«ចម្លែកត្រង់ណាដែរទៅ ដែលខ្ញុំឈប់រៀនលីដាវចេញធ្វើការ ជាមួយអ្នកខ្លាំងៗ នៅក្នុងពិភពប្រកួតប្រជែងមួយនេះ» នេះជាការលើករបស់យុវជនម្នាក់ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែងរាងខ្ពស់ សម្បុរសណ្តែកបាយ មានភាពរួសរាយរាក់ទាក់ ដែលត្រូវបានសាធារណជនជាច្រើនស្គាល់ថាជាបុគ្គលវ័យក្មេងដែលមានទេពកោសល្យសិល្បៈ ខាងផលិតកុន និងដឹកនាំ ថតវីដេអូចម្រៀងខ្មែរមិនចម្លងពីបរទេសនោះគឺលោកជុង សៀវភីន។
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិលោកក៏បានសម្រេចចិត្ត មករៀនបន្តនៅភ្នំពេញ ដោយទទួលបានការព្រមព្រៀង និងផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុពីសំណាក់ឪពុកម្តាយទាំងស្រុង។ នៅឆ្នាំ ២០១២ លោកបានចូលរៀនថ្នាក់មូលដ្ឋាន នៅសាកលវិទ្យាល័យឯកជនមួយនៅក្នុងក្រុងជំនាញឌីហ្សាញ ប៉ុន្តែមិនយូរប៉ុន្មាន ក្រោយពេលរៀនចប់ឆ្នាំទីមួយលោកក៏សម្រេចចិត្តឈប់រៀន ហើយចេញធ្វើការដែលខ្លួនស្រឡាញ់។ «មិនមែនខ្ញុំមិនចូលចិត្តសាលាទេប៉ុន្តែការពិតគឺថា ជំនាញដែលខ្ញុំរៀននោះគឺមិនសូវសមស្រប នឹងអ្វីដែលខ្ញុំចង់ធ្វើនៅថ្ងៃអនាគត»នេះជាការលើកឡើង ដោយមានភាពជឿជាក់របស់លោក។
រស់នៅនិងធំដឹងក្តីនៅក្នុងគ្រួសារ ដែលមានជីវភាពមធ្យមមួយនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា សៀវភីន បានបន្តទាំងមុខញញឹមញញែមថា តាមពិតទៅ ឪពុកម្តាយរបស់លោកចង់អោយលោក រៀនរកស៊ីតាមពួកគាត់ ដើម្បីងាយស្រួលទទួលរបរនោះនៅថ្ងៃអនាគតប៉ុន្តែដោយសារតែ លោកមិនមែនជាប្រភេទមនុស្ស ដែលចូលចិត្តនៅស្ងៀមមួយកន្លែងហើយមានក្តីស្រមៃខ្ពស់ ដែលចង់ឃើញពីពិភពខាងក្រៅធំជាងនេះទៅទៀត។
លោកបានបញ្ជាក់ថា អ្វីដែលជាកត្តាជម្រុញទឹកចិត្ត អោយលោកចង់ប្រឡូកនៅក្នុងការផលិតភាពយន្តនេះ គឺពេលដែលលោកមករស់នៅ ភ្នំពេញដំបូង លោកចូលចិត្តទៅមើលរឿងកុនស្ទើរតែគ្រប់រឿង ហើយចាប់ពីពេលនោះមក លោកក៏កាន់តែមានអារម្មណ៍ថា ស្រឡាញ់ខាងភាពយន្តកាន់តែខ្លាំងឡើងទៀត។យ៉ាងណាមិញ ពេលនោះ លោកក៏បានបង្កើតជាវីដេអូខ្លីៗជាច្រើន ហើយបង្ហោះទៅលើបណ្តាញសង្គមមួយចំនួនដូចជាហ៊្វេសបុកនិងគណនីយូធូប ផ្ទាល់ខ្លួនដែលមានឈ្មោះថា «Chong SievPhin»ប៉ុន្តែមិនសូវទទួលបានការគាំទ្រច្រើនទេ។
