រកស៊ីឬធ្វើការ ត្រូវតែស្គាល់ពីដៃគូសហការឱ្យបានច្បាស់ទើបរីកចម្រើន

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ

មិនថាការធ្វើការងារ ឬការរកស៊ីនោះទេការងារទំនាក់ទំនងនិងសហការ គឺជាផ្នែកមិនអាចខ្វះបានព្រោះគ្មានការងារសំខាន់ៗណា ដែលអាចធ្វើតែម្នាក់ឯងបាននោះទេ។ ដើម្បីសម្រេចការងារ​បានល្អ ចាំបាច់ណាស់ត្រូវតែបង្កើតកិច្ចសហការល្អ ឬធ្វើការងាររួមគ្នាដើម្បីឈានទៅសម្រេច​សម្មិទ្ធផលរួម តែការសហការគ្នានេះ ចាំបាច់ត្រូវតែ​ចេះសហការបើមិនដូច្នោះទេ វានឹងធ្វើឱ្យយើងជួបផលលំបាកមកវិញ។

លោកស្រី យូ បូរី អ្នកជំនាញផ្នែកធនធានមនុស្សបានលើកឡើងថា ការសហការគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់​ការរកស៊ីឬការធ្វើការងារ តែប្រសិនបើយើងមិនយល់ច្បាស់ពីវិធីក្នុងការសហការ នោះយើងនឹងអាចបង្កើតជាជម្លោះឬជួបបញ្ហាឥតឈប់ឈរ។ លោកស្រីថា ដើម្បីបង្កើតទំនាក់ទំនងបានល្អមនុស្សម្នាក់ៗចាំបាច់ត្រូវយល់ពីប្រភេទ និងចិត្តសាស្រ្តរបស់មនុស្សឱ្យបានច្បាស់លាស់ ដើម្បីដឹងថា​តើដៃគូសហការជាមួយយើងនោះជាមនុស្សប្រភេទណាខ្លះ? ហើយគួរ​រៀបចំរបៀបធ្វើការងារបែបណាខ្លះ ដើម្បីអាចធ្វើការងារជាមួយគ្នាដោយរលូន។

លោកស្រី យូ បូរី បាននិយាយថា៖ «​មានអ្នកខ្លះ​ចង់រើសដៃគូសហការ ឬដៃគូរកស៊ីប្រភេទដូចគ្នា ដើម្បីងាយស្រួលសហការគ្នា។ការធ្វើបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះវាអាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិ»។

អ្នកជំនាញផ្នែកធនធានមនុស្សខាងលើបានបន្ថែមទៀតថា មនុស្សទាំងអស់ត្រូវបានគេបែងចែកជា៤ទម្រង់សំខាន់ៗដែលមានក្បួនសំខាន់មួយសម្រាប់វាស់វែងគឺ DISC។ ប្រសិនបើដៃគូជាមនុស្សដែលស្ថិតក្នុងប្រភេទ D ដូចគ្នានោះនៅពេលមានជម្លោះឬមានគំនិតផ្ទុយគ្នា ច្បាស់ណាស់គឺពួកគេមានគំនិតដាច់ខាតដូចគ្នា ហេតុនេះមិនអាចរកដំណោះស្រាយបាននោះទេ។ 

បន្ថែមពីលើនេះ ប្រសិនបើមនុស្សម្នាក់ស្ថិតក្នុងប្រភេទ S ដូចគ្នាហើយធ្វើការងារជាមួយគ្នាពួកគេអាចនឹងជាមនុស្សដែលរារែក វិភាគច្រើន ដូចគ្នា។ ហេតុនេះបើរកស៊ីជាមួយគ្នា ហើយត្រូវការសម្រេចចិត្តច្បាស់ថានឹងមិនចេញជាលទ្ធផលបាននោះទេដោយសារតែពួកគេគិតវែងឆ្ងាយពេករហូតហួស​ឱកាសទៅបាត់។ 

ជារួមការសហការគ្នា ត្រូវការមនុស្សប្រភេទផ្សេងៗគ្នា តែត្រូវការយល់វិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងឱ្យបានល្អទើបអាចធានាថា យើងអាចប្រើប្រាស់​សមត្ថភាព​និងសមត្ថភាពរបស់សមាជិកម្នាក់ៗ ដើម្បីបំពេញបន្ថែមឱ្យគ្នាឱ្យកាន់តែរីកចម្រើន៕