អ្នកជំនួញស្ទើរតែទូទាំងពិភពលោកសុទ្ធតែកោតសរសើរ Steve Jobs ដោយសារហេតុផលមួយគឺគាត់មានទស្សនវិស័យច្បាស់លាស់ក្នុងការធ្វើបដិវត្តឧស្សាហកម្មបច្ចេកវិទ្យាទាំងស្រុង។ សូម្បីតែសព្វថ្ងៃនេះ ទោះបីក្រោយមរណភាពរបស់គាត់ច្រើនឆ្នាំមកហើយក្ដីមនុស្សជាច្រើននៅតែចាត់ទុកលោក Steve Jobs ជានិម្មិតរូបរបស់ពួកគេ។ ឆ្លងតាមកិច្ចសម្ភាសន៍មុនៗរបស់លោក គេនៅតែរកឃើញដំបូន្មានដ៏មានតម្លៃជាច្រើនដែលមនុស្សគ្រប់គ្នាអាចយកមកពិចារណា ឬអនុវត្តតាមដើម្បីភាពជោគជ័យ និងការបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ។
១. ដើម្បីជោគជ័យ ចូរស្វែងរកការងារណាដែលអ្នកមានការស្រលាញ់ក្នុងនោះ
ក្នុងអំឡុងសន្និសីទ D5 ក្នុងឆ្នាំ២០០៧ មានអ្នកចូលរួមម្នាក់បានសួរសំណួរទៅលោក Steve Jobs ថា គាត់មានដំបូន្មានអ្វីដើម្បីឱ្យអ្នកជំនួញទាំងអស់អាចកសាងក្រុមហ៊ុនដ៏មានតម្លៃបាន? លោក Jobs បានឆ្លើយថា ដើម្បីជោគជ័យ អ្នកត្រូវតែមានក្ដីស្រលាញ់នៅក្នុងការងារដែលអ្នកកំពុងធ្វើ។ លោកបានពន្យល់ថា ការកសាងមុខជំនួញមួយគឺមិនមែនជារឿងងាយស្រួលទេ។ ដូច្នេះដើម្បីទទួលបានជោគជ័យអ្នកត្រូវតែប្រឹងធ្វើការឱ្យខ្លាំង ហើយព្យាយាមជម្នះឧបសគ្គដែលកើតឡើងជាបន្តបន្ទាប់ដោយកុំចុះចាញ់។
លោកថា នៅពេលជួបឧបសគ្គម្ដងហើយម្ដងទៀតមនុស្សភាគច្រើននឹងបោះបង់។ ប៉ុន្តែសម្រាប់អ្នកដែលស្រលាញ់អ្វីដែលពួកគេកំពុងធ្វើ ពួកគេនឹងនៅតែក្រាញននៀលនេះក៏ព្រោះតែការជំរុញចិត្តពីខាងក្នុង ពោលគឺមិនមែនកត្តាខាងក្រៅឡើយ។
២. កុំខ្វល់ខ្វាយនឹងអ្វីដែលអ្នកដទៃរំពឹងពីខ្លួនយើង
លោក Jobs បានបន្តឱ្យដំបូន្មានមនុស្សដែលលោកបានជួប ឱ្យកុំខ្វល់ពីអ្វីដែលអ្នកដទៃមើលមកយើងហើយបង្រៀនឱ្យពួកគេ បង្កើតអ្វីដែលជារបស់ផ្ទាល់ខ្លួនសម្រាប់ការរស់នៅ។ ជាអាទិ៍កាលពីឆ្នាំ១៩៩៤ ក្នុងកិច្ចសម្ភាសន៍ ជាមួយសមាគមន៍ប្រវត្តិសាស្ត្រ The Santa Clara Valley លោក Jobs ជឿជាក់ថា មនុស្សគ្រប់គ្នាមានសិទ្ធិអំណាចក្នុងការផ្លាស់ប្ដូរជីវិតរបស់ពួកគេដោយផ្ទាល់ មិនមែនអ្នកដទៃណាម្នាក់ឡើយ។
លោកបានពោលពាក្យជាច្រើនឃ្លាថា “ពេលវេលារបស់អ្នកសុទ្ធតែមានកំណត់ ដូច្នេះចូរកុំខ្ជះខ្ជាយពេលរបស់អ្នកទៅរស់នៅក្នុងជីវិតរបស់អ្នកដទៃ” ។ “កុំបណ្ដោយខ្លួនឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ នៃការគិតរបស់អ្នកដទៃ” “កុំបណ្ដោយឱ្យសំឡេងរបស់អ្នកដទៃ មកបំផ្លាញទឹកចិត្តដែលខំប្រឹងសាងរបស់អ្នក”។
៣. ជម្នះភាពភ័យខ្លាចនៃបរាជ័យ
ក្នុងកិច្ចសម្ភាសដដែលនៅឆ្នាំ១៩៩៤ លោក Jobs បានលើកឧទាហរណ៍មួយកាលដែលលោកអាយុ១២ឆ្នាំ ហើយបានខលទៅសុំគ្រឿងបន្លាស់ពីលោក Bill Hewlett ដែលជាសហស្ថាបនិកក្រុមហ៊ុន Hewlett-Packard ដើម្បីយកមកផលិតឧបករណ៍គណនាប្រេកង់។ ពេលនោះ Hewlett មិនត្រឹមតែបានផ្ដល់គ្រឿងបន្លាស់ដែល Steve ចង់បាននោះទេគាត់ថែមទាំងបានជួល Steve ឱ្យមកធ្វើការជាអ្នកផ្គុំគ្រឿងឧបករណ៍គណនាប្រេកង់នេះថែមទៀតផង។
ឧទាហរណ៍មួយនេះបានបង្ហាញថា ជោគជ័យនឹងកើតមាននៅពេលដែលអ្នកមានចេតនាធ្វើសកម្មភាពនិងធ្វើតាមអ្វីដែលអ្នកចង់បាន ឱ្យតែវាជារឿងសុច្ចរិត។ ក្រៅពីមិនភ័យខ្លាចចំពោះការបដិសេធរបស់លោក Hewlett ហើយនោះ លោកJobs បានទទួលឱកាសដែលអាចរកកម្រៃបានទៀតផង៕