បេក្ខជនប្រលងធ្លាក់បាក់ឌុប​ក្លាយជាម្ចាស់ មេដាយមាស SEA Game ផ្នែកសីដក់ និង អ្នកនិពន្ឋ បទចំរៀងមិនចំលងគេ

រៀម សុខភិរម្យ ជាកូនពៅ ដែលស្ថិតនៅក្នុងចំណោម បងប្អូន៦នាក់ហើយមានស្រុកកំណើតនៅភ្នំពេញ លោក ភិរម្យ បានក្លាយខ្លួនជា កីឡាករអាជីពជម្រើសជាតិ ផ្នែកសីដក់តាំងពីឆ្នាំ ២០០៧មកម្លេះ។

មានវ័យ ២៥ ឆ្នាំនិង​ ជាសិស្សដែល ធ្លាប់ប្រលងធ្លាក់ថ្នាក់ បាក់ឌុប កាលពីសម័យប្រលងឆ្នាំ ២០០៨ លោក រៀម សុខភិរម្យ បានប្រែក្លាយខ្លួនទៅជា អ្នកនិពន្ធបទចំរៀងមិនចំលងពីបរទេស ដែលរួមមានដូចជាបទទង់ជាតិខ្មែរ និង បទ ទឹកចិត្ត ហើយ លោកក៏បានក្លាយជា កីឡាករសីដក់ជំរើសជាតិកម្ពុជា ដែលធ្លាប់ទទួលបានមេដាយមាសក្នុងការប្រកួតកីឡា នៅអាស៊ីអាគ្នេយ៍ ហៅថា Sea Game នាឆ្នាំ ២០១៥ផងដែរ។

ចាប់ផ្តើមដំបូង ភារម្យ គឺអ្នកដែលលេងនិងហាត់បាល់ទាត់ នៅក្លឹបពហុកីឡាដ្ឋានអូឡាំពិចពោលគឺលោក ធ្លាប់ចូលរួមការប្រកួតជាច្រើន រហូតបានក្លាយជា កីឡាករបាលទាត់ជំរើសជាតិ ក្រោមអាយុ១៥ឆ្នាំដែលធ្លាប់បានទៅប្រកួតនៅ ប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០០៦។

លោក ភិរម្យចាប់ផ្តើមប្តូរ មកលេងកីឡាសីដក់វិញដោយសារតែ ការហាត់សីដក់ មានភាពងាយស្រួល ហើយប្រើរយៈពេលខ្លី ជាងកីឡាបាល់ទាត់។ លោកបានបន្ថែមទៀតថា ៖ ដោយសារតែខ្ញុំចូលចិត្ត លេងបាល់លើអាកាស រឺក៏ការលេងក្បាច់ហើយខ្ញុំមានមូលដ្ឋានគ្រឹះបាល់ទាត់ផងនោះ ទើបធ្វើអោយខ្ញុំ ឆាប់ចេះលេងសីដក់យ៉ាងឆាប់រហ័ស។

នៅក្នុងកំឡុងឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០១០អាយុរបស់លោកក៏កាន់តែជ្រេ ទើបគ្រួសាររបស់លោកក៏បានជំរុញអោយលោក មានការងារមួយដែលអាចផ្គត់ផ្គង់ខ្លួនបាន។ភិរម្យ បានចាប់ផ្តើមការនៅហាងកាហ្វេមួយ គឺដើម្បីថវិការខ្លះនិងដើម្បីបំពេញចិត្តគ្រួសារ របស់លោកផងដែរ។ បន្ទាប់មកលោកក៏ បានធ្វើការ នៅហាងលក់ឧបករណ៍ភ្លេងមួយដែលបានធ្វើអោយលោកបានចេះ លេងឧបករណ៍មួយចំនួននៅទីនោះផងដែរ។

ស្ថិតនៅក្នុងអាជីព ជាជម្រើសជាតិសីដក់មួយនេះលោកបានទទួលបានមេដាយតូចៗជាច្រើន ប៉ុន្តែមិនសូវមានអ្នកស្គាល់នោះទេ រហូតដល់ឆ្នាំ២០១៣ ក្រុមរបស់លោកទទួលបានមេដាយប្រាក់២និង សំរិត ២ នៅក្នុងការប្រកួត កីឡាអាស៊ីអាគ្នេយ៍ ដែលប្រារព្ធឡើងនៅប្រទេស ភូមា។  លោកបានប្រាប់ថា ៖បន្ទាប់ពីពួកយើងទទួលបាន មេដាយនៅកម្មវិធីធំមួយនោះហើយក៏មានមហាជន មួយចំនួនចាប់ផ្តើមស្គាល់ថា អ្វីទៅជាសីដក់។ ក្នុងឆ្នាំបន្ទាប់ ក្រុមរបស់លោកក៏បានទទួលបានមេដាយមាសមួយទៀតនៅប្រទេសភូមា នៅក្នុងកម្មវិធីសីដក់ឈិនឡុង ។

