ជា ចរិយា ចាប់ផ្ដើមជំនួញជាថ្មី ក្នុងវិស័យ បច្ចេកវិទ្យា ទោះធា្លប់បរាជ័យពីមុន

ជា ចរិយា អ្នកជំនួញ​ស្រ្តីវ័យក្មេងក្នុង​វិស័យបច្ចេកវិទ្យា៖ ធ្វើការ​យក ​បទ​ពិសោធន៍ អោយ​បាន​ច្រើន​មុន​ប្រឡូក​ក្នុងការរកស៊ី

មាន​សម្បុ​រ ស ​និង មុខ​មាត់​កូន​​កាត់​ចិនកញ្ញា ជា​ ច​រិយា​ អា​យុ  ​២៥​ឆ្នាំ និងជានិស្សិតដែលធ្លាប់បានរៀន ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាខាងផ្នែកព័ត៌មានវិទ្យា នៅសាធារណរដ្ឋកូរ៉េ បាន​ចាក​ចេញ​ពីតំណែង​​​នៅក្រុម​ហ៊ុនដែល​ផ្តល់ប្រាក់​ចំណូលខ្ពស់មួយ ដើម្បីចាប់​ផ្តើម​​អាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា ឈ្មោះថា Inooverដោយ​ខ្លួន​ឯង​។

យុវតី ចរិយា បានចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារ តាំងពីរៀនក្នុងថា្នក់ទី១០ ដោយធ្វើជា អ្នកលក់ និងទីផ្សារឱ្យក្រុមហ៊ុនទស្សនាវដ្ដីក្នុងស្រុកមួយ ខណៈដែលស្ថានភាពគ្រួសារ ចរិយា បានធ្លាក់ក្នុងវិបត្តិ ព្រោះឪពុកដែលជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារទាំងស្រុង បាន​បាត់បង់ការងារ ក្នុងឆ្នាំ ២០០១ ។

កញ្ញាបានលើកឡើង​ថា៖ “និយាយទៅពេលនោះ​ ខ្ញុំអត់មានលុយ ហើយ​ប៉ា​ក៏បាត់បង់ការងារ នៅ​ធានាគារទៀតរីឯបងប្អូនទាំងអស់ សុទ្ធតែនៅរៀន។​ ពេល​ខ្លះ សឹងតែ​អត់​មាន​បាយ​ហូបផង ចឹង​​ដើម្បីរកអ្វីមកចិញ្ចឹមក្រពះបានខ្ញុំមានតែចេញធ្វើការ ទោះបីជារាងក្មេងក៏ដោយ។”

ការចាប់ផ្តើមអាជីវកម្មដំបូងនិង​ ការបរាជ័យ

បន្ទាប់ពីបញ្ចប់ ការសិក្សាមធ្យមសិក្សាទុតិយភូមិកញ្ញា ចរិយា​ បាន​ចូលរៀន ​​ជំនាញគណនេយ្យ អស់រយៈពេលមួយឆ្នាំ។  បន្ទាប់មកទៀត កញ្ញា ក៏បាន​ផ្លាស់​មក​រៀន ​មុខជំនាញផ្នែក​ប្រព័ន្ធផ្សព្វផ្សាយនាឆ្នាំ​បន្ទាប់​វិញ ​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

ដោយមាន​​ចំណង់ចំណូលចិត្ត​​ធ្វើ​ជំនួញតាំង​ពី​រៀន​វិទ្យា​ល័យ​ និងក្នុងខណៈពេល កញ្ញា ចរិយា​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យា​ល័យ​នៅឆ្នាំ​ទី២​ ឫ ទី៣​ និង​ បានរៀន​ចេះជំនាញ​ផ្នែក​ផលិត​ខ្សែ​វីដេអូ​ខ្លះៗកញ្ញា ក៏បាន​​ប្រ​មូល​​មិត្ត​​ភក្តិ ​​ដែល​​រៀ​ន​​​ក្នុងថ្នាក់ជា​មួយ​​គ្នា ​​ជា​​ក្រុម​​មួយ​ដើម្បី​បង្កើត​អា​ជីវ​កម្ម​តូចមួយ ដែល​ផ្តល់​សេវា​កម្ម​ ការផលិត​វីដេអូ។​

ជានិស្សិតផង និងចាប់ផ្តើមរកស៊ីដំបូងផងកញ្ញាបានរៀបរាប់ ពីឧបសគ្គនិងការបរាជ័យ ក្នុង​អា​ជីវកម្ម​មួយនេះ​ថា “ការរកស៊ីដំបូងនេះ គឺវាមិនអាចដំណើរការបានទេ ដោយសារ​សមាជិក​ក្នុងក្រុមទាំងអស់​មិនមា​នការ​តាំងចិត្ត​ខ្ពស់ដូចរូបខ្ញុំ ពីព្រោះ​ខ្ញុំ​ស្រលាញ់​ ការរកស៊ីតាំងពី​តូចមក​ហើយ​ចឹង ខ្ញុំ​មានការតាំងចិត្តបានល្អ​។ អាជីវកម្ម​បើ​មាន​តែ​ម្នាក់​ប្រឹង​នោះ​មិនអាច​ទៅរួចឡើយ។”

