១. ជឿជាក់ថា ភាពជោគជ័យនឹងកើតឡើង
នៅពេលអានសាច់រឿងរបស់សហគ្រិនជោគជ័យ អ្នកងាយគិតថាពួកគេមានអ្វីម៉្យាងទាក់ទងនឹងភាពជាសហគ្រិន ដែលពិបាកនឹងបរិយាយ ដូចជា គំនិត ទេពកោសល្យ ការដឹកនាំ ជំនាញភាពច្នៃប្រឌិត អ្វីៗផ្សេងទៀត ដែលអ្នកគ្មាន តែវាមិនដូចទាំងស្រុងលើការគិតរបស់អ្នកនោះទេ។
វាជាការងាយស្រួលបើគ្រាន់តែក្រឡេកទៅមើលដំណើរនៃសហគ្រិនភាព ស្វែងរកពីភាពអស្ចារ្យហើយសន្មត់ថា គ្រប់ចក្ខុវិស័យមានភាពច្បាស់លាស់គ្រប់ផែនការមានភាពល្អឥតខ្ចោះ គ្រប់ដំណាក់កាលត្រូវបានដំណើរការយ៉ាងរលូន ហើយមានភាពជោគជ័យកើតឡើងនោះគឺជាការសន្និដ្ឋានទុកមុន។
វាមិនមែនបែបនោះទេព្រោះអ្នកខ្លះ ខិតខំនិងពូកែជាងនោះឆ្ងាយណាស់ តែនូវតែមិនអាចទទួលបានភាពជោគជ័យ។ ភាពជោគជ័យមិនមានអ្វីបញ្ជាក់ពីភាពច្បាស់លាស់នោះទេ ទាល់តែវាកើតឡើងហើយទើប ភាពជោគជ័យបានលេចឡើងច្បាស់។ប្រសិនបើអ្នកមានឆន្ទះក្នុងការខិតខំប្រឹងប្រែងធ្វើការ និងតស៊ូនោះអ្វីដែលអ្នកធ្វើគឺលើសពីគ្រប់គ្រាន់។ ចូរកុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ។ ចូរជ្រើសរើសគោលដៅមួយនិងប្រៀបធៀបខ្លួនអ្នកជាមួយនឹងគោលដៅនោះ នោះគឺជាការប្រៀបធៀបដ៏សំខាន់តែមួយគត់។
២.ពួកគេជឿជាក់ថា ពួកគេអាចជ្រើសយកខ្លួនឯង ដោយមិនរងចាំអ្នកដទៃ
នៅពេលដែលអ្នកត្រូវរង់ចាំដើម្បីទទួលបានការដំឡើងតំណែង ឬត្រូវបានគេជ្រៀសរើស ដោយមូលហេតុមួយចំនួនអ្នកត្រូវរង់ចាំឲ្យ “គេទទួលស្គាល់អំពីសមត្ថភាព” របស់អ្នក។
វាមិនងាយនឹងកើតឡើងបែបនោះទេ។អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សស្ទើរតែគ្រប់រូប តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។អ្នកអាចប្រកាសអំពីការងាររបស់អ្នក ចែកចាយតន្រ្តីផ្ទាល់ខ្លួន បង្កើតផលិតផលខ្លួនឯង ។ល។
អ្នកអាចធ្វើបានស្ទើរគ្រប់យ៉ាងដែលអ្នកចង់ ហើយអ្នកមិនចាំបាច់រង់ចាំឲ្យអ្នកផ្សេង មកទទួលស្គាល់អំពីទេពកោសល្យរបស់អ្នកនោះទេ។វត្ថុតែមួយគត់ដែលរារាំងអ្នកនោះគឺអ្នក និងឆន្ទះក្នុងការសាកល្បងរបស់អ្នក។
