វិស័យសំណង់នៅកម្ពុជានឹងកាន់តែរីកចំរើនបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកូរ៉េបានចូលជាធរមាន

ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអះអាងថា វិស័យសំណង់របស់កម្ពុជានឹងកាន់តែបន្តមានភាពរីកចំរើនបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ចូលជាធរនៅក្នុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ជាពិសេសក្រោយពេលវិបត្តិកូវីដត្រូវបានស្ងប់ស្ងាត់ជាងពេលនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ Krama post កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការ និងបានអនុវត្តដោយពេលញលេញហើយនោះ រាល់ការវិនិយោគនឹងមានលំហូរចូលមកកាន់កម្ពុជាកាន់តែច្រើន ដែលនឹងធ្វើឱ្យវិស័យសំណង់នឹងដើរទន្ទឹមគ្នា។ 

លោកឧកញ៉ា លឹម ហេង ថ្លែងថា «ធម្មតាទេ នៅពេលដែលគាត់មក (វិនិយោគិនកូរ៉េ)ចូលមក  គឺគាត់ចាំបាច់ត្រូវការទីតាំងសម្រាង់សាងសង់រោងចក្រ សហគ្រាស ការិយាល័យធ្វើការ និងអគារស្នាក់នៅ ដែលទាំងអស់នឹងចូលរួមចំណែកដល់វិស័យសំណង់របស់កម្ពុជាផងដែរ» ។

បើតាមលើកឡើងរបស់លោកឧកញ៉ា លឹម ហេង មិនត្រឹមតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលបានចុះហត្ថលេខាកន្លងមកនេះនោះទេ សូម្បីតែកម្មវិធីអនុគ្រោះពន្ធ EBA  និងកម្មវិធី GSP របស់អង់គ្លេស ក៏អ្នកវិនិយោគិនអន្តរជាតិត្រូវការដីធ្លី សាងសង់រោងចក្រសហគ្រាសយ៉ាងច្រើនដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ធ្លាប់បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកកាលពីដើមខែកុម្ភនេះថា កម្ពុជា និងកូរ៉េខាងត្បូង អាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ នៅក្នុងឱកាសណាមួយនៃជំនួបរវាងនាយករដ្ឋមន្ត្រី និងប្រធានាធិបតីប្រទេសទាំងពីរ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ (CKFTA) មានគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ ប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័ស ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ១៩។ ជាមួយគ្នានេះ CKFTA នឹងត្រួសត្រាយផ្លួវឲ្យប្រទេសទាំងពីរ អាចយកឈ្នះនូវជំងឺកូវីដ១៩ និងស្វែងរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ 

គួរកត់សម្កាល់ថា កម្ពុជាគឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូង ដែលមានទំនិញសំខាន់ៗ ដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជាវិញ បាននាំទំនិញទៅកូរ៉េខាងត្បូង ភាគច្រើន គឺជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូប ជាដើម។

នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣.៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ៩៥.៦ភាគរយលើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។ 

យោងតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បង្ហាញថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង៨៨៥លានដុល្លារអាមេរិក ពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ដែលមានទំហំប្រមាណ១ពាន់លានដុល្លារអាមេរិក៕