គួរកំណត់សីតុណ្ហភាពទូទឹកកកកម្រិតណាដើម្បីរក្សាគុណភាពបន្លែ និងសាច់បានល្អ

ការរក្សាទុកម្ហូបអាហារឱ្យនៅល្អបានយូរ គឺជារឿងដ៏ឈឺក្បាលមួយទោះបីមានទូទឹកកកក៏ដោយ។ អ្នកអាចនឹងពិបាកក្នុងការដឹងថាតើអាហារប្រភេទណាដែលគួររក្សាទុកនៅកន្លែងត្រជាក់ខ្លាំង ហើយដើម្បីប្រាកដថាវានៅតែមានសុវត្ថិភាពក្នុងការយកចម្អិន ឬយកមកញ៉ាំវិញឱ្យនៅស្រស់ៗមិនខូចគុណភាព។ កំហុសមួយក្នុងចំណោមកំហុសធំៗដែលស្ត្រីមេផ្ទះ ឬអ្នកប្រើទូទឹកកកតែងធ្វើដោយមិនដឹងខ្លួនគឺការមិនកំណត់សីតុណ្ហភាពទូទឹកកកឱ្យបានត្រឹមត្រូវ។

ជាធម្មតាទូទឹកកកដែលទិញមក ខាងរោងចក្របានកំណត់សីតុណ្ហភាពរួចស្រេចមកហើយ ប៉ុន្តែវាក៏មិនប្រាកដថាត្រឹមត្រូវបានគ្រប់កាលៈទេសៈដែរ។ 

ហេតុនេះហើយទើបនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) បានណែនាំឱ្យអ្នកប្រើប្រាស់ សាកល្បងសីតុណ្ហភាពទូទឹកកករបស់អ្នកបាន ដោយដាក់ទឹកមួយកែវក្នុងទូ ហើយដាក់ទែម៉ូម៉ែត្រក្នុងកែវទឹកនោះ។ ទុកវាចោលប្រមាណពី៥ទៅ៨ម៉ោង។ 

ពេលយកចេញមកវិញ វាគួរតែមានកម្រិតត្រឹម ៣៨ ទៅ៤០ដឺក្រេទើបជាសីតុណ្ហភាពល្អសម្រាប់ទូរបស់អ្នក។ តែប្រសិនបើអត់ទេ អ្នកចាំបាច់ត្រូវសារ៉េសីតុណ្ហភាពទូរបស់អ្នក និងតេស្តវាម្ដងទៀត។

ក្រោយអ្នកអាចកំណត់សីតុណ្ហភាពទូទឹកកករបស់អ្នកបានត្រឹមត្រូវហើយ អ្នកក៏ត្រូវដឹងតិចនិកប្រើប្រាស់ដើម្បីរក្សាគុណភាពបន្លែ និងសាច់របស់អ្នកមិនឱ្យបាត់បង់គុណភាព ក៏ដូចជាស៊ីភ្លើងខ្លាំងផងដែរ។ 

ពិនិត្យមើលជ័រទន់ៗដែលជប់នៅជុំវិញទ្វារទូ

ជ័រទន់ៗដែលធ្វើឡើងដើម្បីជប់ទ្វារទូកុំឱ្យរបើកគឺជាចំណុចសំខាន់មួយដើម្បីរក្សាភាពត្រជាក់របស់ទូកុំឱ្យភាយចេញក្រៅ។ ប្រសិនបើជ័រទន់នោះដាច់រហែក ឬសឹក របក នោះវានឹងធ្វើឱ្យសីតុណ្ហភាពសាយភាយចេញមកក្រៅ ដែលធ្វើឱ្យកម្លាំងទូទឹកកករបស់អ្នកត្រូវប្រឹងខ្លាំង និងបណ្ដាលឱ្យស៊ីភ្លើង ថែមទាំងមិនអាចរក្សាគុណភាពរបស់របរដែលផ្ទុកក្នុងទូនោះបានល្អទៀត។ 

កុំឧស្សាហ៍បើកទ្វារទូទឹកកកញឹកញាប់ពេក

តើអ្នកដឹងទេ? រាល់ពេលបើកទ្វារទឹកកកម្ដងៗ គឺអ្នកបានធ្វើឱ្យភាពត្រជាក់របស់វាភាយចេញមកក្រៅ ហើយទាញយកខ្យល់ក្ដៅពីខាងក្រៅចូលទៅក្នុងវិញ។ ដូច្នេះ អ្នកគួរបើកទូទឹកកកតែពេលណាចាំបាច់ ដោយកុំបើកចំហរទ្វារទូយូរពេក រួចបិទទៅវិញថ្នមដើម្បីឱ្យទូរបស់អ្នកប្រើប្រាស់បានយូរ មិនឆាប់ខូច។

ដាក់របស់ចូលឱ្យពេញទូ

អ្វីដែលទូទឹកកកពេញចិត្តបំផុតគឺនៅពេលមានរបស់នៅពេញណែនក្នុងខ្លួនរបស់វា។ សីតុណ្ហភាពក្នុងទូទឹកកកនឹងអាចនៅត្រជាក់បានយូរ និងអាចរក្សាគុណភាពអាហារបានល្អបំផុត ប្រសិនបើឃ្លុបនីមួយៗមានរបស់ពេញ ប៉ុន្តែមិនមែនដាក់បញ្ជ្រៀត ឬសង្កត់គ្នានោះទេ ព្រោះវាបែរជាធ្វើឱ្យអាហារ ឬរបស់ដែលអ្នកដាក់នោះទៅជាខូចទ្រង់ទ្រាយ ឬឡើងជាំ បែកជាដើម។​ ហេតុនេះ អ្នកត្រូវប្រាកដថារបស់ដែលអ្នកបានរៀបចំចូលទូមានសណ្ដាប់ធ្នាប់ និងមានប្រហោងសម្រាប់ខ្យល់ចេញចូលបាន រួមជាមួយសីតុណ្ហភាពដែលគួរកំណត់ឱ្យបានត្រឹមត្រូវដូចបង្ហាញជូនខាងលើ៕