ហើយអ្វីដែលធ្វើអោយ មហាជនចាប់អារម្មណ៍ខ្លាំងនោះគឺក្រុមសីដក់នេះ បានទទួលមេដាយមាស១ នៅក្នុងការប្រកួតកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ២០១៥នៅប្រទេសសឹង្ហបុរី ដែលជាមេដាយមាសតែមួយគត់ សំរាប់កម្ពុជាក្នុងការប្រកួតនោះ ហើយការឈ្នះនេះបានធ្វើអោយកម្ពុជាឡើងមកឈរលេខ៨ ក្នុងតារាងSea Game ដែលស្ថិតនៅលើ ឡាវប្រ៊ុយណេ និង ទីម័រ។

លោកបាននិយាយ ទាំងសម្លេងស្អកៗថា ៖ទោះបីនេះជាភាពជោគជ័យមួយសំរាប់កីឡាក៏ដោយ ប៉ុន្តែការគាំទ្រកីឡាមួយនេះនៅមានកំរិត ពោលគឺចាញ់កីឡា ដែលពេញនិយមមួយចំនួនដូចជាបាលទាត់ជាដើម។

បើនិយាយពីអាជីពសិល្បៈរបស់លោកវិញគឺក្រុមរបស់លោកដែលមានឈ្មោះ Small World Small Band មានការទទួលស្គាល់យ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់មហាជន និងបានទទួលការអញ្ជើញ អោយទៅសម្តែងជាច្រើនផងដែរ។

ចាប់ផ្តើមដំបូងនៅឆ្នាំ២០១២ ដោយមានលោកភិរម្យជាមួយ​សមាជិកម្នាក់ទៀត ដែលជាអ្នកនិពន្ធបទភ្លេង និងសមាជិក៥នាក់ទៀត ក្នុងSmall World Small Band​ បានធ្វើបទចំរៀងអោយកម្មវិធីមួយ ដែលមានឈ្មោះថា Let’s Do it​ ហើយបន្ទាប់មក ក្រុមរបស់លោក ក៏បានផលិតបទដែលមានចំណងជើងថា ទង់ជាតិខ្មែរ ដែលធ្វើអោយក្រុមនេះកាន់តែមានឈ្មោះបោះសម្លេងមួយកំរិតទៀត។

លោកបាននិយាយទាំងញញឹមថា ៖ខ្ញុំផលិតបទនេះគឺព្រោះចង់អោយប្រជាជនខ្មែរស្រឡាញ់ទង់ជាតិរបស់ខ្លួន ហើយខ្ញុំក៏មិនអាចទៅស្តីអោយប្រជាជនខ្មែរ អោយស្រឡាញ់ទង់ជាតិខ្មែរដែរគឺមានតែបទចំរៀងនេះទេ អាចអោយជួយបានខ្លះ។

ក្រោយពីនោះ ក្រុមលោកក៏បានផលិតបាន បទចំរៀងពេញនិយមមួយចំនួនដូចជាបទ បុណ្យភូមិ និង បទ ស្នេហ៍គឺជាអ្វី របស់កម្មវិធីស្នេហ៍៩។  នៅក្នុងឆ្នាំ២០១៥ ភិរម្យ បានសាងសង់ស្ទូឌឺយ៉ូ សមរម្យមួយសម្រាប់ក្រុមដោយប្រើប្រាស់លុយប្រាក់រង្វាន់ មេដាយមាសរបស់លោក។

នៅដើមឆ្នាំ២០១៦នេះ ក្រុមរបស់លោក បានផលិតបទទឹកចិត្ត ដើម្បីលើកទឹកចិត្តដល់កីឡាករខ្មែរ និងលើកទឹកចិត្តអោយប្រជាជនខ្មែរ អោយគាំទ្រកីឡាករខ្មែរផងដែរ។​ គួរបញ្ជាក់ផងដែរថាដោយសារតែសមាជិកមួយចំនួនរវល់នឹងការសិក្សា និងការងាររបស់ពួកគេ ទើបសព្វថ្ងៃនេះ សមាជិករបស់ក្រុម Small World Small Band  នៅសល់តែ៥នាក់ បូករួមទាំងសមាជិកថ្មីនិងចាស់។

ចុងបញ្ចាប់ លោក ភិរម្យ ជឿជាក់ថា វិស័យចំរៀងមិនចំលងពីបរទេសនៅកម្ពុជានឹងកើនឡើងនៅថ្ញៃខាងមុខ ហើយលោកក៏ឆ្លៀតឳកាសនេះ សំណូមពរអោយប្រជាជនខ្មែរ ជួយគាំទ្រកីឡាករខ្មែរនៅគ្រប់វិស័យផងដែរ៕