វិធីសាស្ត្រ៣យ៉ាងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ

គ្រប់គ្នាសុទ្ធតែដឹងហើយថា ហិរញ្ញវត្ថុមិនមែនជារឿងតែមួយគត់ដែល​ធ្វើឱ្យជីវិតរីករាយ និងមានសុភមង្គលនោះទេតែប្រសិនបើយើងគ្រប់គ្រងហិរញ្ញវត្ថុមិនល្អ វាអាចធ្វើឱ្យជីវិតរបស់យើងបាត់បង់សេចក្តីសុខបានដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័ន Financial Times បានបង្ហាញពីវិធីសាស្ត្រសំខាន់ៗចំនួន ២ យ៉ាងដើម្បីគ្រប់គ្រងហិរញ្ញវត្ថុជំរុញដល់ការអភិវឌ្ឍជីវិតប្រចាំថ្ងៃ និងធ្វើឱ្យជវិតរបស់យើងអាចអភិវឌ្ឍបានប្រកបដោយ​សេចក្តីសុខ។

១. សន្សំប្រាក់ខែ

ជារៀងរាល់ខែ យើងតែងតែចំណាយពេលវេលា ថាមពលនិងជីវិតរបស់យើងប្រមាណជា ៣០ថ្ងៃ ដើម្បីទទួលបានចំណូលមកវិញ។ ចំណូលនេះថ្វីត្បិតតែពេលខ្លះវាអាចមានចំនួនច្រើនលើសតម្រូវការ ឬសមល្មមតាមតម្រូវការក៏ពិតមែនតែប្រសិនបើយើងធ្វេសប្រហែសតែបន្តិច វានឹងរលាយបាត់ដោយគ្មានដាន។ មានន័យថាប្រសិនបើយើងគ្រប់គ្រងវាមិនបានល្អ ចាយមិនដឹងមុខហើយចេះតែ​ភ្លើតភ្លើនជាមួយនឹងសម្ភារៈនិយម នោះយើងនឹង​មិនអាចបាត់បង់វាក្នុងពេលដ៏ខ្លី។

លោក Warrant Buffet ដែលជាអ្នកជំនាញខ្ពស់បំផុតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងការវិនិយោគលើពិភពលោក បានបញ្ជាក់ថា ការសន្សំ ទោះបីក្នុងចំនួនណាក៏ដោយក៏អាចធ្វើឱ្យយើង​រីកចម្រើន និងភ្ញាក់ផ្អើលបានដែរ។ ហេតុនេះអ្វីដែលគួរធ្វើដំបូងបំផុត គឺ​បែងចែកខ្ទង់ចំណាយ និងសន្សំឱ្យបានច្បាស់លាស់រាល់ពេលបើកប្រាក់ខែ។ មានន័យថា អ្នកគួរកាត់លុយសន្សំទុកមួយចំណែកមុនពេលអ្នកបែងចែកចំណាយដទៃទៀត។

២. វិនិយោគដើម្បីបង្កើនគុណភាពជីវិត

កាលពីមុនមនុស្សគ្រប់គ្នាយល់ថា​ចង់បានទ្រព្យច្រើនត្រូវតែខំធ្វើការងារឱ្យបានកាន់តែខ្លាំងខណៈអ្នកវិនិយោគយល់ថា ប្រសិនបើអ្នកចេះវិនិយោគនោះអ្នកនឹងធ្វើការងារដដែលតែចំណូលខ្ពស់ជាងមុន។

ស្ថាប័នហិរញ្ញវត្ថុខាងលើបានបញ្ជាក់ថាការវិនិយោគមានច្រើនប្រភេទ តែប្រសិនបើអ្នកគ្រាន់តែចង់​បានជីវភាពប្រសើរជាងមុននិងរស់នៅដោយសន្តិភាព អ្នកអាចសាកល្បង​វិនិយោគលើផ្នែកទាំងឡាយណាដែលមានហានិភ័យទាបបើទោះបីជាវាមិនទទួលបានផលចំណេញច្រើន ឬធ្វើឱ្យអ្នកក្លាយជាអ្នកមានលឿនក៏ដោយ។

អ្នកអាចយកប្រាក់សន្សំរបស់អ្នកទៅទិញផ្ទះ ឬដាក់ក្នុងគណនីមានកាលកំណត់ ដើម្បីទទួលបាន​ផលតបស្នងមកវិញ។ ជាទូទៅការវិនិយោគប្រភេទនេះមិនសូវមានគេចាប់អារម្មណ៍ប៉ុន្មាននោះទេព្រោះវាទទួលបានផលតបស្នងយឺត តែវាអាចជាច្រកសុវត្ថិភាពបំផុត៕