កំពត ៖ ជាមួយនឹងផែនការយុទ្ធសាស្ត្រនៃការស្ដារ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងខេត្តដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់នៃប្រចាំនៅកម្ពុជា រដ្ឋបាលខេត្តកំពត បាន និងកំពុងពន្លឿនសកម្មភាព និងឈានដល់ការអនុវត្តគម្រោងអភិវឌ្ឍក្រុងរបៀង២ ដែលកាន់តែធ្វើឱ្យខេត្តមួយនេះមានភាពលេចធ្លោ។
នៅក្នុងគម្រោង និងផែនការនៃការអភិវឌ្ឍក្រុងរបៀង២របស់ខេត្តកំពត គឺត្រូវបានធ្វើឡើងស្របពេលជាមួយគ្នានឹងគម្រោងអភិវឌ្ឍធំៗមួយចំនួនដូចគម្រោងបង្កើតក្រុងរណបនៅតំបន់បូកគោ គម្រោងសាងសងកំពង់ផែទេសចរណ៍ដែលនឹងត្រូវបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២១ គម្រោងកំពង់ផែទឹកជ្រៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន គម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងស្ថិតនៅក្បែរព្រែកកំពត រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀតក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយនឹងវិស័យឯកជន។
អភិបាលខេត្ត លោក ជាវ តាយ បានមានប្រសាសន៍ប្រាប់ឱ្យថា រដ្ឋបាលខេត្តកំពតបានរៀបចំកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញវឌ្ឍនភាពការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដោយក្នុងនោះរួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើប្រព័ន្ធលូប្រមូលទឹកកខ្វក់ សាងសង់ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀងជាដើម។
លោកបាន “នៅក្នុងផែនការនៃការអនុវត្តគម្រោងអភិវឌ្ឍក្រុងរបៀង២នេះ យើងបានជំរុញឱ្យមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ និងសូរិយោដីពន្លឿនការគូសប្លង់ពង្រីកសួនច្បារតាមបណ្តោយមាត់ព្រែកចន្លោះស្ពានទាំង២ឱ្យបានឆាប់រហ័ស និងយកមកបង្ហាញក្រុមការងារនៅសប្តាហ៍ក្រោយក្នុងនាមរដ្ឋបាលខេត្ត។
ដោយឡែកគម្រោងពង្រីកសួនច្បារទាំង២នេះ ត្រូវធ្វើរួមគ្នាជាមួយគម្រោងដាក់ប្រព័ន្ធលូក្រោមជំនួយរបស់ ADB។ ដោយឡែកសម្រាប់អ្នកទទួលការងារ និងភាគី ADB ត្រូវស្នើមករដ្ឋបាលខេត្តដោះស្រាយជាបន្ទាន់ បើមានការរាំងស្ទះណាមួយដែលត្រូវឱ្យរដ្ឋបាលខេត្តជាអ្នកដោះស្រាយដើម្បីឱ្យគម្រោងអនុវត្តទៅបានឆាប់រហ័សបំផុត”។
គួរបញ្ជាក់ដែរថា ខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ រួមជាមួយនឹងការទាក់ទាញទុនវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិជាច្រើនលានដុល្លារ ដែលក្នុងនោះភាគច្រើនជាគម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ដូចជាគម្រោងបង្កើតតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ គម្រោងសាងសង់លំនៅដ្ឋានបែបលំហែរនៅតាមតំបន់ភ្នំ តំបន់ជាប់មាត់ព្រែក និងតំបន់ក្បែរឆ្នេរ៕