គំនិតរកស៊ីដោយមិនមានរបស់ខ្លួនឯងពី​ក្រុមហ៊ុន​យក្ស​ទាំង​៣

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីលោក Elon Musk និង Mark Zuckerberg មានទ្រព្យសម្បត្តិកាន់តែ​ស្ដុក​ស្ដម្ភទៅៗដែរទេ? គំរូអាជីវកម្មរបស់ពួកគេអាចនឹងផ្ដល់ចម្លើយវិជ្ជមានសម្រាប់ចម្ងល់របស់អ្នក។

ដូចដឹងស្រាប់ហើយថា Facebook ភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សគ្រប់ទីកន្លែង Amazon ភ្ជាប់​ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ចំណែក Airbnb ភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អគារ ឬផ្ទះ​ទៅ​នឹង​អ្នកដែលកំពុងស្វែងរកកន្លែងស្នាក់នៅ។ ម្ចាស់ជំនួញទាំងនេះមិន​ចាំបាច់មានផលិតផលផ្ទាល់​ខ្លួន​ឡើយ ពោលគឺពួកគេគ្រាន់តែរិះរកវិធីដើម្បីភ្ជាប់ទំនាក់ទំនង​របស់មនុស្ស​ប៉ុណ្ណោះ ហើយ​ចាំ​តែ​កើប​លុយ​ជា​បន្ត​បន្ទាប់។

Facebook

លោក ​Mark Zuckerberg​ បាន​បង្កើត​មធ្យោបាយ​មួយ​ដែល​អាច​ឱ្យ​មនុស្ស​គ្រប់​គ្នា ​ទោះ​បី​ជា​​បាត់​ការ​ទាក់​ទង​គ្នា​យូរ​ប៉ុណ្ណា ឃ្លាត​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា មិន​ថា​ជា​មិត្ត​ធ្លាប់​រៀន​សាលា​ជាមួយ​គ្នា សមាជិក​គ្រួសារ​ដែល​បែក​គ្នា​យូរ មិត្តភ័ក្ដិ ឬ​អ្នក​ណា​ឡើយ។ អ្នក​អាច​ស្វែងរក​ពួក​គេ​បាន​ដោយ​គ្រាន់​តែ​ស្គាល់​ឈ្មោះ​ ហើយ​រក​ពួក​គេ​នៅ​លើ​បណ្ដាញ​​សង្គម​យក្ស​នេះ​បាន។ មិន​តែ​ប៉ុណ្ណោះ​ Facebook ក៏​មាន​កន្លែង​ដែល​ផ្សារភ្ជាប់​អ្នក​លក់​ទៅ​នឹង​អ្នក​ទិញ ជួយ​ឱ្យ​មុខ​ជំនួញ​នានា​អាច​កសាង​កេរ្តិ៍ឈ្មោះ ​ម៉ាក​យីហោ និង​ភាព​ជឿ​ទុក​ចិត្ត​របស់​ខ្លួន​បាន​ផង​ដែរ។

ចុះ​ថា​តើ​ធ្វើ​ម៉េច​ទៅ​មធ្យោបាយ​ខ្ចី​ដៃ​គេ​ប្រើ​នេះ​អាច​បង្កើត​លុយ​ឱ្យ​លោក​ Mark បាន? ពិត​ណាស់ មាតិកា (Content) គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មុខ​ជំនួញ​ជា​ច្រើន​នៅ​លើ​អ៊ីនធឺណិត ឬបណ្ដាញ​សង្គម ដែល​នេះ​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​បញ្ចេញ​ទំនាក់ទំនង​ជាមួយ។ Mark បាន​បង្កើត​វេទិកា​មួយ​ដែល​មនុស្ស​អាច​បង្កើត​មាតិកា​ដោយ​ខ្លួន​ឯង​​ដោយ​​ឥត​គិត​ថ្លៃដើម្បី​ជា​ការ​កម្សាន្ត ​ឬ​ចំណេះដឹង​សម្រាប់​ពួកគេ។ យូរ​ទៅ Mark​បាន​បង្កើត​មធ្យោបាយ​បន្ថែម​ដោយ​ទាញ​រក​ប្រាក់​ចំណេញ​ គឺ​​មុខ​ងារ​ផ្សព្វផ្សាយ​មាតិកា​ទាំង​នោះ​​សម្រាប់​អាជីវកម្ម ឬ​ផ្សព្វផ្សាយ​ផលិតផល​ដើម្បី​អាច​សាយភាយ​ទៅ​ដល់​អតិថិជន​គោលដៅ​របស់​ពួក​គេ។ នេះ​គឺ​ជា​វិធី​រក​លុយ​ដ៏​វៃឆ្លាត​បំផុត។