៣. ពួកគេជឿជាក់ថា ពួកគេធ្វើការដើម្បីអ្នកផ្សេង
ចៅហ្វាយនាយដ៏ពូកែផ្តោតលើការផ្តល់វិធីសាស្រ្តនិងការបណ្តុះបណ្តាល ដើម្បីជួយដល់និយោជិត ក្នុងការធ្វើការងារឲ្យបានកាន់តែប្រសើរ និងសម្រេចគោលដៅផ្ទាល់ខ្លួន។អ្នកផ្តល់ប្រឹក្សាដ៏អស្ចារ្យ ផ្តល់អាទិភាពដល់តម្រូវការរបស់អតិថិជន ហើយជាលទ្ធផល គេនឹងទទួលបានរង្វាន់។
ប្រសិនបើអ្នកធ្វើអាជីវកម្មដើម្បីខ្លួនអ្នកថ្ងៃណាមួយអ្នកនឹងនៅតែម្នាក់ឯង ប៉ុន្តែប្រសិនបើអ្នកធ្វើអាជីវកម្មដើម្បីអ្នកដទៃអ្នកមិនត្រឹមតែទទួលបានភាពជោគជ័យប៉ុណ្ណោះទេ អ្នកនឹងមានមិត្តភក្តិជាច្រើនថែមទៀតផង។
៤.ពួកគេជឿជាក់ថា មិនមែនជាអ្នកដំបូង ប៉ុន្តែពួកគេតែងតែអាចជាអ្នកចុងក្រោយ
ភាពជោគជ័យតែងតែជាលទ្ធផលនៃការតស៊ូព្យាយាម។នៅពេលដែលអ្នកផ្សេងបោះបង់ចោល ឈប់ព្យាយាម ឬបន្ទាបតម្លៃគោលការណ៍និងគុណតម្លៃបុគ្គលចុងក្រោយដែលនៅតែខិតខំប្រឹងប្រឹងតែងតែជាអ្នកឈ្នះ។
អ្នកដទៃទៀតអាចឆ្លាតជាងមានទំនាក់ទំនងល្អជាង មានទេពកោសល្យល្អជាង ឬមានប្រភពដើមទុនច្រើនជាងប៉ុន្តែពួកគេមិនអាចឈ្នះឡើយប្រសិនបើពួកគេមិនមានខិតខំប្រឹងប្រែងរហូតដល់ចំណុចចុងក្រោយ។ រឿងមួយដែលអ្នកតែងតែអាចធ្វើបាននោះគឺធ្វើជាមនុស្សចុងក្រោយដែលអស់សង្ឃឹមចំពោះខ្លួនឯង។
៥.ពួកគេជឿជាក់ ធ្វើកិច្ចការពិបាកយ៉ាងតិចមួយ ក្នុងមួយថ្ងៃ
នោះគឺកិច្ចការតែមួយប៉ុណ្ណោះ ដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ទោះបីជាវាសាមញ្ញឬជារឿងតូចតាចក្ដី។មួយសប្តាហ៍បន្ទាប់មក អ្នកនឹងប្លែកពីអ្នកដទៃ។ មួយខែក្រោយមកអ្នកនឹងក្លាយជាមនុស្សពិសេស។ មួយឆ្នាំក្រោយមក អ្នកក្លាយជាមនុស្សអស្ចារ្យម្នាក់ដ៏មិនគួរឲ្យជឿ។
Minutehack
៦.ពួកគេជឿជាក់លើ ការទំនាក់ទំនងពិតប្រាកដ
អ្នកអាចនឹងស្គាល់មនុស្សច្រើនមិត្តភក្តិច្រើន ហើយវាបានក្លាយជាល្បែងរាប់ចំនួនតួលេខ។ អ្នកមិនត្រូវការតួលេខទាំងនោះទេអ្នកត្រូវការទំនាក់ទំនងពិតប្រាកដ ក្នុងចំនួនកំណត់ ជាមនុស្សដែលអ្នកអាចជួយបានមនុស្សដែលអ្នកអាចទុកចិត្តបាន មនុស្សដែលអ្នកយកចិត្តទុកដាក់។
