ចំណុចសំខាន់ៗគួរដឹង មុនសម្រេចចិត្តបើកហាងកាហ្វេ

ហាង ឬតូបកាហ្វេគឺជាអាជីវកម្មដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយនេះច្រើននាក់ណាស់ដែរដែលបានបរាជ័យ មិនអាចឈរជើងបានយូរឬទប់ទល់ចំណាយបាន។ ដូច្នេះដើម្បីបើករបរមួយនេះបានជោគជ័យ ឬទទួលបានការគាំទ្របានយូរអង្វែង អ្នកគួរយល់ដឹងចំណុចសំខាន់ៗខាងក្រោមសិន មុនសម្រេចចិត្តថាគួរបើករកស៊ីឬក៏អត់។

១. ផែនការអាជីវកម្ម

ដើម្បីចាប់ផ្ដើមអាជីវកម្មបានល្អ អ្នកចាំបាច់ត្រូវតែមានផែនការនិងគោលដៅច្បាស់លាស់ជាមុនសិន។ អ្វីដែលអ្នកគួររាប់បញ្ចូលនូវចំណុចធំៗដូចជា យុទ្ធសាស្ត្រធ្វើទីផ្សារ ហរិញ្ញវត្ថុ និងប្រតិបត្តិការជាដើម។ បន្ទាប់ពីមានផែនការអាជីវកម្មរួចរាល់ហើយអ្នកអាចដឹងថាគួរចាប់ផ្ដើមពីផ្នែកណាទៅមុន និងដឹងពីដំណាក់កាលនីមួយៗដើម្បីសម្រេចគោលដៅនៃអាជីវកម្មហាងកាហ្វេរបស់អ្នក។

២. ទីតាំង

មុននឹងសម្រេចចិត្តជ្រើសរើសទីតាំងបានអ្នកគួរឆ្លើយសំណួរមួយនេះសិន។ តើអតិថិជនគោលដៅរបស់អ្នកជាអ្នកណា? ប្រសិនបើអតិថិជនរបស់អ្នកជាសិស្សនិស្សិត អ៊ីចឹងហាងកាហ្វេរបស់អ្នកគួរតែនៅម្ដុំតំបន់ដែលមានចរាចរណ៍អ៊ូអរ ដូចជាបណ្ណាល័យឬកន្លែងរៀនជាដើម។ ប្រសិនបើគោលដៅរបស់អ្នកជាអ្នកធ្វើការគួរពិចារណាទីតាំងដែលនៅក្បែរកន្លែងធ្វើការដែលបុគ្គលិកទាំងនោះអាចដើរមកបានដោយមិនចាំបាច់ពិបាកជិះឆ្ងាយ រកកន្លែងចតរញ៉េរញ៉ៃ។ ទោះយ៉ាងណា ក៏កំណត់ទីតាំងសម្រាប់បើកហាងគឺមិនមែនគិតភ្លាមរើសបានត្រូវភ្លាមនោះទេ។ អ្នកត្រូវការពេល និងស្រាវជ្រាវឱ្យបានច្រើនដើម្បីប្រៀបធៀបថា តើទីតាំងណាខ្លះដែលនឹងមានសន្ទុះខ្លាំង។

៣. ដើមទុន

ការស្វែងរកប្រភពទុនដើម្បីចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកអាចជារឿងពិបាក។ ដូច្នេះហើយ អ្នកគួរចាប់ផ្ដើមសន្សំប្រាក់ ហោចណាស់ឱ្យបាន៣០% ឬ៤០%ជាមុនសិនទើបជាការប្រសើរ។ ជាក់ស្ដែង អាជីវកម្មប្រភេទStart up ភាគច្រើន​មិនងាយអាចរកប្រាក់ចំណេញបានឡើយសម្រាប់៦ខែដំបូង ហើយអាជីវកម្មខ្លះត្រូវការចំណាយពេលដល់ទៅ១ឆ្នាំក៏មាន។ ដូច្នេះត្រូវប្រាកដក្នុងចិត្តថាអ្នកបានរៀបចំផែនការបានល្អ និងមានប្រាក់សាគួរខ្លះដើម្បីទប់ការចំណាយ រួមទាំងពេលវេលានិងកម្លាំងកាយចិត្តរបស់អ្នកក្នុងអំឡុងពេលនេះ។