ធើ្វការ​យក​បទពិសោធន៍សិនទើ​បចាប់​ផ្តើម​អាជីវកម្ម​សារជាថ្មី

លុះ​រៀនចប់​ថ្នាក់​ឧត្តម​សិក្សាកញ្ញា ចរិយា ​មិន​បាន​សំរេច​ចិត្តចាប់​ផ្តើម​អា​ជីវកម្ម​ភ្លាម​នោះ​ទេ ពោល​គឺ​កញ្ញា​ ចង់​​ចូលប្រឡូក ក្នុង​វិស័យ​ការ​ងារ​សិន​។​ គ្រានោះ​ កញ្ញា​ មាន​គោល​​បំណង ​តែ​មួយគត់​បន្ទាប់​ពី​បាន​ការងារ​គឺ​កាទទួលបាន​​តំណែង ​ជា​អ្នក​គ្រប់​គ្រងនៅ​ក្រុមហ៊ុន​ធំ​មួយ។​

ធ្វើការ​មិនបាន​មួយ​ឆ្នាំផង​កញ្ញា​ ចរិយា​ បាន​ផ្លាស់​ប្តូរ​កន្លែង​ការងារថ្មីមួយទៀត ដែល​ទទួល​ដំណែងខ្ពស់ដូច​បំណងមែន។​ទន្ទឹមគ្នា​នោះ​ដែរ​ កញ្ញា​ ក៏បាន​ឆ្លៀត​ពេល​ក្រៅ​ពី​ម៉ោង​ការងារ​ យក​ទៅចាប់​ផ្តើម​ដំណើរ​កា​រ​អាជីវកម្មថ្មីម្តងទៀត​។ ប៉ុន្តែ មិនដល់​បី​ខែ​ផង​កញ្ញា​ ចរិយា​ បាន​រៀបចំ ​ក្រុម​ហ៊ុន​អោយ​មាន​ដំណើរ​ការ​បាន​​យ៉ា​ង​ល្អ​ដោយ​បាន​ទទួល​គម្រោ​ង ​ជាច្រើនពីអតិជន​ ដែល​អាច​ជួយផ្គត់​ផ្គង់ ​ការ​ចំណាយ​ទាំង​ស្រុងនៅ​ក្នុង​ក្រុមហ៊ុនបាន​។

​មេរៀនដ៏ល្អបំផុត​ដែល​កញ្ញាបានទទួល ពីអាជីវកម្មថ្មីនេះ​គឺ៖​«​ការ​រកដៃគូរ​សហការ ​ដែល​មានការតាំងចិត្តខ្ពស់​ និង​មាន​ជំនាញផ្សេង​ពី​ខ្លួន​ពីព្រោះ​ អ្នក​ទាំង​ពីរ​ អាច​ជួយ​បំ​ពេញ​ចំនុច​ខ្វះ​ខាត ​អោយ​គ្នា​ទៅ​វិញ​ទៅមក​​នៅក្នុងមុខជំនួញបាន»។​ តួយ៉ាង កញ្ញា​បាន​ជួប​ដៃគូ​សហការ​ដ៏ល្អ ដែល​គេ​មាន​ជំនាញយ៉ា​ង​ច្បាស់​ខាង​ផ្នែក​សរសេរ​កូដ និង​កញ្ញា​ផ្ទាល់​ ជាអ្នកទទួល​បន្ទុក ​ផ្នែកប្រតិបត្តិក្នុង​ក្រុមហ៊ុន​ថ្មី​ស្រឡាង​នេះ។

ជាចុងក្រោយ​ កញ្ញា​ចរិយា​ បាន​ផ្តាំ​ផ្ញើ​ទៅ​ដល់សិស្សនិស្សិត ​ដែល​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ថា៖ «កុំប្រញាប់​ប្រញាល់​ធ្វើតាម​គេ មានន័យថា ត្រូ​វ​ខំរៀន​ជំនាញ​ណា​មួយ​អោ​យ​ច្បាស់​និង​ ធ្វើការ​យក​បទ​ពិសោធន៍អោយ​បាន​ច្រើន ​មុន​ប្រឡូក​ក្នុងការ​រកស៊ី»៕

សូមបញ្ជាក់ដែរថាInooverមានផ្តល់​សេវា​កម្មផ្នែក ​​សរសេរកូដ ​កម្មវិធី​ទូរស័ព្ទ និង​តម្លើង​វេបសាយ។ 

អត្ថបទដោយ​ កែវ ធាស្រ៊ុន