អ្នកក្រអាចជាសំណាងល្អជាងអ្នកមាន បើមាន៥ចំនុចនេះជាប់ខ្លួន

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ក្លាយជាអ្នកមាន ​ដោយមានទាំងឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ និងទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់ក្លាយជាអ្នកក្រឡើយ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងលឺរួចមកហើយថា អ្នកមានគឺជាប្រភេទបុគ្គលដែលមានអ្វីៗគ្រប់យ៉ាង មិនថាទាំងមាសប្រាក់លុយកាក់កេរិ៍្តឈ្មោះ​កិត្តិយស​ និងសម្ភារៈនិយមដែលអ្នកក្រគ្មានថ្ងៃអាចធ្វើបាន។

វាមិនខុសនោះទេ​ដែលមនុស្សទូទៅតែងតែគិតបែបនេះ ប៉ុន្តែទន្ទឹមនឹងនេះអ្នកប្រហែលជាមិនដឹងឡើយថា នៅមាន ៥ចំណុចផ្សេងទៀតដែលអ្នកក្រមាន នៅយល់ថាមានសំណាងល្អ​និងពិសេសជាងអ្នកមានទៅទៀត ហើយវាក៏ជារឿងដែលអ្នកមានមួយចំនួន គ្មានថ្ងៃនឹងអាចធ្វើបានទៅវិញផងដែរ។​

១) អ្នកក្រធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង

ជាការពិតណាស់ អ្នកក្រមានសំណាងមួយដោយបានធ្វើអ្វីៗគ្រប់យ៉ាងដោយចេញពីញើសឈាមខ្លួនឯង  ភាគច្រើនគឺមិនសូវពឹងពាក់លើកម្លាំងពលកម្មអ្នកដ៏ទៃនោះទេ។ ទាំងការងារតូចតាច ទាំង​អាហារហូបចុកប្រចាំថ្ងៃ​ភាគច្រើនអ្នកក្រធ្វើដោយខ្លួនឯងខុសពីអ្នកមានមួយចំនួនដែលចូលចិត្តទទួលទានអាហារស្រាប់ៗក្នុងហាងទំនើបឬជួលអ្នកបម្រើក្នុងការចម្អិននៅផ្ទះជាដើម។ នេះមិនមែនមានន័យថា អ្នកមានមិនចេះប្រើកម្លាំងរបស់ខ្លួនឡើយ ដោយត្រូវប្រើពេលដើម្បីធ្វើកិច្ចការសំខាន់ៗជាច្រើនទៀត ពោលគឺមានដែរ​ប៉ុន្តែមានចំនួនតិចណាស់ ដែលពួកគេប្រើកម្លាំងខ្លួនឯង ។

២)អ្នកក្រមានភាពអត់ធ្មត់

អ្នកក្រតែងតែមានភាពអត់ធ្មត់ជាងអ្នកមាន ដោយសារតែអ្នកក្រភាគច្រើនមានទំនងធ្វើការងារដោយប្រើកម្លាំងរបស់ខ្លួនជាជាងខួរក្បាល។ ហេតុដូច្នេះហើយបានជាពួកគេអាចទ្រាំនូវភាពអត់ឃ្លាន ហើយអ្នកក្រអាចបរិភោគអាហារដែលមិនមានរសជាតិឆ្ងាញ់ព្រមទាំងអាចរស់នៅជាមួយស្ថានភាពដែលមិនមានអនាម័យខ្ពស់ដូចជាអ្នកមានបានគ្រប់ពេលវេលា។ ច្បាស់ណាស់ថា អ្នកមានមួយចំនួនប្រាកដជាមិនអាចធ្វើបាននោះទេ ពីព្រោះពួកគេធ្លាប់តែរស់នៅភាពស្រណុកសុខស្រួលនិងបច្ចេកទេសទំនើបៗច្រើនពេក។​

