អ្នកជំនាញបង្ហាញគន្លឹះប្រើគណនីធនាគារ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យមានប្រសិទ្ធិភាពខ្ពស់

ការគ្របគ្រងហិរញ្ញវត្ថុគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ជីវិតគ្រួសារ ព្រោះកាលណា​យើងគ្រប់គ្រងលុយកាក់បានល្អ នោះគ្រួសាររបស់យើងក៏ទទួលបានភាពរីកចម្រើន​ទៅតាមនោះដែរ។

បន្ថែមពីលើនេះ ប្រសិនបើគ្រួសាររបស់យើង​មានជីវភាពល្អប្រសើរមិនជំពាក់គេជុំទិស ជីវិតរបស់យើងក៏រីករាយទៅតាមនោះដែរ ដោយសារតែយើងមិនចាំបាច់ចំណាយថាមពលច្រើនដើម្បី​គិតគូរពីបញ្ហានានា​ឬខិតខំប្រឹងប្រែងខ្លាំងពេកដើម្បីសងបំណុលគេ។ ទោះជាយ៉ាងនេះក្តី មនុស្សមិនច្រើនពេកទេដែលមាន​សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារបានល្អ ដោយសារតែវាជារឿងលំបាកមួយ​ដែលទាមទារឱ្យមានគន្លឹះល្អៗជាច្រើនដើម្បីអនុវត្ត ហើយការអនុវត្តនោះទៀតសោតក៏ត្រូវតែធ្វើឱ្យបានខ្ជាប់ខ្ជួនទើបទទួលបានផល។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថាការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់មនុស្សយើងម្នាក់ៗនិង​ជីវិតគ្រួសារ។ សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនចាប់ផ្តើមប្រើប្រាស់សេវាធនាគារដើម្បី​ទូទាត់ការចំណាយ​ប្រចាំថ្ងៃ។ លោកថា ដើម្បីឱ្យការចំណាយប្រចាំថ្ងៃតាមប្រព័ន្ធធនាគារ ​មានប្រសិទ្ធភាពនិង​ធ្វើឱ្យជីវិតគ្រួសាររីកចម្រើនលុះត្រាតែ​ យើងយល់ដឹងពីវិធីក្នុងការគ្រប់គ្រងវិធីសាស្រ្តចាយវាយឱ្យបានល្អ។

លោក ង៉ែត ជូ បានលើកឡើងថា៖ «ការមានគណនីធនាគារពីរផ្សេងគ្នា ដោយមួយជាគណនីគ្រប់គ្រងចំណូលការវិនិយោគ និងការទូទាត់បំណុល និងមួយទៀតជាគណនីសំរាប់ចំណាយលើការរស់នៅប្រចាំថ្ងៃគឺជាការចាំបាច់ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារអោយមានប្រសិទ្ធិភាព»។

អ្នកជំនាញខាងលើបានបន្ថែមទៀតថា ដើម្បីឱ្យការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារអាចធ្វើទៅបានកាន់តែប្រសើរ អ្នកគួរមានខ្ទង់ចំណាយច្បាស់លាស់ និងមិនត្រូវមានទម្លាប់ចាយដោយឆូតកាតធនាគារនោះទេ។ ពោលគឺគួរចំណាយដោយដកប្រាក់ពីម៉ាស៊ីនអេធីអឹមយកមកចាយផ្ទាល់។ ធ្វើដូច្នេះជួយអោយអ្នកប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុបានល្អជាងការចាយវាយដោយឆូតកាតដែលមានភាពងាយស្រួលពេក៕