សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
គម្រោងលក់បែបពីរ៉ាមីដ (Pyramid Scheme) គឺជាប្រព័ន្ធរកប្រាក់ចំណូលមិនសុចរិតមួយ ដែលតម្រូវឱ្យជ្រើសរើសសមាជិកថ្មីចូល មិនចេះអស់មិនចេះហើយ ដើម្បីទទួលបានជោគជ័យ។ ក្នុងប្រព័ន្ធនេះនៅពេលបុគ្គល "ក"ត្រូវណែនាំឱ្យចូលក្នុងប្រព័ន្ធគាត់ត្រូវបង់ប្រាក់ឱ្យអ្នកនាំគាត់ចូល ហើយដើម្បីបានប្រាក់ចំណូលគាត់ត្រូវជ្រើសអ្នកថ្មីផ្សេងៗទៀតឱ្យចូលក្នុងប្រព័ន្ធនេះ។
នៅពេលសមាជិកថ្មីចូលមកក្នុងគម្រោងនេះនឹងបន្តផ្សព្វផ្សាយជ្រើសរើសសមាជិកផ្សេងៗទៀត ក្នុងទម្រង់ដដែលជាបន្តបន្ទាប់ដើម្បីទទួលបានកម្រៃដែលជាលទ្ធផលគម្រោងនេះ នឹងមានរាងជាពីរ៉ាមីដដូចខាងក្រោម។
ប្រទេសជាច្រើននៅលើពិភពលោកចាត់ទុកគម្រោងលក់បែបពីរ៉ាមីដបែបនេះជាអំពើខុសច្បាប់។ ជាការពិត គម្រោងបែបនេះខុសច្បាប់ព្រោះថាកម្រៃដែលទទួលបានពីគម្រោងនេះជាទូទៅកើតចេញពីការបង់ថ្លៃចុះឈ្មោះចូលរួមក្រុមមិនមែនផ្អែកលើការលក់ផលិតផល ឬសេវានោះទេ។
ស្រដៀងគ្នានេះមានយុទ្ធសាស្រ្តមួយផ្សេងទៀតឈ្មោះថា"ទីផ្សារបណ្តាញ (Multi-LevelMarketing)” ដែលជាប្រភេទមួយនៃទម្រង់ពីរ៉ាមីដដែរ ប៉ុន្តែជាសកម្មភាពលក់ផលិតផល ឬសេវាពិតប្រាកដ។ ទីផ្សារបណ្តាញដែលលក់ផលិតផល ឬសេវាពិតប្រាកដមួយចំនួនគេមិនចាត់ទុកជាខុសច្បាប់ឡើយប៉ុន្តែទីផ្សារបណ្តាញមួយចំនួនទៀតក៏ត្រូវបានចាត់ទុកថាខុសច្បាប់ផងដែរ។ ម្យ៉ាងទៀត គឺផ្សារបណ្តាញក៏អាចប្រឈមមុខនឹងច្បាប់ដែរប្រសិនបើទំនិញ ឬសេវាដែលជាកម្មវត្ថុនៃការលក់ឱ្យអតិថិជននោះជាទំនិញ ឬសេវាខុសច្បាប់ឬទំនិញដែលមិនមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៩ មាត្រា២០ កថាខណ្ឌទី១ចែងថា៖ "បុគ្គលណាមួយមិនត្រូវជម្រុញ ឬប្រតិបត្តិគម្រោងលក់បែបពីរ៉ាមីដឡើយ"។
ចំណែកកថាខណ្ឌទី២នៃមាត្រាខាងលើ បានឱ្យនិយមន័យគម្រោងលក់បែបពីរ៉ាមីដនេះ។
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ខាងលើបានប្រើពាក្យ"អំពើលក់បែបពីរ៉ាមីដ ឬការលក់ដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត" សំដៅដល់សកម្មភាពដែលល្មើសច្បាប់។
មាត្រា៤៥ នៃច្បាប់ដដែលចែងថា៖"ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៨០លានរៀលចំពោះអំពើលក់បែបពីរ៉ាមីដឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត។"
ចំណែកមាត្រា៤៦ ចែងថា៖ "ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំនិងត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ចំពោះអំពើលក់បែបពីរ៉ាមីដឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតហើយដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពអ្នកប្រើប្រាស់"។
ជាចុងក្រោយមាត្រា៤៧ចែងថា៖ "ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ចំពោះអំពើលក់ពីបែបពីរ៉ាមីដឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតដែលបណ្តាលឱ្យមានពិការភាពអចិន្រ្តៃយ៍ឬបណ្តាលឱ្យបាត់បង់អាយុជីវិត" ។
ប្រភព៖ អត្ថបទខ្លីដោយលោក នូ ចន្ថា