មុនពេលខ្ចីលុយគេ តើយុវជនត្រូវត្រៀមអ្វីខ្លះក្នុងខ្លួននិងក្រៅខ្លួន

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មុននឹងយុវជនសម្រេចចិត្តដើម្បីខ្ចីលុយពីធនាគារណាមួយ យុវជនត្រូវតែមានការត្រៀមខ្លួនឱ្យបានត្រឹមត្រូវជាមុនសិន។ ដោយហេតុថាប្រសិនបើយុវជនមិនបានគិតឱ្យបានសុីជម្រៅ នោះអាចប្រឈមជាមួយបញ្ហាផ្សេងៗទៅថ្ងៃអនាគតរបស់ខ្លួន។ ដូច្នេះនៅក្នុងអត្ថបទខាងក្រោមនេះនឹងជួយផ្ដល់ជាគំនិតខ្លះៗដល់យុវជន មុនពេលសម្រេចចិត្តខ្ចីលុយគេ៖

១.លទ្ធភាពសងលុយគេវិញ

ប្រសិនបើយុវជនធ្វើការខ្ចីលុយ យុវជនត្រូវគិតមកខ្លួនឯងជាមុនថា តើយើងមានលទ្ធភាពសងត្រឡប់ទៅគេវិញដែរឬក៏អត់? ហើយបញ្ហានេះដែរក៏ត្រូវគិតវិភាគទៅលើប្រាក់ចំណូលរបស់អ្នក ដូចជាមួយខែ អ្នកមានប្រាក់ចំណូលបាន២០០$ ប៉ុន្ដែអ្នកសម្រេចចិត្តខ្ចីពីគេ៥០០$ ដែលមានរយៈពេលខ្ចីគឺ ២ខែ។ ដោយក្នុងមួយខែ អ្នកត្រូវចំណាយទៅកាន់គេរហូតដល់ ២៥០$ ​ទាំងដើមនិងការ។ ដូច្នេះហើយវាជាប្រាក់ដ៏ច្រើនដែលអ្នកត្រូវបង់ត្រឡប់ទៅកាន់គេវិញ។​

២.ការងារជាក់លាក់

មុនសម្រេចចិត្តដើម្បីខ្ចីលុយពីគេ យុវជនត្រូវប្រាកដចិត្តថាខ្លួនមានការងារជាក់លាក់មួយដែលរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់សងបំណុលជូនទៅកាន់គេវិញជារៀងរាល់ខែ និងទាន់ពេលវេលា។ ប្រសិនបើការងារមិនទាន់មានជាក់លាក់ទេ នោះយុវជនអាចមានបញ្ហាទៅថ្ងៃអនាគតបាន។

៣.ការគ្រប់គ្រងប្រាក់

មុនពេលសម្រេចចិត្តខ្ចីលុយពីគេអ្នកត្រូវដឹងពីគោលបំណងនៃការខ្ចីលុយគេរបស់អ្នក ថាតើអ្នកខ្ចីលុយពីគេ ដើម្បីភាពសប្បាយហ៊ឺហារ ឬវិនិយោគទុនក្នុងមុខរបរណាមួយ? ព្រោះថាលុយមិនមែនចេះតែងាយរកបាននោះឡើយ។ដូច្នេះមុនឈានជើងទៅខ្ចីលុយគេ អ្នកត្រូវគិតឲ្យបានច្រើនដង។​

 ៤.ឯកសារច្បាប់

ជាដំបូងត្រូវដាក់គោលដៅឱ្យបានច្បាស់លាស់សិនថា តើការកម្ចីប្រាក់របស់អ្នកក្នុងគោលបំណងអ្វី ប្រសិនបើអ្នកខ្ចីដើម្បីទិញផ្ទះអ្នកត្រូវត្រួតពិនិត្យមើលឯកសារ និងព័ត៌មានដែលអ្នកត្រូវត្រៀម ដើម្បីរៀបចំឱ្យបានរួចជាស្រេចមុននឹងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីខាងគេ។

៥.រយៈពេលសងប្រាក់

ការប្រែប្រួលនៃរយៈពេលប្រាក់កម្ចី និងអត្រាការប្រាក់នឹងជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលយុវជន ត្រូវសងត្រឡប់។ អ្នកត្រូវមានការសម្រេចចិត្តឱ្យច្បាស់លាស់ និងស្វែងយល់ពីការសងត្រឡប់ទៅវិញជាមុនសិន ដើម្បីអ្នកអាចប្រាកដចិត្តថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសងប្រាក់ និងមិនមានការរាំងស្ទះណាមួយដល់ដំណើការសងរបស់អ្នក។

សរុបមកវិញ ការវិភាគឱ្យបានត្រឹមត្រូវទាំងប្រភពចំណូលនិងប្រភពចំណាយជាប្រចាំថ្ងៃរបស់ខ្លួន ការមាននូវការងារជាក់លាក់មួយដូចដែលបានរៀបរាប់នៅក្នុងខ្លឹមសារខាងលើ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យយុវជនបានគិតពិចារណាលើបញ្ហាចម្បងនានា ដែលត្រូវត្រៀមឱ្យបានល្អមុននឹងសម្រេចចិត្តខ្ចីប្រាក់យកមកប្រើប្រាស់ពីគេ៕