លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់ពីវិធីសាស្ត្រលក់គម្រោងខុនដូឆាប់ដាច់

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងខុនដូជាច្រើន បាននឹងកំពុងរីកដុះដាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលធ្វើឱ្យភ្នាក់ងារ និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងចាប់យកឱកាស ប៉ុន្តែអ្វីដែលជាឧបស័គ្គគឺភ្នាក់ងារមួយចំនួននៅមិនទាន់មានជំនាញ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការលក់គម្រោងនោះទេ។

ជាការចែករំលែកនូវបទពិសោធន៍ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង  ប្រធាន Keller Williams Cambodia បានបង្ហាញពីគន្លឹះមួយចំនួនដល់ភ្នាក់ងារអចលនទ្រព្យសម្រាប់អនុវត្តដើម្បីអាចមានឱកាសទទួលបានភាពជោគជ័យលើការលក់គម្រោងខុនដូ  ដោយលោកបានអះអាងថា ភ្នាក់ងារអចលនទ្រព្យទាំងអស់ចាំបាច់បំផុតគឺត្រូវដឹងអំពីអ្វីដែលជាការចង់បាន ពិតប្រាកដរបស់អតិថិជនរបស់ខ្លួន ។

លោកបន្ថែមថា “យើងត្រូវដឹងថាតើនណាគេជាអ្នកទិញខុនដូឱ្យបានច្បាស់លាស់ ដែលសំដៅដល់អ្នកដែលមានលំនៅឋាន និងដីច្រើន ហើយទើបពួកគេទិញខុនដូ ។ មួយវិញទៀត អ្នកដែលទិញខុនដូគឺជាអ្នកដែលមានលុយហើយចាយលែងអស់”។ 

លោកឧកញ៉ាបានបន្ថែមថា សម្រាប់អ្នកដែលមានអាយុក្រោម ៣០ឆ្នាំ  មិនមានលុយទិញខុនដូនោះទេ ។  ដូច្នេះ ភ្នាក់ងារទាំអស់ត្រូវសំឡឺងទៅលើ ពោលសំដៅការស្វែងរកអ្នកដែលមានធនធានច្រើន ហើយអ្នកដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើង។

លោកពន្យល់ថា  "យើងក៏ត្រូវដឹងដែរថា សម្រាប់អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ និងទើបចូលបំរើការងារ ភាគច្រើន ក៏មិនទាន់មានលទ្ធភាពក្នុងទិញខុនដូសម្រាប់រស់នៅដែរ ហើយការលក់ខុនដូខុសពីការលក់ផ្ទះល្វែង។ យើងត្រូវដឹងថាអ្នកដែលទិញផ្ទះល្វែងគឺជាអ្នកដែលនៅជិតទៅនឹងគម្រោង ដែលផ្ទុយពីអ្នកដែលទិញខុនដូ គឺអ្នកមកពីចម្ងាយ។ អ្នកដែលទិញខុនដូនេះទៀតសោត គឺមិនចង់បានទំហំធំនោះទេ គឺគេចង់បានទំហំតូចល្មម (១ បន្ទប់ ឬ ២ បន្ទប់)   ជាពិសេស តម្លៃប្រហែលទៅនឹងតម្លៃរថយន្តមួយគ្រៀង ប្រមាណ ៣ ឬ ៤ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ"។

លោកឧកញ៉ាបានបន្តឱ្យដឹងថា សម្រាប់ការលក់ខុនដូនាពេលបច្ចុប្បន្ននេះ ខុសកាលពី៥ឆ្នាំមុន ដែលគេលក់ក្នុងភាពស្រមើស្រមៃ ប៉ុន្តែបច្ចុប្បន្ននេះ គឺ គេលក់គុណសម្បត្តិរបស់គម្រោងខុនដូ ព្រោះគម្រោងនីមួយមានលក្ខណៈ និងគុណសម្បត្តិផ្សេងៗពីគ្នា ។

លោកឧកញ៉ាបញ្ជាក់ថា គម្រោងខុនដូនៅទួលគោក គម្រោងខុនដូនៅបឹងកេងកង គម្រោងខុនដូនៅផ្លូវ៦០ម៉ែត្រ និងគម្រោងខុនដូនៅជ្រោយចង្វារជាដើម សុទ្ធតែមានលក្ខណៈសម្បត្តិខុសពីគ្នា ដែលទាមទារឱ្យភ្នាក់ងារយល់ដឹងពីលក្ខណៈគុណសម្បត្តិរបស់គម្រោងខុនដូឱ្យបានច្បាស់លាល់ទើបលក់ដាច់៕