បើទោះជាយ៉ាងណាក្តី លោកនៅតែបន្តធ្វើវាទៀត ដោយមិនបោះបង់ព្រោះវាជាអ្វីដែលលោកចូលចិត្តធ្វើ វាជាអ្វីដែលខួរក្បាល និងបេះដូងបញ្ជាអោយធ្វើហើយវាជាអ្វីដែលធ្វើអោយលោក មានចំណុចខុសប្លែកពីអ្នកដទៃ ត្រង់សមត្ថភាពកំប្លុកកំប្លែងលាយឡំជាច្រើននៅក្នុងវីដេអូនីមួយៗ។
ជាការពិតណាស់ អ្វីៗអាចផ្លាស់ប្តូរបាន តាមពេលវេលាជាក់ស្តែងការធ្វើវីដេអូទាំងនោះ ទទួលបានការគាំទ្របន្តិចម្តងៗ ព្រមទាំងមានការសរសើរ និងចូលចិត្តផងដែរដែលញុំាងទឹកចិត្តលោក អោយបន្តទៅមុខទៀត។
ដោយសារតែភាពប្រសព្វ ខាងទំនាក់ទំនងលោកមានឱកាសស្គាល់ អ្នកផលិតរឿង អ្នកថតរូប និងអ្នកថតវីដេអូល្បីជាច្រើននាក់ ហើយពេលនោះលោកបានចាប់ផ្តើមចូលជួយ ធ្វើការជាមួយអ្នកទាំងនោះដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍សម្រាប់ការងារថ្ងៃអនាគត។
លោកបានលើកឡើងថា ពេលចប់វិទ្យាល័យភ្លាមលោកមិនចេះអ្វីទាំងអស់ ហើយក៏មិនមានជំនាញអ្វីក្នុងខ្លួនសោះ «អ្វីៗមិនងាយស្រួលដូចការគិតទេមានន័យថា ក្នុងការរៀនបង្កើតភាពយន្តនេះ គឺខ្ញុំត្រូវចាប់ផ្តើមពីចំណុចសូន្យទៅទាំងអស់»។គួរបញ្ជាក់ផងដែរថា លោកបានរៀន និងស្រាវជ្រាវពី របៀបបង្កើតភាពយន្ត តាមប្រព័ន្ធអ៊ិនធើណេតដោយបានមើលតាមវីដេអូ រឿងកុនខ្លីៗ និងឯកសារភាពយន្តជាច្រើន ហើយយកអ្វីដែលលោកបានឃើញ មកគួបផ្សំនឹងគំនិតបង្កើតថ្មីរបស់លោកដើម្បីសម្រេចបាននូវផ្លែផ្កានាថ្ងៃខាងមុខ។
និយាយលាយឡំនឹងទឹកមុខ អស់សំណើចបន្តិចលោកបានបង្ហើប ពីប្រវត្តិសិក្សាកាលពីក្មេងថា «ជាសិស្សដែលចូលចិត្តដើរលេងច្រើនគេចសាលាជាញឹកញាប់ ហើយនាំមិត្តភកិ្តលេងហ្គេម និយាយរួមទៅគឺសិស្សរំខានតែម្តងដល់ថ្នាក់គ្រូ ទៅប្រាប់គ្រួសារដល់ផ្ទះ នៅតែមិនរាំងទៀត»។
បើនិយាយអំពីអតីតកាលរិញអ្នកណាក៏មានរឿងរ៉ាវផ្សេងៗគ្នាដែរ លោកហាក់ដូចជា មានការស្ដាយក្រោយដែរ ហើយបានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយៗទៀតអោយខិតខំប្រឹងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។
