ភាសាក្តីស្រឡាញ់ទាំង៥ អ្នកអាចចែករំលែកទៅមនុស្សគ្រប់គ្នា ក្នុងវេលាលំបាក

សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ភាសា​​នៃ​ក្តី​ស្រឡាញ់​ត្រូវ​បាន​គេ​ចាត់​ទុក​ជារបៀប​ដែល​អ្នក​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​​មនុស្ស​​ជុំ​វិញ​ខ្លួន មិន​ថា​ឪពុក​ម្តាយ បង​ប្អូន ដៃ​គូ​​ជីវិត​ ក្រុម​គ្រួសារ មិត្តភក្តិ អ្នក​រួម​ការងារ ឬ​​​មនុស្ស​​​​ដែល​បាន​ជួប។ ហើយ​​ភាសា​ក្តី​ស្រឡាញ់ ​ឬ​កាយ​វិការ​នៃ​ក្តី​ស្រលាញ់​ទាំង​នេះគឺ​​​មាន​អ្នក មនុស្ស​គ្រប់​គ្នា និង​រួម​ទាំង​​សព្វ​សត្វ​​ផង​ដែរដែល​ចង់​បាន។ នៅ​ក្នុង​ពេល​វេលា​ ឬ​អាច​ហៅ​ថា​​ស្ថានភាព​លំបាក​​​​ពី​ជំងឺ​រាត​ត្បាត​សកល​(កូវីដ-១៩)អ្នក​ក៏​អាច​​​រៀន​មើល​នូវ​ចំណុច​តូច​ៗ​ខ្លះ​ នៃ​ភាសា​នៃ​ក្តី​ស្រលាញ់ជា​កាយ​វិការ ឬ​​សកម្មភាព​មួយ​ដែល​អ្នក​អាច​ចែក​រំលែក​ក្តី​ស្រលាញ់​​ដល់​អ្នក​ជុំ​វិញ​ខ្លួន​បាន ​ដែល​ជា​គំរូ​​​ល្អ​​ពិសេស​នៅ​ក្នុង​ពេល​ឆ្លង​កាត់​ភាព​លំបាក​ទាំង​អស់​គ្នា​នេះ​។​

.ពាក្យ​សរសើរ​​ចំពោះ​ការ​ធ្វើ​រឿង​ត្រឹម​ត្រូវ

ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ធ្វើ​រឿង​ត្រឹម​ត្រូវ​ប្រៀប​ដូច​​កម្លាំង​ចិត្ត​ជួយ​​​ដល់​អ្នក​​ជុំ​វិញ​ខ្លួន​អ្នក​ដែល​បាន​​​ធ្វើ​កិច្ច​ការងារ​​ជា​ប្រយោជន៍ជា​រឿង​ត្រូវ​ ឱ្យ​បន្ត​និង​រីក​រាយ​ធ្វើ​​រឿង​នោះ​ជា​បន្ត​​ទៀត​។ ហើយ​នេះ ប្រើ​ដូច​ជា​រង្វាន់ ឬ​ជា​ក្តី​ស្រលាញ់​ទៅ​ដល់​​អ្នក​​ដែល​​បាន​ធ្វើ​រឿង​ល្អ​ទាំង​នោះ។ ពាក្យ​សរសើរ​ខ្លះ​ៗ ដែល​​អ្នក​អាច​និយាយ​ទៅ​កាន់​សមាជិក​គ្រួសារដូច​ជា "ចូល​ចិត្ត​ស្នាដៃ​ធ្វើ​ម្ហូប​​ពី​ល្ងាច​មិញ​ណាស់"ឬ​ការ​សរសេរ​ជា ​Note ខ្លី​មួយ​​អរគុណ​ដល់​​សមាជិក​គ្រួសារ​អ្នកដែល​បាន​ធ្វើ​​រឿង​ល្អ​ៗហើយ​នេះ​ជា​​ឧទាហរណ៍​តូច​មួយ​នៃ​​ភាសា​នៃ​​ក្តី​ស្រឡាញ់​​ទៅ​ដល់​ពួក​គេ។

.ការ​ជួយ​​សម្រួល​ការងារ

ពិត​ណាស់​ទាំង​យើង ទាំង​គ្រប់​គ្នា នឹង​មាន​អារម្មណ៍​​រីក​រាយ​កក់​ក្តៅនៅ​ពេល​មួយ​ដែល​អ្នក​កំពុង​​ហត់​នឿយ​​គ្រាំ​គ្រា ប៉ុន្តែ​ស្រាប់​តែ​មាន​ជំនួយ​ពី​នរណា​ម្នាក់​។ ជា​ឧទាហរណ៍​ជាក់​ស្តែង​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ហត់​នឿយ​ធ្វើ​ការ​​ព្យាបាលនិង​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​នៃ​កូវីដដូច​នេះ​មាន​ការ​ផ្តល់​ជំនួយ​ជា​សម្ភារៈជា​កម្លាំង ​ជា​សារ​លើក​ទឹក​ចិត្ត ឬ​មួ​យ​ការ​ចូល​រួម​សហការ​ផ្តើម​ចេញ​ពី​អ្នកក្នុង​ការ​ថែរក្សា​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ និង​វិធាន​ការ​ការពារ​មិន​ឱ្យ​មាន​ការ​រាល​ដាល​បន្ថែមក៏​ជា​ភាសា​នៃ​​ក្តី​ស្រឡាញ់​មួយ​​បង្ហាញ​ទៅ​ដល់​ពួក​គេ​ផង​ដែរដែល​អ្នក​បាន​ជួយ​សម្រួលនិង​បន្ថយ​បន្ទុក​ដល់​ពួក​គាត់​។


