទៅៗ ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ដែលធ្វើឱ្យ​ពួកគេ​ប្រើប្រាស់ពេលវេលាកាន់តែច្រើន​ លើឧបករណ៍អេឡិចត្រូនិកហើយភ្លេចគិតពីទម្លាប់ល្អៗជាវិជ្ជមានជាច្រើន ដូចជា​ការអានសៀវភៅជាដើ​ម។

នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមលើក​យកចំណុចសំខាន់ៗមួយចំនួន ដែលបង្ហាញថាការកម្សាន្តដោយការអានសៀវភៅមានអត្ថប្រយោជន៍ ជាងការ​ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក​។

ទី១. ការអានជួយឱ្យអារម្មណ៍វិជ្ជមាន

តាមការបញ្ជាក់របស់ស្ថាប័ន Psychology today បានឱ្យដឹងថា ការអានសៀវភៅរាល់ថ្ងៃអាចធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមាន​។ អ្នកដែលអានសៀវភៅច្រើន ភាគច្រើនមានអារម្មណ៍ផ្តោតខ្ពស់ ហើយថែមទាំងមានអារម្មណ៍រីករាយជាមួយនឹង​រូបភាព​វិជ្ជមាន ដែលអ្នកនិពន្ធបង្កើតឡើងនៅក្នុងសាច់រឿងឬអត្ថបទដែលបានតាក់តែងឡើង។

ហេតុនេះការអានសៀវភៅ អាចធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមានកាន់តែខ្ពស់ ​ដែលផ្ទុយពីការកម្សាន្តដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលពេលខ្លះ​កាន់តែធ្វើឱ្យយើងមានអារម្មណ៍ថាហត់នឿយ ហើយថែមទាំង​អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀតផង ប្រសិនបើមាតិកាដែលយើងកំពុងមើលនោះ មិនត្រូវបានផលិតដោយយកចិត្តទុកដាក់ឬជារឿងឧក្រិដ្ឋកម្ម​ដែលមិនសមស្របទៅវិញ។

ទី២. ការអាន​បង្កើនការសមាធិ

ការលេងទូរស័ព្ទ ថ្វីត្បិតតែធ្វើឱ្យយើងរីករាយតែមួយសន្ទុះក្រោយមក យើងនឹងមានអារម្មណ៍ថាល្វើយ អស់កម្លាំង ហើយអាចស្ត្រេស​ថែមទៀតផង។ ផ្ទុយមកវិញ សម្រាប់ការអានសៀវភៅ អានកាន់តែយូរយើងនឹងមានអារម្មណ៍ថា​កាន់តែ​មានអារម្មណ៍ស្ងប់។ ចំណុចនេះ បណ្តាលមកពីការអានសៀវភៅ​ ធ្វើឱ្យយើងមានអារម្មណ៍សមាធិបានល្អ។រាល់ពេលអានសៀវភៅ មនុស្សម្នាក់ៗអាន​ត្រូវប្រើប្រាស់ខួរក្បាល ដើម្បីស្រមើស្រមៃនិងផ្ចង់អារម្មណ៍គិតទៅដល់ទិដ្ឋភាពពិតជាក់ស្តែង​នៃសាច់រឿង ហេតុនេះហើយទើបយើងមានអារម្មណ៍សមាធិបានល្អ៕