មុនពេលទទួលបានឥណទានគេហដ្ឋានពីធនាគារ តើអ្នកត្រូវមានលក្ខណៈសម្បត្តិបែបណាខ្លះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ឥណទានគេហដ្ឋាន គឺជាប្រភេទផលិតផលឥណទានមានរយៈពេលវែងរបស់ធនាគារណាមួយ ដែលបានបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ទិញគេហដ្ឋានដែលកំពុងតែសាងសង់ ឬសាងសង់រួចធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬក៏សម្រាប់យកទៅសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់។

ទំហំឥណទានដែលត្រូវផ្តល់រយៈពេលនៃការសងឥណទានត្រឡប់ និងអត្រាការប្រាក់ ត្រូវបានកំណត់ដោយធនាគារនីមួយៗ និងមានលក្ខខណ្ឌផ្សេងៗពីគ្នា។ 

ភាគច្រើនស្ទើរតែគ្រប់ធនាគារឯកជនទាំងអស់ ឥណទានគេហដ្ឋានដែលត្រូវបានផ្តល់ជូនអតិថិជន គឺមិនលើសពី៦០ភាគរយ ដល់៧០ភាគរយនៃតម្លៃសរុបរបស់គេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិ ដែលមានស្រាប់នោះឡើយ។

កម្ចីដែលងាយស្រួលបំផុតគឺ លំនៅដ្ឋានដែលមានប្លង់រឹង រីឯរយៈពេលខ្ចីអាចក្នុងចន្លោះពី១០ឆ្នាំ ដល់២០ឆ្នាំ តាមគោលការណ៍របស់ធនាគារចំពោះ៖

-  អតិថិជនជាកម្មករ និយោជិត កំពុងបម្រើការងារក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ឡើយ។

-  អតិថិជនផ្សេងទៀត ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលាវសាន នៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ៦០ឆ្នាំឡើយ ។ អត្រាការប្រាក់ ដែលទាក់ទាញគឺក្នុងឆ្នាំដំបូង ធនាគារមួយចំនួនអាចផ្ដល់ទាបដល់ត្រឹម ៥ភាគរយ ហើយឆ្នាំបន្ទាប់អាចចាប់ពី ១១% ដល់ ១៨% ក្នុងមួយឆ្នាំ ។

លក្ខណសម្បត្តិអតិថិជនដែលអាចទទួលឥណទានគេហដ្ឋាន

-  ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន

-  មានប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាព (មុខរបរអាជីវកម្ម ប្រាក់បៀវត្សរ៍ឬចំណូលផ្សេងៗទៀត)។

-  មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ

-  មានទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរ ក្នុងតំបន់ដែលលោកអ្នករស់នៅ។

-  មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ។ល៕