សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
“រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ជាគម្រោងមួយដើម្បីផ្តល់គំរូវិជ្ជមានក្នុងសហគមន៍ ត្រូវបានផ្តួចផ្តើមឡើងដោយលោក សាយ ជាសិល្បករមួយរូបដែលចូលចិត្តការរត់។ កាលពីព្រឹកថ្ងៃទី១០មករា ឆ្នាំ២០២១ កម្មវិធីមួយនេះបានបញ្ចប់ទៅយ៉ាងជោគជ័យដោយបានស្វែងរកថវិកាប្រមាណ៤៧ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ គិតចាប់ពីការរត់ផ្តើមពីថ្ងៃទី០៦តុលា ២០២០ សរុបរយៈពេល៩៧ថ្ងៃ ឆ្លងកាត់២១ខេត្តក្រុង ក្នុងរយៈចម្ងាយរត់២,៤០៨គីឡូម៉េត្រ។
សម្រាប់ការរត់ជុំវិញប្រទេស ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារនេះមិនមែនតែលើការរៃអង្គាសតែប៉ុណ្ណោះទេប៉ុន្តែត្រូវបានធ្វើឡើងក្នុងអត្ថន័យនិងគោលដៅ ដែលលោក សាយ ចង់ឱ្យមានការចាប់អារម្មណ៍ទៅដល់ការជួយកុមារ និងអនាគតរបស់ពួកគេ។ ដោយយោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ នាឆ្នាំ២០១៨ បង្ហាញថាអត្រាមរណភាពរបស់កុមារ ដែលមានអាយុក្រោម៥ឆ្នាំក្នុងចំណោមកុមារ១ពាន់នាក់ មាន២៨នាក់ បានទទួលមរណភាព។ សាយ ចាប់ផ្តើមពីសកម្មភាពតូចមួយនេះដោយជឿជាក់ថាវាជាផ្នែកមួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលផងដែរ។
សាយចង់លើកទឹកចិត្តយុវជនឱ្យចូលរួមធ្វើអ្វីមួយដើម្បីសង្គមជាតិ។ សាយ សម្រេចជ្រើសរើសយកការរត់ជុំប្រទេសកម្ពុជាដើម្បីរៃអង្គាសមូលនិធីសប្បុរសធម៌ ហើយក្នុងពេលជាមួយគ្នានោះដែរក៏បានឆ្លៀតផ្សព្វផ្សាយពីសារអប់រំស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពនៃការធ្វើដំណើរការថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមផ្ទាល់ខ្លួនព្រមទាំងចំណេះដឹងអំពីបញ្ហាសង្គមផងដែរ។ ខណៈពេលដែលជំងឺកូវីដ១៩ នៅតែជាការគំរាមកំហែងដល់សហគមន៍នៅឡើយវាពិតជាសំខាន់ដែលកម្មវិធីខាងលើនេះជាផ្នែកមួយដើម្បីផ្សព្វផ្សាយចំណេះដឹងនានាទាក់ទងនឹងជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយពីរបៀបថែរក្សាអនាម័យ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
នេះជាគំរូដ៏ល្អមួយសម្រាប់យុវជនដោយហេតុថាយុវជន គឺជាសសរទ្រូងដ៏សំខាន់របស់សង្គមជាតិទាំងមូល។ ហើយវាពិតជាសំខាន់ណាស់ ដែលប្រជាពលរដ្ឋម្នាក់នៅក្នុងសង្គមជាតិចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថាតូច ឬធំ រក្សាឱ្យបាននូវការរួបរួមគ្នាដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ នេះជាក្តីសង្ឃឹមនិងការចូលរួមគាំទ្រតូចមួយដើម្បីយុវជនជំនាន់ក្រោយជាពិសេស ដើម្បីធានាបានថាកុមារទទួលបានឱកាសដូចៗគ្នាក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
គួររំលឹកដែរថា លោក សាយ ដែលមានឈ្មោះដើម អ៊ួន បឋម គឺជាសិល្បករម្នាក់ដែលសកម្មក្នុងការងារសង្គម និងការងារស្ម័គ្រចិត្ត។ លោកចូលចិត្តជំនះលើខ្លួនឯងដើម្បីបង្កើតឱ្យមានលទ្ធផលល្អដល់សង្គម។ ជាមួយនឹងទេពកោសល្យខាងច្រៀងនិពន្ធបទចំរៀង និងសម្តែងលោកក៏ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តជាខ្លាំងលើវិស័យកីឡាផងដែរ។ សាយ បានរត់ចំនួន៤ឆ្នាំមកហើយ និងបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងជាច្រើនដងរាប់ចាប់តាំងពីការប្រណាំងក្នុងរយៈចំងាយ២១គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ និង៦៤គីឡូម៉ែត្រចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ បទពិសោធ និងការហ្វឹកហាត់ជាប្រចាំបានធ្វើឱ្យលោកក្លាយទៅជាបេក្ខជនដែលស័ក្តិសមបំផុតសម្រាប់ការរត់ជុំវិញប្រទេសកម្ពុជា។ សាយ ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែអាចចែករំលែកទៅសង្គមវិញជាពិសេសតាមរយៈការធ្វើការជាក្រុម ពួកគេអាចធ្វើបាននូវរឿងដែលពួកគេធ្លាប់គិតថាធ្វើមិនបាន។ ចាប់ផ្តើមពីក្តីប្រាថ្នាដ៏មុតមាំបានក្លាយជាការបង្កើតព្រឹត្តិការណ៍មួយដើម្បីអបអរសាទរខួបកំណើតរបស់លោក និងបង្ហាញពីភាពកត្តញ្ញូចំពោះមាតុភូមិ និងជនរួមជាតិតាមរយៈការប្តេជ្ញា ធ្វើឱ្យព្រឹត្តិការណ៍នេះមានការជំរុញលើកទឹកចិត្តជាវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នា៕
ប្រភព៖ Saicambodianartist