. អំណោយ

រាប់​ជា​កាយ​វិការ​នៃ​ក្តី​ស្រឡាញ់​ផង​ដែរសម្រាប់​​របស់​របរ​មួយ​ចំនួន​​ជា​អំណោយ​ទៅ​ដល់​អ្នក​ដែល​ស្រឡាញ់​ពេញ​ចិត្ត​របស់​ទាំង​នោះ​។ អំណោយ​ក្នុង​ន័យ​នេះគឺ​មិន​មែន​សម្តៅ​លើ​សម្ភារៈ​និយម​នោះ​ទេ ប៉ុន្តែ​ជា​​ការ​ចែក​រំលែក​ក្តី​ស្រឡាញ់​​ទៅ​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក​ជា​ឧទាហរណ៍ ប្អូន ​ឬ​កូន​ៗ​អ្នក​​ត្រូវ​ចូល​​រៀន​ថ្នាក់​​ឧត្តម​សិក្សាដែល​តម្រូវ​ការ​​​សម្ភារៈ​សិក្សាដូច​នេះ​អ្នក​អាច​អំណោយ​ដល់​ពួក​គេ​នូវ​សម្ភារៈ​ទាំង​នោះ។ ឬ​មួយអ្នក​ដឹង​ថា​​​លទ្ធ​ផល​សិក្សា​​ពួក​គេ​បាន​ល្អ​ប្រសើរបើ​អ្នក​ដឹង​ពី​វត្ថុឬ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្តក៏​អាច​កាដូ​ជា​អំណោយ​ពួក​គេ​នូវ​របស់​ទាំង​នោះ​តាម​លទ្ធភាព​ដែល​​អាច​ធ្វើ​បាន​ជា​ការ​ប្រសើរ​។

.ការ​ចំណាយ​ពេល​ដោយ​យក​ចិត្ត​ទុក​ដាក់

កូវីដ​រាត​ត្បាត​មិន​ទាន់​ស្រាក​ស្រាន្តប៉ុន្តែ​យើង​នៅ​តែ​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ដោយ​មាន​ពេល​​វេលា​មួយ​ចំនួន​ទៅ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នកដូច​ជា ការ​ចំណាយ​ពេល​ខ្លះ​ខល​ទៅ​សួរ​សុខ​ទុក្ខ​វីដេអូ​ខល ឬ​ចំណាយ​ពេល​វេលា​​មួយ​ផ្នែក​របស់​អ្នក​ជា​មួយ​សមាជិក​គ្រួសារ​ឧទាហរណ៍​​ការ​ចំណាយ​ពេល​ស្តាប់​កូន​ៗ​​រៀប​រាប់​ពី​សកម្មភាព ​ឬ​មេរៀន​ពី​សាលា​ដែល​ពួក​គេ​បានរៀន​នៅ​ថ្ងៃ​នេះ ឬ​នាំ​ពួក​គេ​ទៅ​​កម្សាន្ត​នៅ​ទី​កន្លែង​សម្រាក​ណា​មួយ​សុវត្ថិភាព​​ដែល​នេះ​គឺ​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ក្តី​ស្រឡាញ់​ទៅ​ដល់​ពួក​គេ​​។

.ភាសា​កាយ​វិការ

ចំណុច​តូច​ៗ​ខ្លះ​ក៏​រាប់​ជា​ភាសា​នៃ​ក្តី​ស្រឡាញ់​​ផង​ដែរពោល​គឺ​សូម្បី​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​រួម​ការងារ​ជា​សញ្ញា​មេ​ដៃ ឬ​មួយ​ការ​ប៉ះ​ស្មានៅ​ពេល​មួយ​ពួក​គេ​កំពុង​ស្រ្តេស​ការងារទោះ​បី​ជា​មិន​អាច​ជួយ​អ្វី​បាន ប៉ុន្តែ​សកម្មភាព​ទាំង​នេះក៏​ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថាជា​​សកម្មភាព​មួយ​ដែល​បាន​ធ្វើ​ឱ្យ​អ័រម៉ូន​ Endorphin (អ័រម៉ូន​​ក្នុង​ខួរ​ក្បាលដែល​​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់​) កើត​មាន​ឡើងដែល​នេះ​​ក៏​ត្រូវ​បាន​រាប់​ជា​ក្តី​ស្រឡាញ់​ទៅ​ដល់​អ្នក​ជុំ​វិញ​ខ្លួន​ផង​ដែរ។ បន្ថែម​ពី​នោះ​សកម្មភាព​តូច​ៗជា​ច្រើន​​ទៀត ក៏​រាប់​ផង​ដែរដូច​ជា​ការ​សួរ​សុខ​ទុក្ខការ​ជួយ​សម្អាត ឬ​រៀប​សណ្តាប់​ធ្នាប់​បាន​ស្អាត​នៅ​កន្លែង​ធ្វើ​ការការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​តូច​ៗ ​ក៏​ជា​ការ​ចែក​រំលែក​ក្តី​ស្រឡាញ់​ដល់​ពួក​គេ​ដែរ​៕​