ផ្សាយលក់គម្រោងអភិវឌ្ឍន៍ដោយគ្មានលិខិតអនុញ្ញាត នឹងធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត

ភ្នំពេញ៖ នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងមានការប្រកួតប្រជែង ក្នុងលក់ប្រកបដោយប្រិសទ្ធភាពខ្ពស់នោះ ក្រៅពីសក្ដានុពលនៃទីតាំងគម្រោង តម្លៃទាប គួរជាទីចាប់អារម្មណ៍នោះ ចាំបាច់បំផុតគឺត្រូវទាមទារឱ្យលិខិតអនុញ្ញាតក្នុងការអភិវឌ្ឍ រួមជាមួយនឹងអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ដើម្បីជៀសវាងធ្វើឱ្យបាត់បង់ទំនុកចិត្តពីអតិថិជន។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីបាត់បង់ទំនុកចិត្តពីអតិថិជននោះ ការផ្សព្វផ្សាយលក់គម្រោងអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ដែលត្រឹមត្រូវដទៃទៀតដែរ។

លោកឧកញ៉ាបានមានប្រសាសន៍បន្តថា “បញ្ហាមួយទៀតនោះ វានឹងធ្វើឱ្យបង្កផលប៉ះពាល់ និងបញ្ហាភាពស្មុកស្មាញដល់មន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោម រហូតដល់ថ្នាក់ដឹកនាំកំពូលក្នុងការដោះស្រាយបញ្ហាជូនដល់ពួកគាត់ និងក៏ដូចជាអតិថិជនដែលជាជនរងគ្រោះថែមទៀតផង”។

បើតាមការបញ្ជាក់របស់លោកឧកញ៉ា ឃាង ពុទ្ធី បានឱ្យដឹងថា ការផ្សព្វផ្សាយលក់អចលនទ្រព្យដែលគ្មាច្បាប់ត្រឹមត្រូវនេះ ធ្វើឱ្យអតិថិជន មានការភាន់ច្រឡំដល់ថ្នាក់ដឹកនាំប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនបានមើលការខុសត្រូវ។

លោកឧកញ៉ាបន្តថា៖ “ដូច្នេះ ម្ចាស់គម្រោងអភិវឌ្ឍន៍គួរតែអនុវត្តឱ្យស្របតាមច្បាប់ត្រឹមត្រូវជៀសវាងខាតបង់ទ្រព្យសម្បត្តិ ខូចកេរ្តិ៍ឈ្មោះនៅក្នុងការរកស៊ីនៅក្នុងវិស័យមួយនេះ ម៉្យាងទៀតនៅពេលដែលយើងអនុវត្តស្របតាមច្បាប់ដែលបានកំណត់ យើងនឹងទទួលបានទំនុកចិត្តពីអតិថិជនរបស់ខ្លួនកាន់តែច្រើនឡើងៗហើយវាក៏ជាការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យរបស់កម្ពុជាឱ្យមានការរីកចំរើនផងដែរ”។

ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយលក់គម្រោងដីឡូតិ៍ ដែលកំពុងបន្តភាពផុសផុលនៅពេលបច្ចុប្បន្ននេះត្រូវបានលោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លើកឡើងថា បើសិនជាមានម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ក្នុងទំហំធំ ឬក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយដែលគ្មានអាជ្ញាបណ្ណក្នុងការអភិវឌ្ឍន៍ និងលក់នោះ នឹងប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជា។

លោកបន្តថា ការរៀបចំឯកសារចុះបញ្ជីស្របតាមច្បាប់កំណត់ និងមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺធ្វើយ៉ាងណាអាចផ្តល់ទំនុកចិត្តដល់អតិថិជន។ ដូច្នេះ បើម្ចាស់គម្រោងណាមួយ ឬក្រុមហ៊ុនណាមួយមិនមានអជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតដែលទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនោះ មានន័យថាក្រុមហ៊ុននោះកំពុងអនុវត្តផ្ទុយពីច្បាប់។ 

លោកថ្លែងថា “ការប្រកាសលក់គម្រោងអភិវឌ្ឍន៍ ដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់នេះ មិនថាចំពោះដីឡូតិ៍ ឬបណ្តុំលំនៅដ្ឋាននោះទេ គឺអាចនឹងពិបាកក្នុងការកាត់ប្លង់ជូនអតិថិជន ជាពិសេសអាចប្រឈមទៅនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរថែមទៀតផងដែរ ហើយក្នុងអតិថិជនក៏នឹងក្លាយជាជនរងគ្រោះផងដែរ”៕

រូបតំណាង