Amazon

និយាយ​ពី​ពាណិជ្ជកម្ម​តាម​បែប​អេឡិចត្រូនិច Amazon អាច​ចាត់​ចូល​ជា​យក្ស​ដ៏​ធំ​មួយ​ក្នុង​វិស័យ​នេះ​តែ​ម្ដង ហើយ​វិធី​រក​លុយ​របស់​ក្រុមហ៊ុន​នេះ​ក៏​មិន​ចាំបាច់​ហត់​អី​ដែរ។ ពួក​គេ​មិន​ចាំបាច់​មាន​ផលិតផល​អ្វី​ដែល​ត្រូវ​​លក់​ដោយ​ខ្លួន​ឯង​ឡើយ តែ​អាច​រក​លុយ​បាន​តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​លក់ និង​អ្នក​ទិញ​ដែល​នៅ​ជុំវិញ​ពិភពលោក។

Amazon គឺ​ជា​ផ្សារ​អេឡិចត្រូនិក​ដែល​​អ្នក​លក់​​អាច​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​នៅ​វេទិកា​នេះ ហើយ​អ្នក​ទិញ​អាច​ចូល​ទៅ​ស្វែងរក​ផលិត​ផល​ដែល​ខ្លួន​ចង់​បាន​ពី​ច្រើន​ម៉ាក​យីហោ និង​តម្លៃ​ផ្សេងៗ​គ្នា​ដោយ​មិន​ចាំបាច់​ចេញ​ពី​ផ្ទះ​ឡើយ។ ហើយ​អ្វី​ដែល​ Amazon ​រក​បាន​គឺ​កម្រៃ​ជើងសា​ពី​អ្នក​លក់​ទាំង​នោះ​ឯង។ ងាយៗ។

Airbnb

សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​ Airbnb គឺ​ជា​​ទីផ្សារ​អនឡាញ​ដែល​ជួយ​អ្នក​ណា​ដែល​កំពុង​ស្វែងរក​បន្ទប់​ស្នាក់​នៅ ឬ​បន្ទប់​ជួល​ពី​អ្នក​ដែល​មាន​បន្ទប់​ទំនេរ។ ក្រុមហ៊ុន​នេះ​ក៏​មិន​បាច់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​ដាក់​លក់​ឬ​ជួល​ដែរ តែ​ជា​កន្លែង​ដែល​ផ្សារ​ភ្ជាប់​រវាង​អ្នក​ចង់​រក​ទិញឬ​ជួល ជាមួយ​ម្ចាស់​ផ្ទះ​ដែល​ចង់​អ្នក​ទិញ​ឬ​ជួល​នេះ​ឯង។

អ្វី​ដែល ​Airbnb ​ទទួល​បាន​គឺ​កម្រៃ​ជើងសារ​3% ​ពី​ម្ចាស់​ផ្ទះ ​ហើយ​ពី​​ភ្ញៀវ​ចន្លោះ​ពី​6%ទៅ 12%។ បើ​អ្នក​កំពុង​តែ​គិត​ថា​ភាគ​រយ​ទាំង​នេះ​ដូច​ជា​តិច ​សូម​គិត​ទៅ​មើល​ថា​បើ​យក​មក​គុណ​ជាមួយ​ចំនួន​ការ​កក់​រាប់​ពាន់រាប់​សិប​ម៉ឺន​នោះ​ តើ​វា​ស្មើ​ប៉ុន្មាន?