៤​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ម្នាក់​នៅ​កន្លែង​ធ្វើការ

ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ម្នាក់​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ។ ធ្វើ​ជា​អ្នក​ដឹកនាំ​មិន​ចាំបាច់​ទាល់​តែ​មាន​តួនាទី​ជា​នាយកប្រតិបត្តិ ឬ​នាយករង​នោះ​ទេ ប៉ុន្តែ​គឺ​មិន​ថា​អ្នកមាន​តួនាទី​ជា​អ្វី​នោះទេ អ្នក​អាច​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំនិង​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​គ្រប់​កាលៈទេសៈ។ ខាងក្រោម​នេះគឺ​ជា​គន្លឹះ​៤​យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​​ពី​ពេល​នេះ​ទៅ​ដើម្បី​ដុះខាត់​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អ្នក​ឱ្យ​កាន់​តែ​លេចធ្លោ។

១.ដឹកនាំ​គេ​ដោយ​ធ្វើ​ជា​គំរូ

រឿង​ដំបូង​បង្អស់​ដែល​អ្នក​ដឹកនាំ​ដ៏​ល្អ​ម្នាក់​តែង​ធ្វើ​គឺ​ធ្វើ​ជា​គំរូ​ដល់​គេ។ ពួកគេ​មិន​ដែល​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ​ចំពោះ​ក្រុមការងារ ហើយ​ក៏​មិន​ភ័យ​ខ្លាច​ក្នុង​ការ​បោះ​ដៃ​ជួយ​ក្នុង​ការ​លំបាក​របស់​ក្រុម​ដែរ។

នៅ​ពេល​ដែល​ក្រុមការងារ​ឃើញ​អ្នក​ដឹកនាំ​របស់​គេ​ស្វាហាប់ប្រឹងប្រែង​ធ្វើ​ការ និង​មាន​ទំនាក់ទំនង​ល្អ​ដើម្បី​ឱ្យ​ការងារ​បាន​បញ្ចប់​ដោយល្អ​ នោះពួកគេ​នឹង​កើត​គំនិត​ចង់​ធ្វើ​តាម​ជា​មិន​ខាន។

២.ស្វែងយល់​ពី​ក្រុម​ការងារ​របស់​ខ្លួន

ជា​អ្នក​ដឹកនាំ​ម្នាក់ អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​បំផុត​ជាមួយ​ក្រុមការងារ​ឡើយ។ ការពិត​ ដើម្បី​ឱ្យ​ដំណើរការ​ការងារ​បាន​ល្អ អ្នក​គួរ​បង្កើត​ខ្សែ​មួយ​ចំនួន​រវាង​ភាព​ជិតស្និទ្ធ កាតព្វកិច្ចការងារ និង​រឿង​ផ្ទាល់​ខ្លួន​ជា​ដើម។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​តែ​ស្វែងយល់​ពី​ក្រុម​ការងារ​របស់​អ្នក​ឱ្យ​បាន​ច្បាស់ដើម្បី​ដឹង​ថា​អ្នក​ណា​គួរ​ប្រើ​វិធី​ណា​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​បាន​រលូន ព្រោះ​គ្រប់​គ្នា​មាន​ចំណុច​ពិសេសនិង​ចំណុច​អាក្រក់​រៀង​ខ្លួន អ្នក​មិន​អាច​ប្រើ​វិធី​សាស្ត្រ​មួយ​ឱ្យ​ត្រូវ​ជាមួយ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។

៣.កសាង​​ការ​ជឿ​ជាក់

គ្រប់​អ្នក​ដឹកនាំ​ល្អ​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​រឿង​មួយ​ដូច​គ្នា​ នោះ​គឺ​ការ​បង្កើត​ភាព​ជឿជាក់​សម្រាប់​ក្រុម​ការងារ​របស់​ពួក​គេ។ ធ្វើ​ជា​អ្នក​ដឹក​នាំអ្នក​ត្រូវ​ចេះ​បង្កើត​បរិយាកាស​អព្យាក្រឹត ​ដែល​អ្នក​គ្រប់​គ្នា​ក្នុង​ក្រុម​អាច​បង្ហាញ​អារម្មណ៍ការ​លំបាក  បញ្ហា​ប្រឈម និង​គំនិត​យោបល់​របស់​ពួក​គេ​ដោយ​ត្រង់ៗ ​បង្កើន​ផលិតភាព​ការងារ និង​ភាព​ពេញ​ចិត្ត​ចំពោះការងារ​របស់​ពួក​គេ។​ ​ចំណុច​មួយ​នេះ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​ក្រុម​តូច​នេះ​ទេ តែ​គឺ​ជះ​ឥទ្ធិពល​ល្អ​ដល់​ក្រុមហ៊ុន​ទាំង​មូល​តែ​ម្ដង។

៤.បន្ត​រៀន​បន្ថែម​

អ្នក​ដឹកនាំ​ល្អ​តែង​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន និង​តែង​តែ​ស្វះស្វែង​រក​ចំណេះ​បន្ថែម​គ្មាន​ពេល​បញ្ចប់​ឡើយ។ មេរៀន​ថ្មីៗ​ដែល​ពួក​គេ​អាច​បង្កើន​ចំណេះដឹង​បាន​មិន​ថា​ជា​សៀវភៅ ការ​ស្ដាប់​Podcast ការ​ចូល​រួម​សិក្ខាសាលា ឬ​ស្ដាប់​ការ​ចែក​រំលែក​ពី​អ្នក​មាន​បទ​ពិសោធន៍​ជាង​ខ្លួន​ជា​ដើម។ ដូច្នេះ​ជា​អ្នក​ដឹក​នាំ​គេ ទោះ​បី​អ្នក​មាន​សញ្ញាបត្រ​ខ្ពស់​កម្រិត​ណា ឬ​អាយុ​ច្រើន​ប៉ុណ្ណា មិន​គួរ​លើក​តម្កើង​ខ្លួន​ជ្រុល ហើយ​គិត​ថា​ខ្លួន​ឯង​មាន​ចំណេះដឹង​លើស​គេ​នោះ​ទេ ​ព្រោះ​ជំនាញ​ត្រូវ​ការ​ដុះ​ខាត់​ និង​បន្ថែម​ភាព​ជឿនលឿន​ទៅ​មុខ​រហូត មិន​អ៊ីចឹង​អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​តាម​បែប​ចាស់​គំរឹល និង​ចង្អៀតចង្អល់​ជា​មិន​ខាន៕