សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ត្រូវបានមនុស្សជាច្រើនស្គាល់ថាជាអ្នកជំនួញវ័យក្មេងម្នាក់ដែលទទលបានភាពជោគជ័យខ្ពស់ មានក្រុមហ៊ុនជាច្រើនកាន់នៅក្នុងដៃ និងកំពុងមានដំណើរការយ៉ាងសកម្មនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ជាមួយនឹងភាពជោគជ័យ និងមានការទទួលស្គាល់ពីសមត្ថភាពនៅពេលនេះ លោកឧកញ៉ាបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនថា សម្រាប់អ្នកដែលធ្វើអាជីវកម្មមានគូប្រកួតប្រជែងច្រើន គឺមិនត្រូវមានអំណួតពេកនោះទេ បើមិនដូច្នោះទេងាយនឹងជួបហានិភ័យបំផុត។
អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group Co,.Ltd លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ដែលជាអ្នកជំនួញជោគជ័យវ័យក្មេងនៅកម្ពុជា បានលើកឡើងថា ជាធម្មតាមនុស្សគ្រប់គ្នាតែងតែចង់បានការជោគជ័យទៅលើកិច្ចការងារ ក៏ដូចជាអាជីវកម្មដែលខ្លួនកំពុងអនុវត្ត។ ប៉ុន្តែត្រូវចាំថា ដើម្បីឱ្យការងារមួយអាចទទួលបានលទ្ធផលល្អ មានអត្រាជោគជ័យខ្ពស់ អ្នកត្រូវតែចេះបត់បែងទៅតាមកាលៈទេសៈ ជាពិសេស ចេះដាក់ខ្លួនគ្រប់ស្ថានការណ៍ និងមិនត្រូវមានអំណួតអួតអាងលើសមត្ថភាពខ្លួនឯងពេកនោះទេ។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ដែលជាសហគ្រិនជោគជ័យវ័យក្មេងនេះបានបញ្ជាក់ថា ការដាក់គោលការណ៍ចំពោះខ្លួនឯងដែលចាកចេញពីភាពអំណួតវាគឺជាការដាស់តឿនស្មារតីយ៉ាងល្អមួយទៅដល់អ្នករកស៊ី និងប្រកបអាជីវកម្មនានា ដែលវាក៏ជាការដាស់តឿនខ្លួនឯងថា បើចង់ជោគជ័យត្រូវតែកុំមានភាពអំណួត លើសពីអ្វីដែលខ្លួនមានឱ្យសោះ បើមិនដូច្នោះទេ វិថីឆ្ពោះទៅរកភាពជោគជ័យមើលមិនឃើញនោះទេ។
លោកថា “ជាក់ស្ដែងដូចរូបខ្ញុំផ្ទាល់ក៏ធ្លាប់បានក្ស័យទុនលើបញ្ហាហិរញ្ញវត្ថុម្ដងដែរ គឺដោយសារតែខ្ញុំមានភាពអំណួតលើអាជីវកម្មរបស់ខ្ញុំ ខ្ញុំមានភាពលោភពេក ជាពិសេសមិនសូវចាប់អារម្មណ៍ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់ពាក្យដាស់តឿននោះឡើយ”។
លោកបន្ថែមថា “ការដាស់តឿនល្អមួយសម្រាប់ខ្លួនឯង ដើម្បីរំលឹកខ្លួនឯង កុំឱ្យដើរលើផ្លូវអំណួតម្ដងទៀត ហើយរាល់ការសម្រេចចិត្តមួយណាក៏ដោយ ត្រូវតែស្ដាប់ឱ្យបានច្រើន ព្រោះថាអ្នកជោគជ័យភាគច្រើន គឺចូលចិត្តស្ដាប់ បន្ទាប់ពីស្ដាប់ពួកគាត់នឹងធ្វើការវិភាគឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ រាល់អាជីវកម្មរបស់ខ្ញុំទាំងអស់ ខ្ញុំតែងតែបង្កើតដោយខ្លួនឯង១០០% ដោយមិនមានការចូលហ៊ុនជាមួយក្រុមហ៊ុនផ្សេងៗឡើយ ហើយមុនសម្រេចចិត្តបង្កើតអ្វីមួយ ខ្ញុំតែងតែគិតពី ៣-៦ ខែ បន្ទាប់ពីគិត និងបង្កើតរួចមក អ្វីដែលត្រូវធ្វើបន្ទាប់គឺការវិធីបង្ការហានីភ័យ និងយុទ្ធសាស្ត្រការឆ្ពោះទៅមុខ ដើម្បីសម្រេចគោលដៅ”។
បច្ចុប្បន្ន លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ គឺជាសហគ្រិនជោគជ័យវ័យក្មេងមួយរូបនៅកម្ពុជា ដោយលោកមានអាជីវកម្មរហូតដល់ជាង១០ប្រភេទ ដែលស្ថិតនៅក្នុងផ្នែកគ្រឿងសំអាង, ម្ហូបអាហារ, កាហ្វេ, និងវិស័យដីធ្លីជាដើម ហើយក្រៅពីនេះ លោកក៏ជាគ្រូបង្វឹកជំនាញខ្លីៗពាក់ព័ន្ធទៅនឹងការបង្កើតម៉ាកសញ្ញាអាជីវកម្ម ក៏ដូចជាការគ្រប់គ្រងអាជីវកម្មនៅកម្ពុជាផងដែរ៕