អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នឹងបាត់បង់នីតិសម្បទាក្នុងករណី៥នេះ

ភ្នំពេញ៖ អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលអាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យបាន ត្រូវមានអាជ្ញាបណ្ណ ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

ចំណែកអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបំពេញមុខងារជានាយកបច្ចេកទេស នៃក្រុមហ៊ុនដែលប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ មិនតម្រូវឱ្យមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ។

សម្រាប់នាយកបច្ចេកទេស នៃក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ ត្រូវបំពេញមុខងារដោយឯករាជ្យ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។

យោងតាមច្បាប់ស្តីពីសំណង់ មាត្រា ១៦ បានឱ្យដឹងថា អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីណាមួយដូចខាងក្រោម៖

  • លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
  • បានប្រព្រឹត្តិកំហុសវិជ្ជាជីវៈដែលនាំទៅដល់ការផ្អាកឬ ការដកហូតអាជ្ញាបណ្ណប្រកវិជ្ជាជីវៈ
  • មានបញ្ហាសុខភាព ដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ដោយមានបញ្ជាក់ពីគ្រូពេទ្យជំនាញ ឬបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ
  • បានទទួលការប្រកាសក្ស័យធនដោយតុលាការ
  • ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា  ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ។

មាត្រាដដែលបញ្ជាក់ថា នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ អាចត្រូវបានផ្តល់ឡើងវិញ ក្រោយរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃដកហូតអាជ្ញាបណ្ណ។

ក្នុងករណីបាត់បង់នីតិសម្បទា ក្នុងការប្រកបវិជ្ជាជីវៈដោយមូលហេតុត្រូវបានផ្តន្ទាទោស ពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈនេះ អាចត្រូវបានផ្តល់ឡើងវិញ បន្ទាប់ពីសាមីខ្លួនបានទទួលនីតិសម្បទាឡើងវិញ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ៕