៤ចំណុច សម្រាប់ពិចារណា ក្នុងការលក់ ទិញអចលនវត្ថុ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅ​​កម្ពុជាការ​ចុះ​បញ្ជី​ដី​ធ្លី​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​ ពោល​គឺ​មាន​អ្នក​ខ្លះ​កាន់​កាប់​ដី​ធ្លីដោយ​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធិ ​ខ្លះ​ក៏​កាន់​កាប់​ដោយ​ស្រប​ច្បាប់ ​ខ្លះ​មិន​ស្រប​ច្បាប់។ សម្រាប់​ភាព​ពុំ​ច្បាស់​លាស់​ទាំង​នេះ អាច​​បង្ក​ឱ្យ​មាន​ការ​វិវាទ​កើត​ឡើងនៅ​ក្នុង​​ករណី​មាន​ការ​លក់ទិញ​។ ដូច​នេះ ដើម្បី​ជៀស​វាង​ទិញ​​ប៉ះ​ដីដែល​មាន​ជាប់​បញ្ហា​ជម្លោះដី ឬ​​ផ្ទះ ដែល​ជាប់​បន្ទុក​និង​ជាប់​បញ្ហា​ផ្សេង​​ៗទៀត​អ្នក​​ទិញ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ឈាន​ទៅ​ចុះ​កិច្ច​សន្យា​។ ៤​ចំណុច​ខាង​ក្រោម​នេះគឺ​ជា​គំនិត​សំខាន់​ៗ​ក្នុង​ការ​ពិចារណា​៖

.អំពី​​ប្រភេទ​នៃ​ប័ណ្ណ​

អ្នក​ទិញ​គួរ​ពិនិត្យ​មើល​ថាអ្នក​លក់​មាន​ប័ណ្ណ​ប្រភេទ​ណា​? ជា​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ ឬ​ហៅ​ថា "​ប្លង់​រឹង​" ឬ​​ក៏​ជា​ប័ណ្ណ​សម្គាល់​​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ​ (ឬ​ហៅ​ថា​ប្លង់​ទន់)។

ប្រសិន​បើ​អ្នក​លក់​មាន​ប្លង់​រឹង​ មាន​ន័យ​ថាគាត់​គឺ​ជា​កម្ម​សិទ្ធិ​ករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់​។ ក្នុង​ករណី​នេះគេ​អាច​មាន​ការ​ទុក​ចិត្ត​ច្រើន​ជាង​ពី​ព្រោះ​ថា​ នៅ​លើ​ប្លង់​​រឹង​នេះគេ​អាច​មើល​ឃើញ​អំពី​ទំហំ និង​ទី​តាំង​របស់​ដីនិង​ឈ្មោះ​របស់​ម្ចាស់​ដី​។ ម្យ៉ាង​ទៀត គេ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ប័ណ្ណ​ប្រភេទ​នេះជា​មួយ​នឹង​បញ្ជីដែល​ចុះ​​នៅ​អាជ្ញាធរ​សុរិយោដី​។

ផ្ទុយ​ទៅ​វិញប្រសិន​បើ​អ្នក​​​លក់​មាន​ត្រឹម​តែ​ប្លង់​ទន់មាន​ន័យ​ថា គាត់​គ្រាន់​តែ​ជា​ភោគី(អ្នក​កាន់​កាប់​ស្រប​ច្បាប់​)ប៉ុណ្ណោះ​។ គាត់​មិន​ទាន់​ជា​ម្ចាស់​កម្ម​សិទ្ធិ​ពេញ​លេញ​នៅ​ឡើយ​ទេ។

.អំពី​ស្ថាន​ភាព

ស្ថាន​ភាព​ទី​នេះចង់​សំដៅ​ទៅ​លើ​អចលន​វត្ថុ​ដែល​ជា​កម្មវត្ថុ ​នៃ​កិច្ច​សន្យា​​លក់​ទិញដែល​អ្នក​ទិញ​ត្រូវ​ពិនិត្យ​​លើ​ព្រំ​ប្រទល់ ឬ​ របងនិង​ការ​វាស់​វែង​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មាន​វត្ត​មាន​សុរិយោ​ដី​ដែរ ឬ​ទេ?ការ​ពិចារណា​កន្លែង​នេះដើម្បី​ឱ្យ​អ្នក​ទិញ​មាន​ការ​ជៀស​វាង​ជម្លោះ​​ជា​មួយ​​អ្នក​ជិត​ខាង​ក្រោយ​ពី​ទិញ​ដី​នោះ​បាន​ហើយ។

.បន្ទុក

បន្ទុក​ទី​នេះសំដៅ​ដល់​បន្ទុក​លើ​អចលនវត្ថុ​។ គេ​ត្រូវ​ពិនិត្យ​មើល​ថាតើ​ដី​នេះ​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំ​ធានា​បំណុល ឬ​ជួល​ ឬ​ហ៊ីប៉ូតែក ឬ​​ការ​ហាម​ឃាត់​របស់​តុលាការ​​ដែរឬ​ទេ? ប្រសិន​បើ​មាន​ជាប់​បន្ទុក​គួរ​តែ​ដោះ​បន្ទុក​ជា​មុន​សិនមុន​នឹង​ចុះ​កិច្ច​សន្យា។

.ចំណែក​ផ្លូវ

សំដៅ​ដល់​អចលន​វត្ថុដែល​ជាប់​នឹង​ផ្លូវ​ដែល​ជា​ទ្រព្យ​សម្បត្តិ​​របស់​រដ្ឋ។ ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ពិសេស​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀនមន្ទីរ​ពេទ្យ​ជា​ច្រើន។ ដូច​នេះ មុន​នឹង​ទិញ​អចលន​វត្ថុ​ណា​មួយអ្នក​ទិញ ​គួរ​ពិនិត្យ​មើល​ថាតើ​អចលនវត្ថុ​នេះមាន​ជាប់​ជា​ចំណែក​ផ្លូវ​ ឬ​ក៏​ត្រូវ​ចំ​កន្លែង​ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរ​ឬ​ទេ?

សរុប​មក​ចំណុច​ពិចារណា​ទាំង​៤​​ខាង​លើជា​​ធាតុ​សំខាន់​សម្រាប់​​កិច្ច​ការ​លក់ទិញ ឱ្យ​មាន​ប្រសិទ្ធិភាព​និង​ត្រឹម​ត្រូវ​តាម​ការ​កំណត់​របស់​ច្បាប់ជៀស​វាង​ពី​ហានិភ័យ​នា​នា​ដែល​កើត​មាន​នៅ​ថ្ងៃ​ក្រោយ​៕

ប្រភព៖ ចំណេះ​ដឹង​ផ្នែក​ច្បាប់​លោក ជុំ​ គីរី