ប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថយចុះជិត ៣៩ភាគរយ ក្នុងឆ្នាំ២០២០

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ទើបនឹងចេញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ប្រចាំឆ្នាំ២០២០ នាថ្ងៃទី៣០ មីនានេះ បានបង្ហាញពីការធ្លាក់ចុះចំណូលដល់ទៅ ៣៨,៧៨% ដែលគិតជាប្រាក់រៀល មានបម្រែបម្រួល (16.855.906.000)រៀល ទាបជាងឆ្នាំ២០១៩។ 

ក្នុងរបាយការណ៍បានបង្ហាញថា ចំណូលមានអត្រាប្រែប្រួលថយចុះ ៦,៦២%  ចំណេញ/ខាតប្រតិបត្ដិ ថយ ១៤,៥៩% ដែលធ្វើឲ្យ មានបម្រែបម្រួលប្រាក់ចំនេញថយ (16.855.906.000) ធៀបនឹងឆ្នាំ២០១៩។

ការថយចុះនេះ បណ្ដាលមកពីបរិមាណទំនិញរាយ និងកុងតឺន័រនាំចូលឆ្លងកាត់ កសស មានការថយចុះ លើសពីនេះ មានការខាតពីអត្រាប្ដូរប្រាក់យ៉េន(មិនទាន់សម្រេច) និងការកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ​២០១៩ និងការកើនឡើង នៃចំណាយ សម្រាប់ឆ្នាំ២០២០ ធ្វើឲ្យចំណេញសុទ្ធក្រោយបង់ពន្ធមានការថយចុះ។

សូមជម្រាបដែរថា ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ជាសកល បានបណ្ដាលឲ្យមានការប៉ះពាល់ដល់ ការដឹកជញ្ជូនតាមផ្លូវទឹក ដូចជាមានបញ្ហារាំងស្ទះ និងយឺតដំណើរការ ជាក់ស្ដែងក៏ធ្លាប់មានការបញ្ជាក់កន្លងមកដែរថា វិបត្តិខ្វះកុងតឺន័រសម្រាប់នាំចេញផងដែរ៕