៤. គ្រាប់កាហ្វេ

គ្រឿងសំខាន់សម្រាប់ហាងរបស់អ្នកគឺគ្រាប់កាហ្វេនេះហើយ។ ចំណែកភេសជ្ជៈផ្សេងទៀតគឺជាមីនុយបន្ទាប់បន្សំប៉ុណ្ណោះដោយសារតែឈ្មោះ និងប្រភេទហាងរបស់អ្នកគឺផ្ដោតលើកាហ្វេ។ ប្រសិនបើអ្នកចេញរកស៊ីក្រោយគេអ្នកត្រូវតែមានអ្វីដែលពិសេសពីគេ ដើម្បីឱ្យអតិថិជនចងចាំយីហោរបស់អ្នក។ គួរជ្រើសរើសកាហ្វេដែលល្អ ទោះជាថ្លៃបន្តិច ព្រោះប្រសិនបើអ្នករិះថាំរឿងថ្លៃចំណាយហើយយកកាហ្វេមិនល្អ វានឹងប៉ះពាល់ដល់អាជីវកម្មរបស់អ្នកក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះ។

៥. ឡូហ្គូ (Logo)

សំណួរមួយទៀតគឺថាតើអ្នកចង់ឱ្យយីហោរបស់អ្នកលេចរូបរាងបែបណា ចង់បានអក្សរអ្វីខ្លះ ពណ៌បែបណា សណ្ឋានបែបណា? រសជាតិនិងគុណភាពគឺជាអ្វីដែលអតិថិជននឹងចងចាំអ្នក ប៉ុន្តែ Logo ក៏នឹងជួយឱ្យពួកគេនឹកឃើញដល់អ្នកផងដែរ។ អ្នកគួរបង្កើតយីហោដែលជារបស់ផ្ទាល់ខ្លួនជៀសវាងលួចគំនិតពីអ្នកដទៃ ព្រោះវាជាមុខមាត់នៃអាជីវកម្មរបស់អ្នក។

៦. ការធ្វើទីផ្សារ

ដើម្បីឱ្យយីហោរបស់អ្នកបានដឹងទៅដល់ត្រចៀកអតិថិជនអ្នកត្រូវការយុទ្ធសាស្ត្រទីផ្សារជាចាំបាច់។ ចាប់ផ្ដើមដោយបង្កើតទំព័របណ្ដាញសង្គម និងបង្ហោះព័ត៌មានទាក់ទងនឹងអាជីវកម្ម ឬផលិតរបស់អ្នកឱ្យបានញឹកញាប់ និងសកម្ម។ កុំភ្លេចដាក់លេខទាក់ទង និងអាសយដ្ឋានដើម្បីឱ្យអតិថិជនងាយស្រួលទាក់ទង។ ដូចគ្នាដែរ អ្នកគួរចូលរួមក្នុងទីផ្សារឬកម្មវិធីពិព័រណ៍ក្នុងស្រុកជាដើមដើម្បីបង្ហាញវត្តមានឱ្យអតិថិជនដឹងថា អ្នកកំពុងត្រៀមខ្លួនប្រយុទ្ធក្នុងទីផ្សារកាហ្វេនេះ។

៧.អត់ធ្មត់

ដូចដឹងស្រាប់ហើយការចាប់ផ្ដើមអាជីវកម្មមួយមិនមែនត្រឹមមួយយប់អាចរួចរាល់ និងជោគជ័យនោះទេ។ វាត្រូវការពេលវេលាថាមពល និងហិរញ្ញវត្ថុច្រើនដើម្បីឱ្យវាដើរទៅមុខ មិននៅស្ងៀមទ្រឹង។ ដូច្នេះអ្នកអាចចាប់ផ្ដើមដោយសុំការគាំទ្រពីសាច់ញាតិគ្រួសារនិងមិត្តភ័ក្ដិដើម្បីណែនាំបន្តគ្នាពីយីហោ និងរសជាតិកាហ្វេរបស់អ្នក៕