សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
បច្ចុប្បន្នយើងសង្កេតឃើញថា យុវជនខ្មែរភាគច្រើនបានងាកមកចាប់អារម្មណ៍ជាមួយការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាជាងទៅធ្វើជាបុគ្គលិកក្រុមហ៊ុនឬអង្គការនានា។ ទន្ទឹមជាមួយនឹងប្រទេសកំពុងតែរីកចម្រើនទៅលើវិស័យសេដ្ឋកិច្ច និងទីផ្សារទើបជាហេតុធ្វើឲ្យសហគ្រិនតូច ធំត្រូវខិតខំពង្រឹងយុទ្ធសាស្ត្រផ្សេងៗរបស់ខ្លួន ដើម្បីទ្រទ្រង់អាជីវកម្មឲ្យនៅតែរីកចម្រើនជារៀងរហូត។ យ៉ាងណាមិញប្រសិនបើយើងក្រឡេកទៅមើលពីម្ចាស់អាជីវកម្មវិញ ភាគច្រើនគឺជាសហគ្រិនវ័យក្មេងជំនាន់ក្រោយដែលមានគំនិតច្នៃប្រឌិតថ្មី និងពោរពេញទៅដោយកម្លាំងថាមពលក្នុងការដោះស្រាយបញ្ហា។ ដូច្នេះតើមានកត្តាអ្វីខ្លះដែលជម្រុញឲ្យចង់ចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង?
១. ការផ្ដល់ឱកាសឲ្យខ្លួនឯង
មនុស្សម្នាក់ៗមិនមែនសុទ្ធតែមានឱកាសដើម្បីសម្រេចបាននូវអ្វីៗដែលខ្លួនប្រាថ្នាចង់បានដោយងាយៗនោះទេវាអាស្រ័យទៅលើថាតើពួកគាត់ផ្ដល់ឱកាសឲ្យខ្លួនឯង ហើយឈានជើងដើរចូលប្រឡូកជាមួយវិស័យអាជីវកម្មបានហើយឬនៅ? យ៉ាងណាមិញការផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងអាជីវកម្មថ្មីក៏មានកត្តាជាច្រើនដែលបណ្ដាលឲ្យយើងដើរទៅមុខបាននោះគឺខ្លួនឯង គ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន។
២.មានភាពជាអ្នកដឹកនាំស្រាប់
អាចនិយាយបានថាជាជំនាញ នឹងចំណងរបស់មនុស្ស អ្នកខ្លះមានចំណងចង់ធ្វើការជាបុគ្គលិកអ្នកខ្លះចង់បើកមុខបបរកសុី ហើយអ្នកខ្លះចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនអាស្រ័យទៅតាមលទ្ធភាពរបស់ពួកគាត់។ រីឯការសាកល្បងសមត្ថភាពក៏ អាស្រ័យទៅលើទិចនិចក្នុងខ្លួនពួកគាត់ដែរ។ ហើយថាតើមានបទពិសោធន៍ធ្លាប់ ដឹកនាំពីមុនមករឺអត់ ពីព្រោះ ការសម្រេចនូវរឿងជោគជ័យនីមួយៗតែងតែមានបទពិសោធន៍ជាប់ដិតដាម នៅក្នុងការស្រមើស្រមៃរបស់មនុស្ស។
៣.ភាពក្លាហានរបស់បុគ្គល
សម្រាប់យុវជនសម័យឥឡូវមិនថាប្រុស រឺ ស្រី អ្នកណាក៏អាចបង្កើតគម្រោងអាជីវកម្មថ្មីជារបស់ខ្លួនឯងបានភាពជាម្ចាស់ការរបស់ខ្លួនឯង ដែលតម្រូវឲ្យមានភាពម៉ត់ចត់ទៅលើការងារខ្ពស់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយហើយត្រូវប្រាកដជានិច្ចថាអាចដោះស្រាយដោយសន្តិវិធី។ កត្តាសេរីភាព នឹងភាពក្លាហានបែបនេះហើយទើបមានការបង្កើតទៅជាដៃគូមុខជំនួញទាំងប្រុសទាំងស្រី ដោយមិនមានការភ័យខ្លាចច្រើនរួមផ្សំជាមួយនឹងស្មារតីដ៏អង់អាច។
៤.ចង់ធ្វើអ្វីដែលជារបស់ខ្លួនឯង
ក្នុងនាមជាម្ចាស់អាជីវកម្មនីមួយៗវាមិនមែនជារឿងងាយស្រួលនោះទេ។ ហេតុដូច្នេះយើងតែងតែសង្កេតឃើញថាម្ចាស់អាជីវកម្មវ័យក្មេងភាគច្រើន ពួកគេមានដើមទុនក្នុងខ្លួនដែលមានភាពជាអ្នកដឹកនាំតម្រង់ទិសដៅខ្លួន និងក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើន និងរឹងមាំជារៀងរាល់។
៥.កំណើនអ្នករៀនជំនាញជំនួញច្រើន
បើតាមការសង្កេតយុវវ័យខ្មែរជំនាន់នេះគាត់មានចំណងទៅលើមុខជំនួញច្រើនហេតុនេះទើបពួកគាត់ខិតខំរៀនជំនាញនេះ ដោយសង្កេតទៅលើទីផ្សារក្នុងក៏ដូចជាក្រៅស្រុក កំពុងតែលូតលាស់ស្របពេលដែលប្រទេសកម្ពុជាកំពុងតែពង្រឹងខ្លួនឈរលើឆាកអន្តរជាតិយុវជនមួយចំនួនមានការចាប់អារម្មណ៍ខ្ពស់ទៅលើ ការបង្កើតគម្រោងអាជីវកម្មឯកជន ហើយសម្រាប់ការបង្កើតអាជីវកម្មនាសម័យនេះ ក៏មិនសូវជាខ្វះខាតការបណ្ដាក់ទុនប៉ុន្មានទេ ដោយសារបច្ចុប្បន្នមានគ្រឹះស្ថានជាច្រើនដែលបង្កើតឡើងដើម្បីឲ្យយើងធ្វើការចាប់ដៃគូធ្វើជំនួញជាច្រើនជាមួយគ្នា។
ជារួមមកសម្រាប់ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាយានមួយដែលជួយដឹកនាំជីវិតនិងរៀនអំពីអ្វីដែលចង់ដឹងចង់បាន ការសម្រេចក្ដីស្រមៃរបស់ខ្លួនហើយអាចបង្កើតភាពជោគជ័យឲ្យខ្លួនឯង៕