ឧកញ៉ា គួច ម៉េងលី៖កូនខ្មែរគួរមោទកភាព និងរៀនខ្មែរឱ្យឆ្អិន

ប​ច្ចុប្បន្ននេះ ដោយសារតែ​សាកលភាវូបនីយកម្ម​និងរបត់បច្ចេកវិទ្យា ប្រជាជនខ្មែរជាច្រើន ហាក់​យកចិត្តទុកដាក់ខ្លាំងលើភាសា​បរទេស ជាពិសេស​ភាសាអង់គ្លេស ជាងភាសាជាតិរបស់ខ្លូនឯង។ បញ្ហានេះបានប៉ះពាល់យ៉ាងច្រើនដល់ការរស់នៅ អត្តសញ្ញាណជាតិ ការប្រាស្រ័យទាក់ទង និងសង្គមទាំងមូល។

ឧកញ៉ា គួច ម៉េងលី សហគ្រិន និងជា​ម្ចាស់គ្រឹះស្ថានអប់រំ​ឯកជនមួយនៅកម្ពុជា បានលើកឡើងថា ក្រោមហេតុផលរត់គេចចេញពីភ្លើងសង្គ្រាមនៃរបប ប៉ុល ពត លោកបានចាកចេញពីស្រុកខ្មែរតាំងពីអាយុ១០ឆ្នាំម្ល៉េះ ម្ល៉ោះហើយ ធ្វើឱ្យលោករៀនសូត្រភាសាខ្មែរតិចតួចបំផុត។ គាត់បញ្ជាក់ថា គាត់ពិតជាសោកស្ដាយខ្លាំងណាស់ ហើយពេលខ្លះក៏នឹកខ្មាសខ្លួនឯងណាស់ដែរ ដែលក្នុងនាមជាកូនខ្មែរមួយរូបរស់នៅលើទឹកដីខ្មែរ តែបែរជាចេះភាសាខ្មែរតិចតួចបែបនេះ។

ឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ «នៅឆ្នាំ២០០២ពេលខ្ញុំត្រឡប់មកស្រុកខ្មែរដំបូង ខ្ញុំត្រូវបានគេបោកផង ធ្វើទុក្ខបុកម្នេញផងនិងត្រូវបានគេរករឿងគ្រប់កន្លែងផង ដ្បិតពេលនោះ ខ្ញុំអត់សូវចេះភាសាខ្មែរនិងពុំសូវដឹងពីច្បាប់ទម្លាប់ស្រុកខ្មែរ។ ដោយសារឈឺចាប់នឹងទង្វើទាំងនោះ ខ្ញុំបានប្ដេជ្ញានឹងខ្លួនឯងថាខ្ញុំត្រូវតែរៀនភាសាខ្មែរឱ្យចេះនិយាយស្ទាត់ និងនិយាយបានល្អជាងមនុស្សមួយចំនួន។ ដោយចិញ្ចឹមចិត្តមិនបោះបង់ ពេលនេះខ្ញុំអាចនិយាយភាសា​ខ្មែរបានច្រើន និងស្ទាត់ជាងមុនប៉ុន្តែគួរឱ្យសោកស្តាយណាស់ដែរ ដែលខ្ញុំបានត្រឹមតែចេះនិយាយ តែការអាននិងការសរសេរនៅខ្សោយ»។

អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ចំពោះ​ក្មួយៗដែលមានឱកាសបានរៀនសូត្រ សូមប្រឹងរៀនសូត្រឱ្យ​មែន​ទែន ជាពិសេសភាសាជាតិ។ ក្មួយៗត្រូវរៀនភាសាខ្មែរឱ្យឆ្អិនរៀនឱ្យច្បាស់លាស់ រៀនឱ្យអាចប្រើការបាន។ កុំរៀនចប់ថ្នាក់ទី១២ឬរៀនចប់ថ្នាក់​មហាវិទ្យាល័យ តែបែរជាសរសេរអក្សរខ្មែរមិនកើត ហើយទៅនិយមឬជោរសរសេរអក្សរបរទេស ឬយកអក្សរបរទេសមកកត់ត្រាសូរឬពាក្យខ្មែរនោះ។ បែបនេះមិនល្អទេ វាធ្វើឱ្យភាសានិងអក្សរខ្មែរអស់តម្លៃ ឬយូរបន្តិចអាចនឹងក្លាយជាភាសាស្លាប់ក៏ថាបាន។

ឧកញ៉ា បានបញ្ជាក់ថា៖ «ក្មួយៗ!ពុំមែនខ្ញុំហាមមិនឱ្យក្មួយៗរៀនភាសាបរទេសនោះទេ។ ខ្ញុំគ្រាន់តែចង់ឱ្យក្មួយៗចេះភាសាជាតិខ្លួនច្បាស់ និងអាចប្រើប្រាស់ជាផ្លូវការបានប៉ុណ្ណោះ។ សម័យសកលភាវូបនីយកម្មនេះ ក្មួយៗអាចរៀនភាសាបរទេសបាន តែត្រូវរៀនក្នុងនាមជាភាសាទី២។ពោលក្មួយៗត្រូវរៀនភាសាខ្មែរចំណេះទូទៅជាគ្រឹះសិន សឹមរៀនភាសាបរទេសតាមក្រោយ។ ភាសាខ្មែរអាចធ្វើឱ្យក្មួយៗបានឈ្វេងយល់ពីក្បួនច្បាប់ សង្គមសាស្ត្រ មនុស្សសាស្ត្រសេដ្ឋកិច្ច និងនយោបាយ។ មិនតែប៉ុណ្ណោះធ្វើឱ្យក្មួយៗបានស្គាល់វប្បធម៌ និងប្រវត្តិសាស្រ្តយើងបានច្រើននិងធ្វើឱ្យក្មួយៗដឹងពីខ្លួនឯង ដែលនាំឱ្យអារម្មណ៍ស្នេហាជាតិផុសផុលឡើង»។

លោកបានសង្កត់ធ្ងន់ផងដែរថា ភាសានិងអក្សរខ្មែរគឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ។ ប្រសិនបើយុវជនឬកូនចៅខ្មែរមិនឱ្យតម្លៃទៅលើភាសា និងអក្សររបស់ជាតិសាសន៍ខ្លួនតើនរណាជាអ្នកឱ្យតម្លៃទៅ? ក្មួយៗយុវជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូប គួរតែអាសូរដល់ព្រលឹងបុព្វបុរសខ្មែរដែលខំលះបង់ជីវិតក្នុង​បុព្វហេតុថែរក្សាភាសា និងអក្សរខ្មែរខ្លះផង។ បុព្វបុរសខ្មែរយើងហ៊ានលះ​បង់ជីវិតខ្លួនដើម្បីភាសា និងអក្សរខ្មែររស់ ចុះហេតុអ្វីគ្រាន់តែរៀននិងប្រើប្រាស់ភាសារបស់ខ្លួនលើទឹកដីកំណើតក៏យុវជនខ្មែរយើងមួយចំនួន ពិបាកធ្វើដល់ថ្នាក់នេះ?៕