ចូរព្យាយាមទំនាក់ទំនងជាមួយមនុស្សដែលអ្នកចង់ឲ្យគេ ក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក ក្នុងរយៈពេលវែង ទោះបីជានៅក្នុងជីវិតផ្នែកវិជ្ជាជីវៈក៏ដោយហើយនៅពេលដែលធ្វើការទំនាក់ទំនង ចូរបំភ្លេចអំពីការទទួលបានប្រយោជន៍ហើយចូរផ្តោតលើការផ្តល់ឲ្យនូវប្រយោជន៍។
នោះគឺជាវិធីតែមួយគត់ក្នុងការបង្កើតការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងដ៏ពិតប្រាកដមួយ។ អ្នកនឹងនៅទីនោះនៅពេលដែលពួកគេត្រូវការអ្នកហើយពួកគេនឹងនៅទីនោះនៅពេលដែលអ្នកត្រូវការពួកគេ។
៧.ពួកគេជឿជាក់ថា យុទ្ធសាស្រ្តគឺសំខាន់ ប៉ុន្តែការអនុវត្តគឺជាអ្វីគ្រប់យ៉ាង
យុទ្ធសាស្រ្តមិនមែនជាផលិតផលឡើយ។មានយុទ្ធសាស្រ្តដែលល្អ កត់ត្រាទុកតែនៅក្នុងសៀវភៅ មិនយកមកប្រើ គឺដូចគ្មានអ្វីទាំងអស់។
បង្កើតគំនិតមួយបង្កើតយុទ្ធសាស្រ្តមួយ បង្កើតប្រព័ន្ធប្រតិបត្តិការនៅកម្រិតដំបូងបន្ទាប់មកធ្វើការអនុវត្ត កែសម្រួល អនុវត្តយុទ្ធសាស្រ្តផ្សេងៗនិងបង្កើតប្រព័ន្ធប្រតិបត្តិដ៏រឹងមាំ ដោយផ្អែកលើការងារដែលអ្នកបានធ្វើ។ ភាពជោគជ័យមិនមែនបង្កើតឡើងដោយយុទ្ធសាស្រ្តឡើយប៉ុន្តែភាពជោគជ័យត្រូវបានបង្កើតឡើងតាមរយៈការអនុវត្ត។
៨.ពួកគេជឿជាក់ថា ភាពជាអ្នកដឹកនាំពិតប្រាកដ អាចវាស់វែងបានដោយប្រើពេលច្រើនឆ្នាំមិនមែនតែមួយភ្លែតនោះទេ
“អ្នកដឹកនាំ”មិនមែនគ្រាន់តែជាបុគ្គលដែលធ្វើឲ្យ តម្លៃភាគហ៊ុនកើនឡើងទ្វេរដងក្នុងរយៈពេលប្រាំមួយខែឬបុរសដែលក្លាហាន ហ៊ានធ្វើអ្វីដែលបុរសដទៃទៀត មិនធ្លាប់ធ្វើពីមុនមកនោះឡើយ។ នោះគឺជាឧទាហរណ៍នៃភាពអ្នកដឹកនាំតែក្នុងរយៈពេលខ្លី។
អ្នកដឹកនាំល្អ ជាបុគ្គលដែលអ្នកនឹងអនុវត្តតាម មិនមែនដោយសារតែអ្នកត្រូវអនុវត្តតាមពួកគេនោះទេ ប៉ុន្តែដោយសារអ្នកចង់អនុវត្តតាម។អ្នកនឹងដើរតាមគេដោយមិនដឹងខ្លួន ថាកំពុងតែលង់តាមភាពជាអ្នកដឹកនាំរបស់គេ។
