ប្រភពចំណូលដែលនាំឱ្យលោក Elon Musk ក្លាយខ្លួនជាមហាសេដ្ឋី ដែលមានជាងគេនៅលើពិភពលោក

លោកអ្នកប្រាកដជាស្គាល់ហើយលោក Elon musk ដែលជាមេដឹកនាំកំពូលក្នុងក្រុមហ៊ុន ផលិតរថយន្ត Tesla ដ៏ល្បី និងមានតម្លៃបំផុតនៅលើពិភពលោក។ នាពេលថ្មីៗនេះ លោក Elon ត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីលំដាប់ទីមួយ ដែលមានជាងគេនៅទូទាំងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន១៨៨,៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ 

ស្របជាមួយគ្នានេះដែរលោកJeff Bezos ត្រូវបានធ្លាក់មកនៅតំណែងជាមហា សេដ្ឋីលំដាប់ទីពីរ នៅទូទាំងពិភពលោកខណៈដែលទ្រព្យសម្បត្តិរបស់លោក Elon Musk មានចំនួនច្រើនជាងដែលទ្រព្យសម្បត្តិរបស់លោកJeff Bezos ប្រមាណជាង ១,៥ពាន់ លានដុល្លារ។

លោក​ Elon Musk កំពុងតែមានការកើនឡើងប្រភពនៃប្រាក់ចំណូលជាច្រើនផ្នែក ទៅលើការធ្វើភាគហ៊ុន និងក្រុមហ៊ុនជាច្រើនទៀតដែលលោកជាស្ថាបនិកផងដែរ។

ភាគហ៊ុនរបស់លោកនៅក្រុមហ៊ុនផលិតរថយន្តម៉ាក Tesla បានកើនឡើង ៧,៤ភាគរយ ក្នុងកម្រិតខ្ពស់បំផុតដែលមានតម្លៃរហូតដល់ ៨១១,៦១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ដោយឡែកចំពោះទឹកប្រាក់ដែលលោកទទួលបានចំណេញ ពីក្រុមហ៊ុន Tesla គឺមានរហូតទៅដល់ ៤២ពាន់លានដុល្លារ ខណៈដែលភាគហ៊ុន របស់លោកមានចំនួន២០ភាគរយនៃក្រុមហ៊ុនទាំងមូល។ 

ក្រុមហ៊ុន Tesla Inc នេះមិនត្រឹមតែផលិតរថយន្តប្រើថាមពលអគ្គិសនីនោះទេ ថែមទាំងមានរោងចក្រផលិតនិងស្ដុកទុកថាមពលពន្លឺព្រះអាទិត្យ ដើម្បីចែកចាយជាច្រើនកន្លែងក្នុងពិភពលោក។

សូមជម្រាបដែរថា លោក Elon Musk ក៏ធ្លាប់ជាសហស្ថាបនិក និងបានលក់ក្រុមហ៊ុនទូទាត់ PayPal Holdings Inc ដែលឥឡូវនេះកំពុងតែដឹកនាំក្រុមហ៊ុន ត្រូវបានគេមើលឃើញថានឹងមានការរីកចម្រើនខ្លាំងបំផុតលើពិភពលោកនាពេលខាងមុខ។

ជាមួយគ្នានេះដែរលោកក៏បានបង្កើតក្រុមហ៊ុន Boring Company ដើម្បីធ្វើផ្លូវរូងក្រោមដីនៅខាងក្រោមផ្លូវទីក្រុងដែលមានសកម្មភាពមមាញឹក សម្រាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ អគ្គិសនីដើម្បីចៀសវាងការកកស្ទះចរាចរណ៍នៅទីក្រុងនានានៃសហរដ្ឋអាមេរិក។ ក្រៅពីក្រុមហ៊ុនទាំងអស់ដែលបានរៀបរាប់នៅខាងលើលោក Elon Musk ក៏ជាប្រធាន ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនមួយកំពុងបង្កើតម៉ាស៊ីនខួរក្បាលល្បឿនលឿន ដើម្បីភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ។ 

យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា ទឹកប្រាក់ដែលបានមកពីផលចំណេញនៃក្រុមហ៊ុនជាច្រើនខាងលើនេះហើយដែលធ្វើឱ្យលោក Elon Musk បានក្លាយខ្លួនជាកំពូលមហាសេដ្ឋីដែលមានជាងគេនៅលើពិភពលោក៕