កម្ពុជា កំពុងធ្វើពិពិធកម្មជាមួយបណ្តាប្រទេសក្នុងតំបន់តាមរយ:ជើងហោះហើរ

រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើពិពិធកម្មព្រលានយន្តហោះនៅក្នុងប្រទេស ដោយមានទាំងពង្រីកផ្លូវរត់ និង សាងសង់ព្រលានយន្តហោះ ខ្នាតអន្តរជាតិថ្មី ក្នុងទុនវិនិយោគ រាប់ពាន់លានដុល្លារអាមេរិកដើម្បីឆ្លើយតប ទៅនឹង ការដឹកជញ្ជូនតាមផ្លូវអាកាស និងប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងលំហូរវិនិយោគមកពីបណ្តាប្រទេសនានា លើ សកលលោក។

លោក ហូ វណ្ឌី អគ្គលេខាធិការ សម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការធ្វើពិពិធ កម្ម ព្រលានយន្តហោះរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺឆ្លើយតប ទៅនឹងការដឹកជញ្ជូន តាមផ្លូវអាកាស នាពេល ខាងមុខនិង សម្រាប់ធ្វើការប្រកួតប្រជែង ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុង តំបន់និង នៅលើពិភពលោក។

លោកបន្តថា “វាជាចំណុចល្អខ្លាំងមែនទែន សម្រាប់ប្រទេសកម្ពុជា ព្រោះថា ការដឹកជញ្ជូនតាមផ្លូវអាកាសនេះ គឺមាន សារៈសំខាន់ណាស់ នៅក្នុងទសវត្ស៍នេះ ពីព្រោះ យើងដឹងហើយថា ការរីកចំរើននៅក្នុងប្រទេសនីមួយៗ វាមានការ ប្រកួតប្រជែងគ្នាខ្លាំងណាស់” ។ លោកបន្ថែមថា “ការដឹកជញ្ជូនតាមផ្លូវអាកាសនេះបាននឹងកំពុងមាន ការប្រកួតប្រជែងខ្ពស់ និងមានសក្តានុពលខ្លាំងដោយមិនមែនប្រកួតប្រជែងឆ្នាំនោះទេតែគេប្រកួតប្រជែងជាមួយនឹង ពេលវេលា គេគិតខែមកអាទិត្យនិងថ្ងៃ  ហើយកន្លែងខ្លះគេគិតម៉ោងថែមទៀត” ។

លោកស្រី ឆាយ ស៊ីវ លីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា ការដែលរាជរដ្ឋាភិបាល បានដាក់ ទុនវិនិយោគ រាប់ពាន់លានដុល្លារ អាមេរិកលើការពង្រីក និងការសាងសង់ ព្រលានយន្តហោះថ្មីនៅក្នុងប្រទេសនេះ មិនមែនជាគម្រោងដែលត្រូវបានធ្វើឡើងនៅថ្ងៃនេះនោះទេ ពោលគឺ រាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍតាំងពីយូររាប់ ឆ្នាំណាស់មកហើយ។

លោកស្រីបន្តថា “ការធ្វើពិធកម្មព្រលានយន្តហោះនេះ គឺការឆ្លើយតបទៅនឹងទំហំនៃការវិនិយោគ និងទេសចរណ៍ ហូរ ចូលមកកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំ កាលពីកន្លងមកនេះ។ លោកស្រីបន្ថែមថា “នេះក៏ជាការល្អសម្រាប់វិស័យ ដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាដែលមានសមត្ថភាពអាចទទួលចុះចតនូវយន្តហោះធំៗ និង ទទួល ជើងហោះហើរបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជានៅខ្វះខាតជើងហោះហើរត្រង់” ។

លោកស្រីបន្តថា យើងឃើញមានការហោះហើរច្រើនមែន តែអត់មានជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗនោះទេ  ហើយនៅពេលយើងមានព្រលានយន្តហោះខ្នាតអន្តរជាតិនេះកម្ពុជា នឹងទទួលបានជើងហោះហើរត្រង់ កាន់តែច្រើន ។ កន្លងមកនេះយើងមិនទាន់ទទួលបានជើងហោះហើរត្រង់ពីអាមេរិក អឺរ៉ុបនោះទេ ដោយយើងពឹងពាក់ទៅលើ ប្រទេសជិតខាង។

ជាមួយគ្នានេះ លោក ស៊ិន ចាន់ សេរី វុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល កាលពី កន្លងមកនេះបានឱ្យដឹងថា រដ្ឋាភិបាលបានបោះទុនជាង៣០០០លាន ដុល្លារអាមេរិក ក្នុងការពង្រីកនិង ស្តារឡើងវិញនូវព្រលានយន្តហោះ ទាំង៣របស់កម្ពុជា ដើម្បីជំរុញ ឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែការតែទំនើប និង អាចឱ្យយន្តហោះធុនធំ អាចចុះចតបាន។

លោក បន្ថែមថា “ទំហំទុននៃការវិយោគ ចំណាយលើព្រលានយន្តហោះ នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹងយើងគ្រោងចំណាយ ជាង៣០០០លាន ដុល្លារអាមេរិក” ។

រាជរដ្ឋាភិបាល បាននិងកំពុងតែដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ អាកាសយានដ្ឋានជាតិ-អន្តរជាតិ ចំនួន៣ គឺ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប បញ្ចប់ការពង្រីក អាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ និងអាកាសយានដ្ឋាន អន្តរជាតិតារា សាគរ ខេត្តកោះកុង។

ក្រៅពីអាកាសយានដ្ឋានអន្តរជាតិ កម្ពុជា ក៏គ្រោង ឱ្យមានអាកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀត ដូចជា អាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី អាកាសយានដ្ឋាន បាត់ដំបង អាកាសយានដ្ឋាន ស្ទឹងត្រែង អាកាសយានដ្ឋាន កោះកុងនិង អាកាសយានដ្ឋានប៉ោយប៉ែត ជាដើមនាពេលអានាគតផងដែរ៕