គម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋដែលកំពុងដំណើរការ បានជម្រុញដល់ការរីកចម្រើនវិស័យអចលនទ្រព្យ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះនឹងមិនត្រូវបានផ្អាក នៅក្នុងឆ្នាំ២០២០ បាននឹងកំពុងជួយជំរុញឱ្យមានស្ថេរភាព និងការរីកចំរើនលើវិស័យអចលនទ្រព្យកម្ពុជា ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុ Century 21 Advance ឱ្យដឹងកន្លងមកនេះថា នៅក្នុងមួយរយៈចុងក្រោយនេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល មិនត្រូវបានផ្អាកសកម្មភាពសាងសង បើទោះបីស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ ១៩។

លោកថ្លែងថា  “យើងឃើញថា គម្រោងធំៗរបស់រាជរដ្ឋាភិបាល ដូចជា ព្រលានយន្តហោះនៅខេត្តព្រះសីហនុ ព្រះលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះខេត្តសៀមរាប  គម្រោងផ្លូវក្រវ៉ាត់ក្រុង មិនត្រូវបង្អាកដោយជំងឺកូវីដ ១៩ នោះទេ”  ។ 

លោកបន្តថា ក្រៅពីនេះ ដូចជាគម្រោងផ្លូវជាតិលេខ ២  គម្រោងផ្លូវជាតិលេខ ៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  និងគម្រោងអភិវឌ្ឍន៍ជាច្រើនទីតាំងផ្សេងៗទៀតជាដើម មិនត្រូវបានបង្អាក់ ដែលទាំងនេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យមានការរីកចំរើន ជាពិសេសវិស័យដីធ្លី។

លោកបញ្ជាក់បន្ថែមទៀតថា “អ្វីដែលសំខាន់ជាងនេះ គឺ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ និងមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើន ដូចគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីនុ គម្រោងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ សៀមរាប និងខេត្តកំពត-កែបជាដើម ក៏នឹងជួយឱ្យវិស័យអចលនទ្រព្យរីកចំរើនដែរ”។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានធ្លាប់ទទួលស្គាល់ដែរថា ទោះស្ថិតនៅក្នុងវិបត្តិប្រឈមទៅនឹងជំងឺកូវីដ ១៩ និងជំនន់ទឹកភ្លៀងនៅក្នុងប្រទេស ក៏វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិនការធ្លាក់ចុះមកនៅក្នុងកម្រិតសូន្យនោះទេ ពោលគឺកំពុងមានដំណើរការជាបណ្តើរៗ។

លោកបណ្ឌិតបន្តថា “វិស័យនេះ ក៏នឹងជួយឱ្យប្រជាពលរដ្ឋទិញបន្ថែមទៀត ដូចជា ផ្ទះល្វែង ខុនដូ និងដីធ្លីក្នុងតម្លៃដែលមានការគ្រោងទុក អ៊ីចឹង កាលណាតម្លៃអចលនទ្រព្យមិនទាន់បានឡើង និងមិនទាន់មានសន្ទុះឡើងលឿន ដោយសារកត្តាបែបនេះ   ដូច្នេះការទិញលក់អចលនទ្រព្យ នៅក្នុងរដូវកាលនេះ ក៏ជាឱកាសចំណេញនៅថ្ងៃក្រោយផងដែរ”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំពីដើមឆ្នាំ ២០២០នេះ (ការរីករាលដាលនៃជំងឺកូវីដ ១៩ ) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ហើយបច្ចុប្បន្ននេះ វិនិយោគិនក្នុងវិស័យអចលនទ្រព្យ មានតែនៅក្នុងស្រុក។

លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ជាពិសេសដោយសារមានការគាំទ្រ ពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយដីធ្លី និងមួយទៀត ការគាំទ្រពីធនគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ៕