វិស័យបដិសណ្ឋារកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅក្នុងអំឡុងពេលនេះ

ភ្នំពេញ៖ វិស័យបដិសណ្ឋារកិច្ចរួមទាំងសេវាកម្ម និងវិនិយោគ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរតែ ១០០ ភាគរយ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ បើធៀបជាមួយនឹងព្រឹត្តិការណ៍មុនៗ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។

ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា អ្នកដែលរកទទួលទាននៅក្នុងវិស័យផ្គត់ផ្គង់សេវាកម្ម និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេស នៅក្នុងអំឡុងពេលនេះ គឺទទួលរងនូវផលប៉ះពាល់ស្ទើរតែ១០០ ភាគរយ និងគួរឱ្យព្រួយបារម្ភជាខ្លាំងផងដែរ។

លោក ហូ វណ្ឌី បញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ រហូតមដល់បច្ចុប្បន្ននេះ គ្មានភ្ញៀវទេសចរណាម្នាក់ ហ៊ានចេញដើរហើរ ឬដើរកម្សាន្តនោះទេ។ ដូច្នេះ រាល់សេវាកម្មផ្សេងៗ ក៏មិនមានការផ្គត់ផ្គង់ដែរ ។

លោក ហូ វណ្ឌី បន្ថែមថា « ដើម្បីឱ្យស្ថានភាពដូចដើមវិញ លុះត្រាតែបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងគោរពឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលកុំឱ្យមានការចម្លងបន្តទៀត»។ 

ទោះជាយ៉ាងណាក៏ដោយ លោក ហូ វណ្ឌី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនប្រងើយកន្តើយក្នុងការដាក់ចេញគោលនយោបាយ ជួយស្រោចស្រង់នូវវិស័យដែលជាសរសរស្តម្ភសេដ្ឋកិច្ចមួយក្នុងចំណោមផ្សេងទៀត ឱ្យឈរជើងបាននឹង តាមរយៈការឧបត្ថម្ភមិនយកពន្ធផ្សេងៗ។ 

ដើម្បីឱ្យវិស័យបដិសណ្ឋារកិច្ចនេះ អាចនៅដំណើរការបាន ក្រសួងទេសេចរណ៍កាលពីថ្ងៃទី១៦ ខែមីនា បានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ក្នុងឆ្នាំ២០២១ ស្របតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ទាំងឡាយ រួសរាន់ចុះឈ្មោះតាមរយៈ QR Code ដើម្បីទទួលបានការ លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ក្នុងឆ្នាំ២០២១នេះ និងការទទួល បានព័ត៌មានផ្សេងៗនៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ ៕