ជំនួយជាគំនិតខ្លះ ជួយយើងរៀនរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការ​រស់​នៅ​ក្នុង​​ស្ថានភាព​មិន​ច្បាស់​លាស់​ជា​រឿង​​លំបាក​​មួយ ព្រោះ​ថា​យើង​ពិត​​ត្រូវ​ការ​ព័ត៌មាន ​​ជាក់​ច្បាស់​ខ្លះ​​អំពី​អនាគតដើម្បី​រៀប​ចំ​ជីវិត​​យើង​។ ទោះ​​យ៉ាង​ណា វេលា​លំបាក​យ៉ាង​នេះ​​ក៏​ដោយពិសេស​ស្ថានភាព​ជំងឺ​រាត​ត្បាត​ជា​សកល​(កូវីដ​-១៩)នេះ ​ក៏​យើង​អាច​រៀន​រស់​នៅ​​​សម្រប​ខ្លួន​ជា​មួយ​ភាព​មិន​ច្បាស់​លាស់​នេះ​បាន​ខ្លះ ទៅ​តាម​គំនិត​​ពិចារណា​​ខ្លះ​ដូច​ខាង​ក្រោម​៖

​​.ទទួល​ការ​ពិត

មាន​ន័យ​ថាយើង​​មិន​​បាន​រឹង​ទទឹង​ទៅ​នឹង​ការ​ពិត​ដែល​ជា​ពេល​វេលា​លំបាក​នេះ​។ ទទួល​ស្គាល់​ថា​រឿង​លំបាក​ៗ​កំពុង​កើត​មាន​មែនដូច​នេះ​យើង​អាច​ដឹង​កន្លែង ​​ឬ​ពេល​វេលា​បច្ចុប្បន្ន​​ដែល​យើង​កំពុង​នៅ​និង​អាច​​​ការពារ​ខ្លួន​​បាន​ប្រសើរ​ពី​ជំងឺ​រា​ត​ត្បាត។ ការ​ទទួល​ស្គាល់​ការ​ពិត​ជា​រឿង​ពិបាក ប៉ុន្តែ​អ្នក​សាក​គិត​មើល​តាម​ពិត​​វា​ជា​វិធី​មាន​ប្រសិទ្ធិភាព​​ដែល​នាំ​យើង​ឆ្ពោះ​ទៅ​មុខ​បន្តិច​ម្តង​ៗ​​ទេ​តើ​។

.វិនិយោគ​លើ​ខ្លួន​​​ឯង

ធន​ធាន​​​ដែល​​​អ្នក​មាន​​នៅ​ពេល​នេះហើយ​ដែល​​​បាន​​រួម​ចំណែក​​ក្នុង​ពិភព​លោក​រស់​នៅ​មួយ​​នេះ​គឺ​រូប​អ្នក​។ ដូច​​នេះ​គប្បី ថែរក្សា​​ខ្លួន​អ្នកដោយ​មាន​ការ​ញ៉ាំ​ សម្រាកបាន​គ្រប់​គ្រាន់និង​មាន​ពេល​វេលា​ជា​ការ​កម្សាន្ត និង​ការ​រៀន​សូត្រ​​ខ្លះ​ហើយ​ការ​មើល​ថែ​រក្សា​ខ្លួន​អ្នក​​បាន​​​ល្អគឺ​មាន​ន័យ​ថា​អ្នក​​​នឹង​មាន​ឱកាស​ទៅ​ជួយ​​​ពិភព​លោក​ដែល​ជា​ទី​​កន្លែង​រស់​នៅ​របស់​អ្នក​ឡើង​វិញ​។

.ចេះ​​លៃ​រក​វិធី​ដែល​ល្អ​​សម្រាប់​អ្នក​ និង​សុខភាព​អ្នក

នៅ​ពេល​មាន​​អារម្មណ៍​ស្មុគ​ស្មាញ​ស្រ្តេស​ អ្នក​ក៏​គួរ​​​សម្រាល​​ភាព​តាន​តឹង​នោះដោយ​ខ្លួន​អ្នក​បាន​ខ្លះដោយ​​ការ​លៃ​វិធី​ណា​ដែល​ល្អ​ដល់​អ្នក និង​សុខភាព​មាន​ដូច​ជាទៅ​កន្លែង​​ណា​មួយ​មាន​ខ្យល់​អាកាស​ល្អ និង​សុវត្ថិភាព​សម្រាប់​ដក​ដង្ហើមខល​និយាយ​ជា​មួយ​មិត្ត​ជិត​ស្និទ្ធិរំលឹក​រឿង​ល្អ​ៗ​ដែល​អ្នក​បាន​ធ្វើ​ ឬ​ការ​ទៅ​សម្រាក​ឱ្យ​អារម្មណ៍​បាន​ប្រសើរ​ឬ​មួយ​ការ​ទៅ​មើល​វីដេអូ​កំប្លែង​​មួយ​ក៏​បានដែល​នាំ​ឱ្យ​យើង​ខ្លួន​​ឯង​ចៀស​ពី​​​សកម្មភាព​មិន​ល្អ​មួយ​ចំនួន​​សម្រាប់​បន្ថយ​ភាព​តាន​តឹងដូច​ជា​ការ​ជក់​បារីញ៉ាំ​ស្រា​ជា​ដើម។ល។​

.យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​បច្ចុប្បន្ន

​ផ្ទុយ​ទៅ​នឹង​ភាព​មិន​ច្បាស់​លាស់គឺ​បច្ចុប្បន្ន​ ដែល​​សម្តៅ​លើ​​ការ​ជំនួស​ភាព​ភ័យ​ខ្លាច ​ឬ​អនាគត​​មិន​ទាន់​មក​ដល់យើង​អាច​នាំ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​។ ជា​ឧទាហរណ៍​ថ្ងៃ​នេះ ពេល​នេះអ្នក​កំពុង​ធ្វើ​សមាធិឬ​កំពុង​ធ្វើ​ម្ហូប​ញ៉ាំ...អ្នក​ក៏​អាច​សួរ​សំណួរ​មួយ​ទៅ​កាន់​ខ្លួន​ឯង​តើ​អ្នក​បាន​សុខ​សប្បាយ​កាយ​ចិត្ត​​ទេ​នៅ​ពេល​នេះ​? យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​កំពុង​មាន​​ពេល​នេះបញ្ចៀស​អ្នក​ឱ្យ​ចេញ​ពី​​ការ​គិត​អវិជ្ជមាន ហើយ​បង្ក​ឱ្យ​អ្នក​ធ្វើ​រឿង​​កើត​ជា​​ប្រយោជន៍​ទៅ​វិញអាស្រ័យ​ទៅ​​​លើ​ការ​តម្កល់​ចិត្ត​សមាធិ​លើ​​សកម្មភាព​អ្នក​កំពុង​ធ្វើ​នេះ​។


.រៀន​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​អ្នក​​ផ្ទាល់

ជំនួយ​ពី​អ្នក​ដែល​ជួយ​ដល់​យើងពិត​ណាស់​ជា​​​រឿង​ល្អ​មួយ​​​នៅ​ពេល​យើង​ត្រូវ​ការ​ជំនួយ​​ក្នុង​វេលា​លំបាក​។ យ៉ាង​ណា​មិញ ពេល​វេលា​ខ្លះការងារ​ខ្លះ​​ ដែល​អ្នក​គិត​ថាអ្នក​រឹង​មាំ​ ក៏​គួរ​ហាត់​ធ្វើ​អនុវត្ត​ដោយ​ខ្លួន​​ឯងព្រោះ​ថា​ការ​ងារ​ខ្លះ​ដែល​អ្នក​រៀន​​អនុវត្ត​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួន​អ្នក ​​និង​ជួយ​អ្នក​នៅ​ថ្ងៃ​ខាង​មុខជា​ភាព​រឹង​មាំ​ ឯករាជ្យ​មួយនៅ​ពេល​អ្នក​ពុំ​មាន​ជំនួយ​នៅ​ក្បែរ។​

.រក​អត្ថន័យ​នៃ​កិច្ចការ​​ដែល​អ្នក​ធ្វើ

តាម​​លទ្ធផល​ស្រាវជ្រាវ​​ជា​ច្រើន​បង្ហាញ​ថានៅ​ពេល​អ្វី​មួយ​មាន​បញ្ហា​​ត្រូវ​ការ​ដំណោះ​ស្រាយ​​មនុស្ស​ នឹង​សម្គាល់​មើល​​ហើយ​ស្វែង​រក​គំនិត​ទៅ​​ស្រាយ​បញ្ហា​នោះ​ឱ្យ​បាន​ប្រសើរ​ហើយ​អារម្មណ៍​ពួក​គេ​​ក៏​បាន​ល្អ​ផង​ដែរដោយ​សារ​​ការ​រួម​ចំណែក​ជា​ប្រយោជន៍​​នោះ​។ ចំណុច​នេះ មាន​ន័យ​ថា ចំណុច​ខ្លះជា​ជំនាញ ជា​បទ​ពិសោធ​​អ្នក​អាច​ប្រើ​វា​​​ដើម្បី​ចូល​រួម​ក្នុង​ការងារ​ដោះ​ស្រាយ​បញ្ហាក្នុង​ទិស​ដៅ​មួយ​​ជា​ប្រយោជន៍​ដល់​សហគមន៍​អ្នក ហើយ​វា​​ជា​តម្លៃ​មួយ​​របស់​អ្នក​ផង​ដែរ​ហើយ​ដែល​តម្លៃ​នោះ​ផ្ទាល់​​នឹង​ពុំ​បាត់​បង់​ឡើយ​​៕​