ភ្នំពេញ ៖ សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) អាណត្តិទី៧ ឆ្នាំ២០២១-២០២២ នឹងដឹងជាលទ្ធផលនៅត្រឹមល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីរាប់សំឡេងសន្លឹកឆ្នោតគាំទ្ រពីសំណាក់សមាជិកពេញសិទ្ធិសរុបជាង១០០ក្រុមហ៊ុន ដើម្បីដឹកនាំសមាគមបន្តទៅឆ្នាំបន្ទាប់។
អ្នកឈរឈ្មោះជាបេក្ខភាពប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាក្នុងអាណត្តិទី៧នេះ រួមចំនួន២រូប ដោយបេក្ខភាពទី១គឺលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Mekong Brokerage Co.,Ltd និងជាប្រធានសមាគមស្ថិតនៅក្នុងតំំណែងអាណត្តិទី៦នៅឡើយ ហើយបេក្ខភាពទី២ គឺលោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Towncity Real Estate Co.,Ltd ដោយអនុវត្តនូវរូបមន្ត៥០+១ មានន័យថា អ្នកដែលទទួលបានសំឡេងគាំទ្រលើសចាប់ពី១សំឡេងលើ៥០ភាគរយនៃចំនួនសមាជិកសរុបដែលបោះឆ្នោត គឺជាអ្នកទទួលបានសិទ្ធិដឹកនាំនៅក្នុងអាណត្តិថ្មី៧ឆ្នាំ២០២១-២០២២។
ដោយឡែកនៅក្នុងថ្ងៃជាមួយគ្នានេះ ក៏មានការឈរឈ្មោះបោះឆ្នោតជាបេក្ខភាពប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្នុងអាណត្តិទី៧ផងដែរ ដោយមានចំនួន៦រូប ហើយអ្នកឈរឈ្មោះទាំងអស់នោះត្រូវបានគេស្គាល់ថា ជាអ្នកជំនាញ និងល្បីឈ្មោះនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាមិនតិចជាង១០ឆ្នាំនោះទេ។
នៅក្នុងចំណោមបេក្ខភាពឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលសមាគមទាំងអស់នោះរួមមានទី១ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកក្រុមហ៊ុន Vtrust Property Co.,Ltd ទី២ លោកស្រី គ្រេស រចនីហ្វុង នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Realty Affiliates Co.,Ltd ទី៣ លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Fortuna Investment Co.,:td ទី៤ លោក ឌិត ចាន់ណា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Lucky Realty Co.,Ltd ទី៥ លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងវាយតម្លៃ CAMTOP Property Group Co.,Ltd និងទី៦ លោក លឹម សុជាតិ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Realtor 168 Co.,Ltd ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អាណត្តិទី៧ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលក្នុងអាណត្តិថ្មីនេះ នឹងត្រូវបានរៀបចំឡើងដោយមិនមានការជួបជុំលើសគ្នាពី២០នាក់នោះទេ ពោលគឺបោះឆ្នោតម្តងមួយៗតាមរយៈហឹបឆ្នោតស្ថិតនៅចំពោះមុខគណៈកម្មការនៃការរៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ដោយរក្សាគម្លាត និងអនាម័យទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការជំងឺឆ្លងកូវីដ១៩ដែលកំពុងប្រឈម។
ដោយឡែកចំពោះការឃោសនា និងដំណើរការនៃកម្មវិធីត្រូវធ្វើឡើងតាមរយៈកម្មវិធី Zoom ដែលការបោះឆ្នោតនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាចនៅអគ្គលេខធិកាដ្ឋានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អាគារលេខ៥០ ជាន់ទី៣ ផ្លូវលេខ៥១៦ កែងនឹងផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