សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ
សម្រាប់យើងជាមនុស្សធំអារម្មណ៍ស្រ្តែសនឹងរឿងកូវីដជារឿងមួយដែលយើងអាចមានវិធីដោះស្រាយបានខ្លះ ប៉ុន្តែសម្រាប់កូនក្មេងជារឿងមួយផ្សេងដោយហេតុថាអារម្មណ៍ពួកគេឆ្លើយតបទៅនឹងស្ថានភាពតានតឹងនេះគឺក្នុងកម្រិតមួយផ្សេងៗតាមវ័យរបស់ពួកគេ ដូចជាទារតាមប៉ាម៉ាក់ច្រើន នៅមិនស្ងៀម ទើសទែងនឹងរបស់របរ យំយែកច្រើន ឬពេលខ្លះមាននោមច្រើនក៏មាន នេះបើតាមការផ្សាយរបស់អង្គការសុខភាពពិភពលោក(WHO)។
តាមរយៈអង្គការអន្តរជាតិមួយនេះ ក៏បានណែនាំជាចំណុចមួយចំនួនដូចខាងក្រោមដែលប៉ាម៉ាក់ ឬមនុស្សធំអាចជួយដល់អារម្មណ៍ក្មេងៗ នៅអំឡុងពេលស្ថានភាពតានតឹងនៃជំងឺមួយនេះ៖
១. ឆ្លើយតបនឹងអារម្មណ៍របស់ក្មេងៗតាមរយៈរបៀបគាំទ្រដល់ពួកគេដូចជាស្តាប់នូវអារម្មណ៍កង្វល់របស់ក្មេងៗ និងផ្តល់ក្តីស្រលាញ់បន្ថែមដល់ពួកគេ និងមានពេលវេលាខ្លះយកចិត្តទុកដាក់លើអារម្មណ៍ពួកគេ។
២. ក្មេងៗច្រើនត្រូវការក្តីស្រលាញ់ពីមនុស្សធំ ក៏ដូចជាការយកចិត្តទុកដាក់ពីមនុស្សធំផងដែរនៅអំឡុងពេលវេលាលំបាកៗផ្សេងៗ។ គួរមានពេលសម្រាប់ពួកគេស្តាប់ និងនិយាយពាក្យល្អៗដល់ពួកគេនិងជាដំបូន្មានខ្លះកុំឱ្យពួកគេមានអារម្មណ៍ភ័យខ្លាចខ្លាំង។ បើមានឱកាសឆ្លៀតបានគួរនាំពួកគេលេង និងសម្រាក។
៣. ព្យាយាមនិងរក្សាភាពជិតស្និទ្ធកក់ក្តៅ នៃគ្រួសារដោយការមានពេលនៅជាមួយកូនៗ ឬឱ្យកូនៗនៅជាមួយសមាជិកគ្រួសារដែលពួកគេស្រលាញ់ចូលចិត្ត។ ករណីដែលការត្រូវឃ្លាតគ្នាកើតមានក៏គួរព្យាយាមមានទំនាក់ទំនងជាមួយពួកគេមិនថាតាមទូរសព្ទ ឬមធ្យោបាយផ្សេងៗ និងនិយាយពាក្យល្អៗដល់ពួកគេ។
៤. រក្សាបាននូវទម្លាប់ល្អជាប្រចាំជាមួយកូនៗ ឬអាចបង្កើតសកម្មភាពជាទម្លាប់ថ្មីក្នុងបរិបទថ្មីនៃការរាលដាលកូវីដរួមមានការជួយសម្រួលពួកគេក្នុងការសិក្សាតាមអនឡាញ និងលេង ឬសម្រាកក្នុងទីកន្លែងដែលមានសុវត្ថិភាព។
៥. អាចនិយាយប្រាប់ពួកគេនូវអ្វីដែលបានកើតឡើងអ្វីកំពុងកើតឡើងនិងប្រាប់ពួកគេនូវព័ត៌មានច្បាស់អំពីរបៀបដែលការពារខ្លួនពីជំងឺនេះហើយនៅក្នុងកម្រិតពាក្យនិយាយមួយដែលពួកគេអាចស្តាប់យល់បានទៅតាមវ័យរបស់ពួកគេ (ជាឧទាហរណ៍ក្នុងរបៀបមិនឱ្យពួកគេភ័យខ្លាចខ្លាំង) ឧទាហរណ៍ដូចជាការមានសមាជិកណាម្នាក់អាចនឹងត្រូវទៅព្យាបាលជំងឺនេះនៅមន្ទីរពេទ្យគួរប្រាប់ពួកគេថាសមាជិកទាំងនោះឈឺមិនស្រួលខ្លួនដូចនេះត្រូវទៅមន្ទីរពេទ្យដើម្បីឱ្យពេទ្យជួយព្យាបាលពួកគេឱ្យជាវិញ៕
ប្រភព៖ WHO