សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ពាណិជ្ជករនិងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមានគ្រឹះស្ថានរបស់ខ្លួនសាខា បុត្រសម្ព័ន្ធ ឬភ្នាក់ងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីពាណិជ្ជកម្មលើកលែងតែពាណិជ្ជករដែលមិនជាប់ពន្ធលើប្រាក់ចំណេញ។
អត្ថប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនឯកជននឹងទទួលបាននូវ នីតិបុគ្គលស្របច្បាប់ លិខិតគតិយុត្តិ, បង្កើននូវសេចក្តីទុកចិត្តរវាងដៃគូ ធ្វើពាណិជ្ជកម្ម, ទទួលបានការការពារផ្លូវច្បាប់ នៅពេលមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬទំនាស់ពាណិជ្ជកម្មណាមួយ, ទទួលបានឯកសារស្របច្បាប់ ក្នុងការប្រើប្រាស់ផ្សេងៗ ទទួលបានកិត្តិនាមល្អនៅពេលប្រកអាជីវកម្ម។
ការចុះបញ្ជីពាណិជ្ជកម្ម នាំឲ្យក្រុមហ៊ុនមានសមត្ថភាព និងសិទ្ធិអ្វីខ្លះ? ការចុះបញ្ជីពាណិជ្ជកម្ម គឺធ្វើឱ្យអង្គភាពប្រកបអាជីវកម្មដែលស្វែងរកចំណេញមួយ ទទួលបាននីតិបុគ្គលស្របច្បាប់, ជាម្ចាស់លើចលននិងអចលនទ្រព្យក្នុងនាមក្រុមហ៊ុន, ធ្វើពាណិជ្ជកិច្ចក្នុងនាមក្រុមហ៊ុន, ចុះកិច្ចសន្យាក្នុងនាមក្រុមហ៊ុន, ប្តឹងឬត្រូវគេប្តឹងក្នុងនាមក្រុមហ៊ុន។
សម្រាប់ឯកសារភ្ជាប់ដែលតម្រូវឲ្យមានដូចជា៖ ពាក្យសុំចុះបញ្ជី(Form) មានគំរូ, លក្ខន្តិកៈ(ចំពោះក្រុមហ៊ុន)មានគំរូ. កិច្ចព្រមព្រៀង(ចំពោះក្រុមហ៊ុនសហកម្មសិទ្ធិ), អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុន ឬអ្នកតំណាង. ឯកសារចុះបញ្ជីរបស់ក្រុមហ៊ុនមេ(ម្ចាស់ហ៊ុនជានីតិបុគ្គល), លិខិតតែងតាំង(ជាអ្នកតំណាងឬនាយកសាខា ឬការិយាល័យតំណាង), រូបថតទំហំ៤X៦=៣សន្លឹក(ម្ចាស់ហ៊ុនឬអ្នកតំណាង)៕