ដកស័ក្តិ និងបណ្តេញអធិការស្រុកកំរៀង ចេញពីក្របខណ្ឌនគរបាល រឿងដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។

ការចេញអនុក្រឹត្យសម្រេចដកស័ក្តិនេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។

លោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន៕