ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសមានការរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់បណ្តាខេត្តក្រុងមួយចំនួន ហាក់នៅមិនទាន់មានការរីកចំរើនផ្នែកវិស័យសំណង់ និងអចលនទ្រព្យខ្លាំងក្លាដូចរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប និងខេត្តសក្ដានុពលមួយចំនួនទៀតនោះទេ។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា មានកត្តាសំខាន់ៗចំនួន ៤ ដែលធ្វើឱ្យខេត្តក្រុងចំនួនរបស់កម្ពុជា មិនសូវមានភាពរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យ ស្របពេលដែលខេត្តក្រុងសំខាន់ៗមួយចំនួន មានការអភិវឌ្ឍយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ ជាក់ស្ដែងដូចជាក្រុងព្រះសីហនុជាដើម។
លោកបានពន្យល់ថា ហេតុផលទី១ គឺដង់ស៊ីតេប្រជាជននៅមានកម្រិត ពោលគឺប្រសិនបើនៅក្នុងខេត្តក្រុងមានប្រជាជនរស់នៅតិច ជាកត្តាធ្វើឱ្យអចលនទ្រព្យមិនមានការរីករចំរើន ហើយបើជំរុញការសាងសង់ តើសាងសង់ដើម្បីអ្វី?។
ទី២ លំហូរនៃការធ្វើពាណិជ្ជកម្មមិនសូវមាន ក៏ធ្វើឱ្យវិស័យអចលនទ្រព្យមិនសូវមានការរីកចំរើនផងដែរ មិនដូចទៅនឹងខេត្តមួយចំនួនជាប់ព្រំដែន ដែលមានលំហូរពាណិជ្ជកម្ម មានតម្រូវការស្នាក់នៅ និងមានការរីកចំរើនលើវិស័យអចលនទ្រព្យគួរឱ្យកត់សម្គាល់ ។
ទី៣ គឺកត្តាទេសចរណ៍ ព្រោះនៅខេត្តក្រុងណាដែលមានសក្ដានុពល និងភាពទាក់ទាញលើវិស័យទេសចរណ៍ (មានរមណីយដ្ឋានទេសចរណ៍ និង កន្លែងលេងកម្សាន្តច្រើន) ក៏ធ្វើឱ្យមានការរីកចំរើនលើវិស័យអចលនទ្រព្យផងដែរ។ នៅពេលមានភ្ញៀវទៅលេងកម្សាន្តកាន់ច្រើន វាជួយជំរុញឱ្យមានតម្រូវការស្នាក់នៅ ការផ្គត់ផ្គង់ចំណីអាហារ ផ្នែកបដិសណ្ឋារកិច្ច និងអាជីវកម្មផ្សេងៗទៀត។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យរូបនេះបានបន្តទៀតថា នៅមានកត្តាទី៤ រួមផ្សំផ្សេងទៀត ដែលជាចលករសំខាន់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនផ្នែកវិស័យសំណង់ផងដែរ នោះគឺការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល។ ភាពកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត/ក្រុង គឺជារណាំងមួយនៃការអភិវឌ្ឍអចលនទ្រព្យផងដែរ។ ដូច្នេះត្រូវទាមទារឱ្យមានកត្តាសំខាន់ៗដូចការលើកឡើងខាងនេះទើបកិច្ចអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យមានដំណើរការទៅបាន។
ទោះជាយ៉ាងណាក៏ដោយ លោក ឃាង ពុទ្ធី បានបញ្ជាក់ថា ចំពោះការអភិវឌ្ឍហេដ្ឋារចនាសសម្ព័ន្ធនេះ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍ ក្រោមការរៀបចំជាគម្រោង និងប្លង់មេយ៉ាងត្រឹមត្រូវ និងបោះជំហានអភិវឌ្ឍន៍តាមដំណាក់កាល ប៉ុន្តែអ្វីដែលសំខាន់ក៏ត្រូវទាមទារឱ្យថ្នាក់ក្រោមជាតិរួមមានមន្ត្រីថ្នាក់ខេត្ត និងស្រុក ត្រូវគិតគូរទៅលើផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ និងសកម្ម ទើបធ្វើឱ្យសង្គមជាតិមានភាពរីកចម្រើន និងបង្កើនភាពទាក់ទាញលើការវិនិយោគបន្ថែមពីវិស័យឯកជន៕