ការគេចចេញពីការធ្វើចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារ បើសិនឆ្លងកូវីដ១៩ ដល់អ្នកដទៃ

រាជធានីភ្នំពេញ៖ ច្បាប់ស្តីពី  "វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីឌ-១៩ និងជំងឺឆ្លងកាចសាហាវ  និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត" ត្រូវបានប្រកាសឲ្យប្រើ ដោយប្រមុខរដ្ឋស្ដីទី សម្ដេចសាយ ឈុំ នាល្ងាចថ្ងៃ១១ មីនានេះ បន្ទាប់ពីត្រូវបានប្រជុំសម្រេចពិនិត្យចប់សព្វគ្រប់ដោយ ព្រឹទ្ធសភាជាតិ។

យើងលើកយកមាត្រាទី៧ និងទី៨ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មាត្រាទី៧ -- បទគេចវេះ ពីការធ្វើចត្តាឡីស័កឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក

មានខ្លឹមសារទាំងស្រុងថា៖ អំពើគេចវេះ ពីការធ្វើចត្តាឡីស័កឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលពិន័យអន្តរការណ៍ តាមការកំណត់នៅក្នុងអនុក្រឹត្យ។ 

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៦(ប្រាំមួយ)ខែ ទៅ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី  ២.000.000 (ពីរលាន) រៀល ទៅ១០ .000.000 (ដប់លាន) រៀល កាលបើអំពើខាងលើនេះ បានបណ្ដាលឲ្យមានការចម្លង ជំងឺកូវីដ១៩ ដល់អ្នកដទៃ៕

មាត្រាទី ៨ បទគេចវេះ ពីការព្យាបាលឬគេចចេញពីទីកន្លែងព្យាបាល

មានខ្លឹមសារទាំងស្រុងថា៖ អំពើគេចវេះ ពីការតម្រូវឲ្យ ទទួលការព្យាបាលឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាលឬការប៉ុនប៉ងប្រព្រឹត្តិអំពើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ) ឆ្នាំ ទៅ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី៥ .000.000 (៥លាន) រៀលទៅ ២០.000.000 (ម្ភៃលាន)រៀល។

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ) ឆ្នាំទៅ ១០(ដប់) ឆ្នាំ កាលបើអំពើខាងលើនេះ បានបណ្ដាលឲ្យមានការចម្លង ជំងឺកូវីដ១៩ ដល់អ្នកដទៃ៕