ហើយអ្នកនឹងដើរតាមពួកគេជារៀងរហូត ពីព្រោះពួកគេមានជំនាញមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ហាក់បីដូចជាអ្នកមិនមែនកំពុងតែដើរតាមអ្នកណាម្នាក់នោះទេ នៅគ្រប់ទីកន្លែងដែលអ្នកទៅដល់អ្នកតែងតែមានអារម្មណ៍ថាអ្នកកំពុងទៅទីនោះជាមួយគ្នា។
៩. ពួកគេជឿជាក់ថា ការងារមកមុន ហើយផលប្រយោជន៍នឹងមកតាមក្រោយ
ធ្លាប់ឮមនុស្សម្នាក់និយាយ “ប្រសិនបើខ្ញុំបានឡើងតំណែងខ្ញុំនោះនឹងខិតខំប្រឹងប្រែងធ្វើការជាងនេះ” ឬ “ប្រសិនបើអតិថិជនឲ្យប្រាក់ច្រើនជាងនេះខ្ញុំនឹងធ្វើការច្រើនជាងនេះ” ឬ “ប្រសិនបើខ្ញុំទទួលបានផលប្រយោជន៍ច្រើនជាងនេះខ្ញុំនឹងមានឆន្ទះក្នុងការលះបង់ច្រើនជាងនេះ”។
បុគ្គលជោគជ័យ ទទួលបានការដំឡើងតំណែង ដោយការខិតខំប្រឹងប្រែងធ្វើការជាមុនសិន។អាជីវកម្មជោគជ័យ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ តាមរយៈការផ្តល់គុណតម្លៃកាន់តែច្រើនដល់អាជីវកម្មនោះជាមុនសិន។
សហគ្រិនជោគជ័យ ទទួលបានផលប្រយោជន៍កាន់តែច្រើន តាមរយៈការខិតខំប្រឹងប្រែងធ្វើការជាមុនសិន។ធ្វើគ្រប់យ៉ាងឲ្យល្អជាមុនសិន ហើយការតបស្នងនឹងទទួលបាននៅពេលក្រោយ។
មនុស្សភាគច្រើនរំពឹងចង់បាន ផលតបស្នងច្រើនជាងការគិត អំពីការខិតខំប្រឹងប្រែងធ្វើការងារជាមុន។
១០.ពួកគេជឿជាក់ថា ពួកគេអាចកែប្រែពិភពលោកមួយផ្នែកតូច ហើយពួកគេនឹងធ្វើបាន
ឈ្មោះរបស់អ្នកប្រហែលជាមិនល្បីល្បាញប៉ុន្តែចូរគិតដល់កាលពីដប់ឆ្នាំមុន៖ បច្ចេកវិទ្យា ឧស្សាហកម្មនិងរបៀបធ្វើអាជីវកម្មដែលវាធ្លាប់ជាគំនិតមួយ ប៉ុន្តែនៅពេលនេះវាបានក្លាយជារឿងដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃ។ អ្នកអាចក្លាយជាផ្នែកមួយនៃរលកក្រោយ ឬអ្នកអាចធ្វើឲ្យមានការកែប្រែបន្តិចបន្តួចនៅក្នុងឧស្សាហកម្មរបស់អ្នកឬអ្នកអាចធ្វើឲ្យមានការកែប្រែបន្តិចបន្តួចចំពោះវិជ្ជាជីវៈរបស់អ្នក។
អ្នកអាចជាបុគ្គលដ៏សំខាន់នៃការផ្លាស់ប្តូរតូចតាចឬធំដុំ ទោះបីជាគ្រាន់តែនៅក្នុងសហគមន៍របស់អ្នកឬនៅក្នុងផ្នែកជាក់លាក់ណាមួយនៃទីផ្សារក៏ដោយ។ អ្នកគ្រាន់តែត្រូវមានឆន្ទះក្នុងការសាកល្បងនូវអ្វីដែលថ្មីប៉ុណ្ណោះ៕