៣) អ្នកក្រមិនសូវគិតច្រើន

អ្នកក្រ​ទោះបីជាមានជីវភាពខ្វះខាត មិនសូវធូរធារ ហូបមិនសូវឆ្ងាញ់ព្រមទាំងរស់នៅខ្វះមុខខ្វះក្រោយក៏ពិតមែន​ប៉ុន្តែពួកគេមិនសូវជាមានការគិតច្រើន ឬខ្វល់ខ្វាយក្នុងចិត្តខ្លាំងពេកពោលគឺឱ្យតែមានអាហារ​ហូបចុក​សម្រាប់តែមួយថ្ងៃៗ​គឺគេងលក់ស្រួលណាស់ទៅហើយ។ ផ្ទុយពីអ្នកមានមួយចំនួនដែលមានការគិតច្រើនពីនេះពីនោះ​ នឹងជួនកាល សូម្បីតែរឿងតូចមួយចំនួនក៏មិនហ៊ានធ្វើដែរព្រោះខ្លាចខ្មាស់គេ ឬខ្លាចប៉ះពាល់ដល់វង្សត្រកូលរបស់ខ្លួន។

៤) អ្នកក្រស្គាល់ពីគុណតម្លៃនៃប្រាក់

ដោយសារតែភាពខ្វះខាត​អ្នកក្រមិនហ៊ានចាយលុយខ្ជះខ្ជាយដូចអ្នកមាននោះទេ ពោលគឺមុននឹងធ្វើការចំណាយទៅលើអ្វីមួយពួកគេមានការគិតពិចារណាយ៉ាងម៉ត់ចត់​ថា របស់ណាគួរទិញ ឬមិនគួរទិញ។ ម៉្យាងវិញទៀតអ្នកក្រភាគច្រើនមិនចំណាយប្រាក់ទៅលើសម្ភារៈនិយម ដែលមិនសូវចាំបាច់ក្នុងការប្រើប្រាស់ប៉ុន្មាននោះទេ។ ខុសពីអ្នកមានដែលចូលចិត្តចំណាយប្រាក់ដ៏ច្រើនលើសលប់ទៅលើសម្ភារៈនិយមផ្សេងៗ ដែលមិនមានការចាំបាច់។ ស្របពេលជាមួយគ្នានេះដែរ អ្នកក្រមានទំនងចូលចិត្តសំន្សប្រាក់ជាង និងមិនសូវចាយលុយមិនថារឿងតូច ឬធំនោះឡើយ។​ 

៥) អ្នកក្រជោគជ័យដោយខ្លួនឯង

ក្នុងភាពពិតជាក់ស្តែងអ្នកក្រតែងតែសម្រេចគ្រប់យ៉ាងដោយកម្លាំងញើសឈាមខ្លួនឯង ដោយមិនពឹងផ្អែកទៅលើទ្រព្យសម្បត្តិ ឬខ្សែបណ្ដាញ ក្នុងការទទួលបានមុខដំណែងល្អ លើសពីសមត្ថភាព នាពេលធ្វើការអោយស្ថាប័នណាមួយឡើយ។ ក្នុងនោះផងដែរ ពួកគេព្យាយាមធ្វើនឹងសាងស្នាដៃដោយខ្លួនឯង បើទោះបីជាស្នាដៃខ្លះមិនជាអស្ចារ្យណាស់ណាក៏ដោយ។

ជាចុងក្រោយបើទោះបីជាអ្នកកើតមកក្រសូមកុំបន្ទោសខ្លួនឯងក្នុងជាតិនេះ ព្រោះថាអ្នកមិនបានខុសអ្វីទេពោលគឺអ្នកនៅមានចំណុល្អៗទាំង ៥ខាងលើនិងមានរឿងជាច្រើនទៀតដែលអ្នកអាចធ្វើបានដូចអ្នកមាន។ ​អ្នកកើតមកក្រ ប៉ុន្តែមិនប្រាកដថា អ្នកនឹងក្រមួយជីវិតនោះទេបើអ្នកខិតខំប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយធ្វើអ្វីមិនខុសច្បាប់សង្គម នោះមិនយូរប៉ុន្មានអ្នកនឹងទទួលបានភាពជោគជ័យ៕