ឃឹម ហ្វីណង់៖ ស្រុកបន្ទាយស្រីមិនអនុញ្ញាតឲ្យបិទផ្សាយពាណិជ្ជកម្មតាមដើមឈើទៀតនោះទេ

សៀមរាប៖ ស្រុកបន្ទាយស្រីមិនអនុញ្ញាតឲ្យបិទផ្សាយពាណិជ្ជកម្មពាសវាលពាសកាល តាមដើមឈើទៀតនោះទេ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក បញ្ជាក់ថា ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។ 

តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ 

អាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត៕