យ៉ាងណាមិញ សមិទ្ធិផលដែលលោក បានធ្វើមកដល់សព្វថ្ងៃនេះមានច្រើនគួរអោយកោតសរសើរ ជាក់ស្តែងលោកបាន ដឹកនាំផលិតវីដេអូចម្រៀង ដូចជាបទ «ទាំងអស់គ្នាដើម្បីកម្ពុជា» «ទឹកចិត្ត» «Meand My People» និងបទចម្រៀងរបស់ ស្នាដៃកូនខ្មែរ ជាច្រើនទៀត។ទន្ទឹមគ្នានេះដែរ លោកក៏ជាជំនួយការអ្នកផលិតក្នុងកម្មវិធីទូរទស្សន៍មួយ របស់ BBCរឿង «ក្លាហាន៩» បានចំនួន ៣ភាគផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតគឺថា លោកបានចាប់ផ្តើម ចូលដៃគ្នាធ្វើការជាមួយក្រុមចម្រៀងខ្មែរ«SmallWorld Small Band» ដើម្បីធ្វើយ៉ាងណា ខិតខំពង្រឹងស្នាដៃចម្រៀងខ្មែរ អោយមានការគាំទ្រអោយកាន់តែខ្លាំងឡើង។
«បើទោះជាបច្ចុប្បន្ននេះ អ្វីដែលខ្ញុំទទួលបាន នៅមានកម្រិតនៅឡើយតែខ្ញុំមិនចុះចាញ់ទេ ហើយធ្វើវារហូតដោយជឿជាក់ថា ការខិតខំនឹងគង់តែឃើញលទ្ធផល នៅថ្ងៃណាមួយជាក់ជាមិនខាន»។លោកបានរៀបរាប់ពីឧបសគ្គទាំងឡាយ ដែលលោកប្រឈមតាំងពី ចាប់ផ្តើមមកគឺ បញ្ហាហិរញ្ញវត្ថុមានន័យថា លោកបានជួបភាពលំបាកច្រើន ក្នុងការទិញឧបករណ៍ថត ព្រោះរបស់ទាំងនោះមានតម្លៃថ្លៃណាមួយទៀតគឺមិនមានក្រុមការងារ ធ្វើជាមួយគ្នា។
លោកសម្រេចចិត្តថា ធ្វើតាមទឹកលុយ ពោលគឺមានប៉ុណ្ណាធ្វើប៉ុណ្ណឹង មិនចាំបាច់រង់ចាំទៀតទេ ព្រោះពេលវេលាចេះតែដើរទៅមុខហើយ។ លោកបានចេញធ្វើការជាអ្នកធ្វើការឯករាជ្យ(Freelancer) ផ្នែកថត នៅច្រើនកន្លែងតាមដែលអាចធ្វើទៅបាន លោកយកកម្រៃដែលរកបាន គួបផ្សំនឹងប្រាក់ខែដែលផ្ញើពីផ្ទះមកទៀតនោះ ទៅធ្វើអោយចេញជាស្នាដៃពិតប្រាកដមួយ។
គួររំលឹកផងដែរថា វីដេអូចម្រៀងដែលលោកដឹកនាំ គឺមិនបានទទួលការឧបត្ថម្ភពីខាងណាទាំងអស់ លើកលែងតែបទ «ទឹកចិត្ត» ដែលទទួលការជួយជ្រោមជ្រែង ពីសហព័ន្ធយុវជនកីឡាកម្ពុជា។
លោកក៏បានសង្កត់ធ្ងន់ទៀតដែរថា «ចំណុចសំខាន់ នៃការផលិតកុនគឺចាំបាច់ត្រូវមានគំនិតបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់ គួបផ្សំនឹងការតាំងចិត្ត យ៉ាងមុតមាំនោះអ្វីៗប្រាកដជា អាចធ្វើបានជាមិនខាន មិនចាំបាច់រងចាំ ទាល់តែមានឧបករណ៍ថតទំនើបៗ ទើបអាចធ្វើបាននោះទេ»។
គម្រោងនៅថ្ងៃអនាគត គឺលោកចង់បង្កើតជា ផលិតកម្មផ្ទាល់ខ្លួនមួយដែលមានទុនគ្រប់គ្រាន់ ក្នុងការផលិតកុន ជាងនេះទៅទៀត លោកក៏បានបញ្ជាក់ថា លោកមានបំណង ចង់ចាប់ដៃគ្នាធ្វើការជាមួយនឹងផលិតករភាពយន្តវ័យក្មេង កញ្ញារិទ្ធីលំអរពេជ្រ (Yoki) ដើម្បីលើកកម្ពស់ វិស័យឧស្សាហកម្មភាពយន្ត នៅកម្ពុជាអោយមានភាពល្បីល្បាញ ទៅមុខទៀតកាន់តែប្រសើរឡើង៕
អត្ថបទដោយ៖ ចន ច័ន្ទបូតា